31 C
Phnom Penh

លោក ហ៊ុន សែន ថា​ប្រធាន​អាស៊ាន​គ្មាន​សិទ្ធិ​កំណត់​កាលបរិច្ឆេទ​ប្រជុំ​អាស៊ាន-អាមេរិក​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្នុង​នាម​ប្រធាន​អាស៊ាន គឺ​លោក​គ្មាន​សិទ្ធិ​កំណត់​កាលបរិច្ឆេទ​ប្រជុំ​អាស៊ាន-អាមេរិក​នោះ​ទេ ដែល​ផ្ទុយពី​ការ​បកស្រាយ​បំភ្លៃ​ការពិត​កន្លងមក​ថា ការ​អាក់ខាន​នៃ​កិច្ចប្រជុំ​ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨-២៩ ខែ​មីនា ខាងមុខ​នេះ មកពី​រូបលោក​មិន​យល់ព្រម។

ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ភូមិ​កុមារ SOS ស្ថិតនៅ​ក្នុង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២ ថា របៀប​ធ្វើការ​របស់​អាស៊ាន​ត្រូវ​បាន​បែងចែក​ឱ្យ​ប្រទេស​នីមួយៗ​ទទួល​ខុសត្រូវ​សម្របសម្រួល​រវាង​អាស៊ាន​ជាមួយ​នឹង​ប្រទេស​ណា​មួយ​ដែល​ទទួល​ខុសត្រូវ។ លោក​បន្ត​ថា ដូចជា​ពេលនេះ ប្រទេស​ដែល​ធ្វើការ​សម្របសម្រួល​រវាង​អាស៊ាន និង​អាមេរិក គឺជា​ប្រទេស​ឥណ្ឌូនេស៊ី ជា​អ្នក​ដើរ​តួនាទី​នេះ។

លោក​បន្ត​ថា សហរដ្ឋ​អាមេរិក​ប្រកាស​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​២៨-២៩ ខែ​មីនា ខាងមុខ​នេះ ប៉ុន្តែ​ប្រទេស​អាស៊ាន​ចំនួន​៤ មិន​អាច​ទៅ​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​នោះ​បាន។ ដូច្នេះ ក៏​មាន​ការ​ស្នើសុំ​ឱ្យ​ប្តូរ​មក​ប្រជុំ​នៅ​ថ្ងៃ​ទី​២៦-២៧ ខែ​មីនា ជំនួស​វិញ។ លោក​បន្ត​ថា ភាគី​សហរដ្ឋ​អាមេរិក​មិន​អាច​ប្រជុំ​នៅ​ថ្ងៃ​នោះ​បាន ដូច្នេះ​ជម្រើស​ដែល​ល្អ​នោះ គឺ​ភាគី​ទាំង​ពីរ​ស្នើ​លើក​ពេលវេលា​ដើម្បី​ធ្វើការ​សម្របសម្រួល​តាម​ក្រោយ​បន្ត​ទៀត។

លោក ហ៊ុន សែន បញ្ជាក់​ថា ប្រធាន​អាស៊ាន​គ្មាន​សិទ្ធិ​កំណត់​កាលបរិច្ឆេទ​ប្រជុំ​អាស៊ាន-អាមេរិក​នេះ​ទេ ត្បិត​ប្រធាន​អាស៊ាន​មាន​សិទ្ធិ​ត្រឹមតែ​បញ្ចេញ​យោបល់​លើ​ការ​សម្របសម្រួល​អំពី​ពេលវេលា ដើម្បី​ឱ្យ​មាន​កុងសង់ស៊ីស​ក្នុង​ចំណោម​អាស៊ាន​ទាំង​១០ ប៉ុណ្ណោះ ចំណែក​អ្នក​ដែល​ត្រូវ​សម្របសម្រួល​ពេលវេលា​ពិតប្រាកដ គឺ​មាន​តែ​ប្រទេស​ឥណ្ឌូនេស៊ី​តែ​មួយ​គត់។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​លើក​ពេល​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ ដែល​គ្រោង​នឹង​ធ្វើ​ចុង​ខែ​មីនា ឆ្នាំ​២០២២ នេះ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ជា​ផ្លូវការ​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នឹង​ធ្វើឡើង​នៅ​សេតវិមាន​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) នៅ​ថ្ងៃ​ទី​២៨ និង ២៩ ចុង​ខែ​មីនា នេះ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ដែល​គ្រោង​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​នា​ថ្ងៃ​ទី​២៨-២៩ ខែ​មីនា នេះ ត្រូវ​បាន​លើក​ពេល​ដោយសារតែ​ថ្នាក់​ដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​ជាប់​រវល់។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ មីនា នេះ​ថា ការ​ផ្អាក​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នេះ គឺជា​ការ​ចង់​បាន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​គាត់​កំពុង​ព្រួយបារម្ភ​នឹង​ការ​ប្រឈម​មុខ​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុង​ការ​សន្យា​អំពី​អព្យាក្រឹតភាព​របស់​ខ្លួន​ចំពោះ​ប្រទេស​មហាអំណាច​មួយ​នេះ។

លោក ម៉ែន ណាត អះអាង​ថា ក្រៅពី​ការ​បញ្ជាក់​ជំហរ​អព្យាក្រឹត​របស់​ខ្លួន សហរដ្ឋ​អាមេរិក​នឹង​សួរ​អំពី​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថែមទៀត។ លើស​ពី​នេះ មេដឹកនាំ​កម្ពុជា​ក៏​ត្រូវ​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ជុំវិញ​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា និង​ការ​ដោះស្រាយ​បញ្ហា​ក្រម​ប្រតិបត្តិ COC ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ។ ដូច្នេះ បញ្ហា​ទាំងនេះ​សុទ្ធសឹងតែ​ជា​បញ្ហា​ប្រឈម​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ មិន​បម្រើ​ផលប្រយោជន៍​ឱ្យ​មហាអំណាច​ណា​មួយ​ក្នុង​នាម​ខ្លួន​ជា​ប្រធាន​អាស៊ាន​នៅ​ពេលនេះ។

កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​អញ្ជើញ​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ឆ្នាំ​២០២២ ឱ្យ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក ក្នុង​នោះ​លោក បៃដិន បាន​លើកឡើង​ក្នុង​លិខិត​នោះ​ថា ក្រោម​ភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​ទំនាក់ទំនង​រវាង​អាស៊ាន និង​អាមេរិក នឹង​កាន់តែ​រីកចម្រើន ហើយ​អាច​បន្ត​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​គោលដៅ​រួម​ទាំងអស់​គ្នា​នៅ​ក្នុង​តំបន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស