38.8 C
Phnom Penh

រដ្ឋាភិបាល​សម្រេច​ឱ្យ​អ្នកដំណើរ​បរទេស​មិន​ចាំបាច់​បង្ហាញ​លទ្ធផល​តេស្ត PCR

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បង្គាប់​ឲ្យ​ក្រសួង​សុខាភិបាល បញ្ឈប់​ការ​តម្រូវ​ឲ្យ​អ្នកដំណើរ​ពី​បរទេស​បង្ហាញ​លទ្ធផល PCR និង​ធ្វើ​តេស្ដ​រហ័ស​ទៀត​នៅ​ពេល​មកដល់​កម្ពុជា ដោយ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​រឿង​នេះ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «ភូមិ​កុមារ SOS ព្រៃវែង» ពី​ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ថា កាលពី​ថ្ងៃ​អង្គារ លោក​បាន​សម្រេច​លើ​បញ្ហា​ចំនួន​៣ ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ចាប់តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា នេះ​តទៅ។

  • ទី​១ អ្នកដំណើរ​ពី​បរទេស​មិន​តម្រូវ​ឱ្យ​ធ្វើ​តេស្ដ PCR រយៈពេល ៧២​ម៉ោង​ទៀត​ទេ។
  • ទី​២ ពេល​មក​ដល់​ព្រលាន​យន្តហោះ មិន​បាច់​ធ្វើ​តេស្ដ​រហ័ស​ទៀត​ទេ។
  • ទី​៣ អ្នកដំណើរ​មិន​ចាំបាច់​យក​ទិដ្ឋាការ​តាម​ប្រទេស​ណា​ទេ គឺ​អាច​យក​ទិដ្ឋាការ​ពេល​មក​ដល់​កម្ពុជា​តែម្ដង។

សេចក្តី​ប្រកាស​ពិសេស​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី​១៧ មីនា បាន​បញ្ជាក់​ថា ទោះបី​មាន​ការ​លុបចោល​លក្ខខណ្ឌ​តម្រូវ​ដូច​មាន​ចែង​ក្នុង​ចំណុច​ទី​១ និង​ទី​២ ខាងលើ​នេះ​ក៏ដោយ ក្រសួង​សុខាភិបាល​សូម​លើក​ទឹកចិត្ត​ដល់​អ្នកដំណើរ​ទាំងអស់ គប្បី​ធ្វើ​តេស្ដ​រហ័ស​ដោយ​ខ្លួនឯង។ ជាមួយ​គ្នា​នេះ អ្នកដំណើរ​ទាំងអស់​ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នៅ​ពេល​មក​ដល់​កម្ពុជា។ ចំពោះ​អ្នកដំណើរ​ដែល​ពុំ​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ពេញលេញ ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ​នៅ​តាម​ទីតាំង​ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ក្រសួង​សុខាភិបាល​អះអាង​ថា តាម​ការ​សង្កេត​របស់​ខ្លួន ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​បន្ត​យកចិត្ត​ទុកដាក់​អនុវត្ត ឬ​ក៏​អនុវត្ត​មិន​បាន​ត្រឹមត្រូវ មិន​បាន​ហ្មត់ចត់ និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ការពារ​ការ​ចម្លង​ជំងឺ​កូវីដ-១៩ នោះ​ទេ ជាពិសេស​ការ​ជួបជុំ​គ្នា​នៅ​តាម​ពិធី​ផ្សេងៗ​មាន​ការ​ខ្វះខាត ឬ​មិន​មាន​ការ​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល​ដែល​ជា​ហានិភ័យ​ខ្ពស់​នៃ​ការ​ចម្លង។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​លើកឡើង​រវាង​ប្រមុខ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ហាក់​នៅ​មិនទាន់​ស៊ី​សង្វាក់​គ្នា​នៅឡើយ។ លោក​បន្ថែម​ថា តាមពិត PCR និង​តេស្ដ​រហ័ស​ជួយ​បាន​ច្រើន​ណាស់ ដែល​កម្ពុជា​មិន​ទាន់​អាច​រំលង​បាន​នៅឡើយ ព្រោះ​វា​ផ្ដល់​ទំនុក​ចិត្ត​ថា អ្នកដំណើរ​ដែល​ចូល​មក​កម្ពុជា​មាន​ភាព​ស្អាតស្អំ​មិន​បាន​នាំ​វីរុស​មក​ចម្លង​ក្នុង​សហគមន៍។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ថ្លែង​ថា ដើម្បី​ទប់ស្កាត់​ជំងឺ​កាច​សាហាវ​នេះ អ្នកស្រី​នៅ​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​អនុវត្ត​វិធានការ​ការពារ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស​នាំគ្នា​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ឬ​ដូស​ទី​៤ ដើម្បី​បង្កើន​ប្រព័ន្ធ​ការពារ​ក្នុង​សព៌ាង្គកាយ​ប្រឆាំង និង​ទប់ទល់​ជំងឺ​កូវីដ-១៩ នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស