ប្រធានគណបក្សកម្ពុជានិយម លើកឡើងថា អាជ្ញាធរកម្ពុជានៅតែមិនព្រមចាត់វិធានការទាក់ទងទៅនឹងការប្រព្រឹត្តបទល្មើសនេសាទទ្រង់ទ្រាយធំនៅបឹងទន្លេសាបពីសំណាក់ជនជាតិវៀតណាម បើទោះបីជាលោក សុខ ទូច បង្ហាញថាពួកគេទាំងនោះកំពុងប្រព្រឹត្តខុសច្បាប់ក៏ដោយ។
ការលើកឡើងរបស់ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឬទ្ធិ លើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច កាលពីពេលថ្មីៗនេះបានបង្ហាញពីបទល្មើសនេសាទទ្រង់ទ្រាយធំនៅបឹងទន្លេសាប ដែលប្រព្រឹត្តខុសច្បាប់ពីសំណាក់ជនជាតិវៀតណាម។ លោក យ៉ែម បុញ្ញឬទ្ធិ បានសរសេរថា កន្លងមក ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញពីការរកឃើញបទល្មើសទន្ទ្រានដីព្រៃលិចទឹកនៅបឹងទន្លេសាបរាប់ម៉ឺនហិកតារ ខណៈថ្មីៗនេះ លោកក៏បង្ហាញពីការរកឃើញបទល្មើសនេសាទទ្រង់ទ្រាយធំនៅបឹងទន្លេសាបទៀត។
លោកបន្តថា បញ្ហាទន្ទ្រានដីព្រៃលិចទឹក និងបទល្មើសនេសាទទ្រង់ទ្រាយធំនៅបឹងទន្លេសាប វាមិនមែនទើបតែកើតឡើងថ្មីៗនេះទេ ហើយក៏មិនមែនជារឿងមានចំនួនតិចតួច ឬមានទំហំតូចតាចដែលអាចយកអ្វីមកបិទបាំងមិនឱ្យដឹង និងមើលឃើញបានទេ។
លោក យ៉ែម បុញ្ញឬទ្ធិ បន្តថា ត្បិតបញ្ហាទាំងពីរនេះបានកើតឡើងយូរហើយក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលមិនបានចាត់វិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពឡើយ។ លោកបានចោទសំណួរថា តើក្រសួង ឬស្ថាប័នពាក់ព័ន្ធនៅទីណា? ធ្វើអ្វី? តើប្រសិទ្ធភាពក្នុងការការពារធនធានធម្មជាតិបឹងទន្លេសាបខ្មែរដែលចិញ្ចឹមខ្មែររាប់លាននាក់ និងជាច្រើនជំនាន់មកនោះ ស្ថិតក្នុងកម្រិតណា? តើវិធានការដោះស្រាយមានកម្រិតណា? តើរដ្ឋាភិបាលអាចធ្វើឲ្យមានតម្លាភាព និងអាចធានាបានទេ នឹងមិនមានរឿងនេះកើតឡើងទៅថ្ងៃអនាគត?
ទោះបីកាលពីចុងឆ្នាំ២០២១ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានបង្ហាញរបាយការណ៍ពីការរកឃើញបទល្មើសទន្ទ្រានដីព្រៃលិចទឹកនៅបឹងទន្លេសាបរាប់ម៉ឺនហិកតារនៅខេត្តកំពង់ធំ ក៏ដោយ ប៉ុន្តែមកដល់ពេលនេះ មិនមានក្រសួងស្ថាប័នរបស់រដ្ឋាភិបាលណាមួយចុះស៊ើបអង្កេតចំពោះភាពមិនប្រក្រតីនេះឡើយ។ ភាពមិនប្រក្រតីនោះ មន្ត្រីជំនាញរបស់រដ្ឋាភិបាលដែលចុះស្រាវជ្រាវ និងស៊ើបអង្កេតបទល្មើសទន្ទ្រានដីព្រៃឈើរកឃើញដីព្រៃលិចទឹកតែជាង ៣ពាន់ហិកតារ ខណៈលោក សុខ ទូច បានរកឃើញជាង ១០ម៉ឺនហិកតារ។
លោក សុខ ទូច មិនត្រឹមតែបង្ហាញពីភាពខុសគ្នារវាងរបាយការណ៍របស់មន្ត្រីដែលចុះស្រាវជ្រាវ និងរបាយការណ៍របស់លោកពាក់ព័ន្ធនឹងរឿងការទន្ទ្រានដីព្រៃលិចទឹកនោះទេ ប៉ុន្តែកាលពីដើមខែមីនា នេះ លោក សុខ ទូច ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក ដោយរិះគន់ទូកនេសាទជនជាតិវៀតណាម ថាពួកគេមិនត្រឹមតែមករស់នៅលើទឹកដីកម្ពុជាទេ ហើយថែមទាំងកម្ទេចត្រីនៅក្នុងបឹងទន្លេសាបរបស់កម្ពុជាថែមទៀតផង។
អំឡុងពេលចុះឃើញជនជាតិវៀតណាមកំពុងប្រើឧបករណ៍ឆក់ត្រជាក់ដើម្បីឆក់ត្រីនោះ លោក សុខ ទូច បានប្រើកាំភ្លើងបាញ់គំរាមជនជាតិវៀតណាមរូបនោះផងដែរ។ លោក សុខ ទូច ចោទថាជនជាតិវៀតណាមទាំងនោះបានប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ និងប្រើប្រាស់ទូកលឿនដើម្បីអូសយកត្រី ទាំងត្រីស្រកា ទាំងត្រីអត់ស្រកា រីឯត្រីតូចៗ ពួកគេប្រើការមិនកើត ពួកគេបានយកទៅធ្វើជាជីថែមទៀត។
យ៉ាងណាក៏ដោយ ត្បិតតែមានការលើកឡើងជាបន្តបន្ទាប់ពីបញ្ហាខាងលើនេះក្ដី ប៉ុន្តែមកដល់ថ្ងៃនេះ រដ្ឋាភិបាលមិនទាន់មានចំណាត់ការចំពោះភាពមិនប្រក្រតី និងវិធានការទប់ស្កាត់អំពីការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ពីសំណាក់ជនជាតិវៀតណាមដែលកំពុងរស់នៅលើទឹកដីកម្ពុជាឡើយ។
បើតាមសហគមន៍រស់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា ជនជាតិវៀតណាមតែងតែប្រើប្រាស់ឧបករណ៍ទំនើបៗខុសច្បាប់ដើម្បីឆក់ត្រីក្នុងបឹងទន្លេសាប ទើបធ្វើឱ្យត្រីនៅទន្លេសាបហិនហោចស្ទើរគ្មានសល់។ ពួកគេនិយាយថា ប្រសិនបើពួកគេត្រូវបានសមត្ថកិច្ច ឬអាជ្ញាធរចាប់បាន នោះពួកគេជាប់ឃុំមិនដល់ ៤៨ម៉ោងនោះទេ ត្រូវប្រធានសមាគមវៀតណាមប្រចាំកម្ពុជាមកធានាខ្លួនពួកគេ។ ករណីនេះហើយទើបបានជាជនជាតិវៀតណាម មិនខ្លាច ហើយបន្តប្រើឧបករណ៍នេសាទខុសច្បាប់កម្ទេចត្រីនៅក្នុងបឹងទន្លេសាបរបស់ខ្មែរបន្តទៀត៕