38 C
Phnom Penh

អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ម្នាក់​ស្លាប់​អំឡុង​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​កូវីដ-១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ជាប់​ឃុំ​ខ្មែរ​សញ្ជាតិ​ជាតិ​អាមេរិក​ម្នាក់​បាន​ស្លាប់​អំឡុង​ពេល​បញ្ជូន​មក​ព្យាបាល​កូវីដ-១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ខណៈ​ជំងឺ​កូវីដ-១៩ កំពុង​ឆ្លង​ចូល​ពន្ធនាគារ​នៅ​តាម​បណ្ដាល​រាជធានី-ខេត្ត។

អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា បាន​ប្រាប់​សារព័ត៌មាន VOD នៅ​ថ្ងៃ​សុក្រ ទី​១១ មិថុនា ថា អ្នក​ជាប់ឃុំ​ដែល​ស្លាប់​នោះ​មាន​អាយុ ៧២​ឆ្នាំ​ជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក។

លោក​បញ្ជាក់​ថា អ្នក​ជាប់ឃុំ​ដែល​មាន​វ័យ ៧២​ឆ្នាំ​រូប​នេះ​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ស្រប​ពេល​ដែល​គាត់​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ទើប​បណ្ដាល​ឱ្យ​ស្លាប់។ អ្នក​ជាប់ឃុំ​ដែល​ស្លាប់ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​នៅ​ខែ​មិថុនា ឆ្នាំ​២០០១ រួម​ជាមួយ​មនុស្ស ២៩​នាក់​ផ្សេង​ទៀត​ដែល​ទទួល​ទោស​ចន្លោះ​ពី ៣​ឆ្នាំ​ដល់​មួយ​ជីវិត។

ជំងឺ​កូវីដ-១៩ បាន​ឆ្លង​លើ​មន្ត្រី​ពន្ធនាគារ និង​អ្នក​ជាប់ឃុំ​ចាប់តាំង​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២១ ក្នុង​នោះ​ពន្ធនាគារ​ព្រៃស​រាជធានី​ភ្នំពេញ ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ខេត្ត​កណ្ដាល កំពង់ស្ពឺ ស្វាយរៀង បន្ទាយមានជ័យ ប៉ៃលិន និង​ខេត្ត​សៀមរាប។

ក្រោយ​ពី​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩ ចូល​ពន្ធនាគារ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ ក្រសួង​មហាផ្ទៃ​បាន​ចេញ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ដោយ​ប្រាប់​ទៅ​អភិបាល​រាជធានី-ខេត្ត​ឱ្យ​យកចិត្ត​ទុកដាក់​សម្របសម្រួល​ជាមួយ​មន្ទីរ​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ផ្តល់​ការ​គាំទ្រ​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ដែល​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ-១៩។

ក្រៅពី​ឱ្យ​យកចិត្ត​ទុកដាក់​ហើយ ក៏​ត្រូវ​ធ្វើ​ការ​ចាត់ចែង​ព្យាបាល​អ្នកជំងឺ រួម​ទាំង​ពង្រឹង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​បន្ថែម​ទៀត។

ដោយឡែក​ចំពោះ​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​ខេត្ត​ដែល​មិនទាន់​ឆ្លង​ជំងឺ​កូវីដ-១៩ ត្រូវ​ពង្រឹង​ការ​អនុវត្ត​វិធានការ​សុខាភិបាល ការ​ធ្វើ​អនាម័យ​ជា​ប្រចាំ​នៅ​តាម​ទីកន្លែង​បំពេញ​ការងារ និង​តាម​បន្ទប់​ឃុំឃាំង​នានា ដោយ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ដោយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែល ការ​វាស់​កម្ដៅ​លើ​មន្ត្រី​អនុរក្ស​ពន្ធនាគារ និង​អ្នក​ជាប់ឃុំ រួម​ទាំង​ពិនិត្យ​សុខភាព​មុន​អនុញ្ញាត​ឱ្យ​ចេញចូល​ពន្ធនាគារ​ជាដើម។

បើ​តាម​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ឱ្យ​ដឹង​ថា អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន​១៨ នៅ​ទូទាំង​ប្រទេស​មាន​ប្រមាណ ៤​ម៉ឺន​នាក់។

កន្លងមក ក្រុម​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ ដែល​ជា​ហានិភ័យ​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ពន្ធនាគារ និង​បាន​ស្នើសុំ​ឱ្យ​មាន​ការ​ដោះលែង​អ្នកទោស​ស្រាលៗ និង​ជន​ជាប់​ឃុំ​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​កាត់ទោស ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស