28 C
Phnom Penh

តុលាការ​នឹង​ប្រកាស​សាលដីកា​អំពី​ភស្តុតាង​របស់​លោក កឹម សុខា នៅ​សប្តាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​នឹង​ប្រកាស​សាលដីកា​ទទួលយក និង​ច្រានចោល​នូវ​ភស្តុតាង​ដែល​ស្នើ​ដាក់​ដោយ​សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ក្នុង​សវនាការ​លើក​ទី​៣៤ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ សប្តាហ៍​ក្រោយ។

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អាង ឧត្តម បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​របស់​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ ថា សាលាដំបូង​រាជធានី​ភ្នំពេញ​អះអាង​ថា ខ្លួន​នឹង​ធ្វើ​សេចក្ដី​សម្រេច​លើ​ការ​ដាក់​ភស្តុតាង​ថ្មី​ដើម្បី​ដោះ​បន្ទុក​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​សប្ដាហ៍​ក្រោយ។ ក្រុម​សហ​មេធាវី​ក៏​ទទូច​ឱ្យ​តុលាការ​បន្ថែម​ថ្ងៃ​បើក​សវនាការ​ឲ្យ​បាន​ញឹកញាប់​ជាង​មុន។

លោក​បន្ថែម​ថា សវនាការ​នៅ​ថ្ងៃ​ទី​១៦ មីនា នេះ បាន​ផ្ដោត​សំខាន់​ទៅលើ​ការ​សន្និដ្ឋាន​ស្ដីពី​ការ​ដាក់​ភស្តុតាង​ថ្មី​ចំនួន​២៨ ដើម្បី​ដោះ​បន្ទុក​លោក កឹម សុខា។

មេធាវី​រូប​នេះ​បាន​លើកឡើង​ចំពោះ​ការ​ពន្យារពេល​សវនាការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​លើក​របស់​តុលាការ តាម​សំណើ​របស់​ដើមបណ្ដឹង​ដែល​ធ្វើឡើង​ដោយ​មិន​សម​ហេតុផល នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​កាត់ក្តី​របស់​កូនក្ដី​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​ការ​អនុវត្ត​ផ្ទុយពី​ការ​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ដែល​ថា​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ត្រូវ​ទៅ​ព្យាបាល ប៉ុន្តែ​ដំណើរការ​ការងារ​នៅតែ​បន្ត​ដោយ​គ្មាន​ការ​អាក់ខាន។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៦ មីនា ថា សវនាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ទី​៣៣ នេះ ហាក់​មាន​ភាព​តានតឹង​លើ​ការ​សន្និដ្ឋាន​ក្នុង​ការ​ដាក់​ភស្តុតាង​ដោះ​បន្ទុក​លោក កឹម សុខា រវាង​មេធាវី​ការពារ​ក្តី​ជនរងគ្រោះ និង​ខាង​ភាគី​ដើមបណ្ដឹង។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស។

ទោះជាយ៉ាងណា​ក៏ដោយ រហូត​មក​ទល់នឹង​ពេលនេះ​មាន​រយៈពេល​ជិត ៥​ឆ្នាំ​ហើយ ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​លោក​មិនទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ខណៈ​តុលាការ​ចេះតែ​បន្ត​សវនាការ​របស់​លោក​ដោយ​ពុំ​មាន​ការ​កំណត់​ពេលវេលា​ជាក់លាក់។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​លើកឡើង​ថា ប្រសិនបើ​សំណុំរឿង​លោក កឹម សុខា ជា​សំណុំរឿង​ស្ថិត​ក្នុង​ការ​ចាត់ចែង​របស់​តុលាការ នោះ​ករណី​នេះ​នឹង​ត្រូវ​បាន​ជំនុំជម្រះ​កាត់​សេចក្តី​រួចស្រេច​ទៅ​ហើយ ប៉ុន្តែ​ករណី​របស់​លោក កឹម សុខា បាន​អូស​បន្លាយ​ពេល​ជំនុំជម្រះ​ក្តី​ជាបន្តបន្ទាប់ ដូច្នេះ​បញ្ហា​នេះ​ត្រូវ​គេ​ដឹង​យ៉ាង​ច្បាស់​ថា គឺជា​រឿង​នយោបាយ​ប៉ុណ្ណោះ។

កាលពី​ចុង​ឆ្នាំ​២០២០ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារពេល​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ចប់​សព្វគ្រប់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស