28 C
Phnom Penh

អ៊ុយក្រែន​ព្រមាន​រុស្ស៊ី​ថា​សង្គ្រាម​លោក​អាច​ជៀស​មិន​រួច​ទេ បើ​រុស្ស៊ី​មិន​បញ្ចប់​សង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន ព្រមាន​ថា បើ​ការ​ចរចា​ជាមួយ​រុស្ស៊ី តែង​ជួប​នូវ​បរាជ័យ គឺជា​ហានិភ័យ​ខ្លាំង​ណាស់​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​៣ ដែល​ទីបំផុត​វា​អាច​ផ្ទុះ​ពេញ​អឺរ៉ុប។

លោក Volodymyr Zelnskiy គឺជា​ប្រធានាធិបតី​អ៊ុយក្រែន ជំនាន់​ក្រោយ​ដែល​អ្នក​នយោបាយ​ក្លាយ​ពី​ជីវិត​ជា​តារា​កំប្លែង នៅ​ពេល​លោក​បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ុយក្រែន ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ ដោយ​បាន​សំឡេង​ជិត ៧៤%។ បុរស​វ័យ ៤៤​ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​សត្រូវ​នឹង​មេដឹកនាំ​ផ្ដាច់ការ​នៅ​រុស្ស៊ី គឺ​លោក វ៉្លាឌីមៀរ ពូទីន។

លោក​បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ថា ក្រោយ​ពី​លោក​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ លោក​ចាប់ផ្ដើម​សុំ​ចរចា​ជាមួយ​លោក ពូទីន អំពី​ដែនដី​ដែល​រុស្ស៊ី ដណ្ដើម​យក ដូចជា​តំបន់​គ្រីមៀរ និង​ការ​ដែល​រុស្ស៊ី គាំទ្រ​កម្លាំង​ទ័ព​អបគមន៍​នៅ​តំបន់​ដុនបាស់ ដែល​លោក​ថា​ជា​ទឹកដី​អ៊ុយក្រែន គឺ​មិន​អាច​ឲ្យ​ទឹកដី​នេះ​ធ្លាក់​នៅ​ក្រោម​រុស្ស៊ី​ឡើយ។ លោក​បាន​ទាមទារ​តំបន់​គ្រីមៀរ មក​វិញ ដែល​ធ្វើ​ឱ្យ​លោក ពូទីន ចិញ្ចឹម​ចិត្ត​ចង​គំនុំ​នឹង​លោក រហូត​ដល់​លោក​បញ្ជា​ទ័ព​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន បង្ក​ឲ្យ​ផ្ទុះ​សង្គ្រាម​ពេញ​ទំហឹង។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN គិត​មក​ដល់​ថ្ងៃ​ទី​២២ ខែ​មីនា គឺ​មាន​រយៈពេល ២៦​ថ្ងៃ​ហើយ​ដែល​សង្គ្រាម​ដ៏​វិនាសកម្ម​បំផុត​នៅ​ប្រទេស​អ៊ុយក្រែន នៅ​បន្ត​ឆាបឆេះ​យ៉ាង​ខ្លាំង។ ក្នុង​រយៈពេល ២៦​ថ្ងៃ​នេះ កំណើន​ជនភៀសខ្លួន​រត់​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ដោយសារតែ​សង្គ្រាម​បាន​កើន​ឡើង​ជិត ៣​លាន ៥​សែន​នាក់​ហើយ គ្រាន់តែ​ប្រទេស​ប៉ូឡូញ​មួយ​មាន​ជនភៀសខ្លួន​រហូត​ដល់​ជាង ២​លាន​នាក់។ នេះ​បើ​យោង​តាម​គេហទំព័រ statista.com បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា។

រហូត​មក​ទល់​ពេលនេះ គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា ជនស៊ីវិល​និង​កងទ័ព​អ៊ុយក្រែន​ស្លាប់​ប៉ុន្មាន​នាក់​ឲ្យ​ពិតប្រាកដ ប៉ុន្តែ​គេ​ឃើញ​ពលរដ្ឋ និង​កងទ័ព​ស្លាប់​ដេក​រណេករណូក​តាម​ផ្លូវ និង​លំនៅឋាន​ឆេះ​ដួល​រលំ​យ៉ាង​ច្រើន​ដោយសារ​កាំភ្លើង​ផ្លោង និង​គ្រប់​កាំជ្រួច​របស់​រុស្ស៊ី។

ដោយសារ​ស្ថានភាព​ដ៏​វិនាសកម្ម​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelnskiy បន្ត​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត ដោយ​លោក​បាន​អះអាង​ថា លោក​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ជួប​ចរចា និង​ស្វែងរក​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។

ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ព្រមាន​ដែរ​ថា ប្រសិនបើ​កិច្ច​ចរចា​ទទួល​បរាជ័យ នោះ​សង្គ្រាម​លោក​លើក​ទី​៣ អាច​នឹង​ផ្ទុះ​ឡើង។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន CNN កាលពី​ថ្ងៃ​ចន្ទ ទី​២១ ខែ​មីនា។

ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNN លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelnskiy បាន​បញ្ជាក់​ថា រូបលោក​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ជួប​ចរចា​ជាមួយ​លោក ពូទីន ដែល​លោក​ថា​លោក​បាន​ត្រៀម​ខ្លួន​អស់​រយៈពេល ២​ឆ្នាំ​មក​នេះ។ លោក​ទទូច​ថា ភាគី​ទាំង​ពីរ​គួរ​ចាប់​យក​ឱកាស​ដើម្បី​អាច​រៀបចំ​កិច្ច​ចរចា​ជាមួយ​គ្នា​ជាពិសេស គឺ​រូបលោក និង​លោក ពូទីន។

ប្រធានាធិបតី​អ៊ុយក្រែន បាន​បញ្ជាក់​ទៀត​ថា នឹង​មិន​អាច​ទៅ​រួច​ឡើយ​បើ​ចរចា​គ្រាន់តែ​ចរចា ហើយ​ថ្នាក់​ក្រោម​របស់​រុស្ស៊ី​មិន​ហ៊ាន​ធ្វើ​សេចក្ដី​សម្រេច។

បើ​តាម​លោក Volodymyr Zelnskiy ជំនួប​ណា​មួយ​អាច​នឹង​មាន​កិច្ចពិភាក្សា​ពី​អនាគត​នៃ​តំបន់​ផ្ដាច់​ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​ក្នុង​ការ​ដោះស្រាយ​បញ្ហា។ មិន​តែប៉ុណ្ណោះ លោក​ក៏​បាន​ទទួលស្គាល់​ផង​ដែរ​ថា អ៊ុយក្រែន​បច្ចុប្បន្ន​មិន​អាច​ចូល​ជា​សមាជិក​ណាតូ (NATO) បាន​ទេ។

លោក Volodymyr Zelnskiy បាន​ស្វះស្វែង​ការ​រៀបចំ​ជំនួប​ជាមួយ​លោក ពូទីន អស់​រយៈពេល​ជិត ១​ឆ្នាំ​មក ប៉ុន្តែ​លោក ពូទីន ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ទាត់ចោល​សំណើ​ជាច្រើនលើក​រហូត​ដល់​ផ្ទុះ​សង្គ្រាម​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ កន្លងទៅ​នេះ។

យ៉ាងណា សម្រាប់​ភាគី​តួកគី ដែល​ស្នើសុំ​ជា​អ្នក​សម្របសម្រួល​អះអាង​ថា រុស្ស៊ី និង​អ៊ុយក្រែន កាន់តែ​ខិត​ជិត​ទៅ​រក​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​ហើយ។

រដ្ឋមន្ត្រី​ការបរទេស​តួកគី លោក ម៉ាវវ្លូត ចាវវោសូឡូ (Mevlut Cavusoglu) បាន​ឱ្យ​ដឹង​ថា រុស្ស៊ី និង​អ៊ុយក្រែន មាន​ភាព​រីកចម្រើន​នៅ​ក្នុង​កិច្ច​ចរចា​សន្តិភាព​បញ្ចប់​សង្គ្រាម ដោយ​ភាគី​ជម្លោះ​ទាំង​ពីរ​កាន់តែ​ខិត​ជិត​ទៅ​រក​កិច្ចព្រមព្រៀង​មួយ។ លោក Cavusoglu បាន​ធ្វើការ​កត់សម្គាល់​ដូចនេះ​ក្នុង​វេទិកា​មួយ​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​តួកគី កាលពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​តួកគី​រូប​នេះ​បាន​បញ្ជាក់​ថា ជា​ការពិត​ណាស់ វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​ណា​មួយ ខណៈ​សង្គ្រាម​កំពុង​ផ្ទុះ​ឡើង ហើយ​ជនស៊ីវិល​ត្រូវ​បាន​សម្លាប់​ជា​រៀង​រាល់​ថ្ងៃ។

បើ​តាម​លោក​រដ្ឋមន្ត្រី គឺ​តួកគី កំពុង​ទំនាក់ទំនង​ជាមួយ​ក្រុម​អ្នក​ចរចា​មកពី​រុស្ស៊ី និង​អ៊ុយក្រែន ប៉ុន្តែ​ខណៈ​មាន​សេចក្ដី​រាយការណ៍​ថា ទីក្រុង​មូស្គូ និង​ទីក្រុង​គៀវ រៀបចំ​កិច្ច​ចរចា​តាម​ប្រព័ន្ធ​អនឡាញ​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា នេះ។ យ៉ាងណាក៏ដោយ ភាគី​អ៊ុយក្រែន ប្រាប់​ថា បើ​ឲ្យ​អ៊ុយក្រែន ទម្លាក់​អាវុធ​ហើយ​សុំ​ចុះចាញ់​សង្គ្រាម គឺ​មិន​បន្ត​ការ​ចរចា​ទៀត​ឡើយ។

អ៊ុយក្រែន បាន​និយាយ​ថា ពួកគេ​នឹង​មិន​ចុះចាញ់​ឡើយ។ ប្រតិកម្ម​នេះ​បន្ទាប់ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅ រុស្ស៊ី​បាន​ប្រាប់​ឱ្យ​កងទ័ព​អ៊ុយក្រែន ដែល​កំពុង​តស៊ូ​ប្រយុទ្ធ​នៅ​ក្នុង​ទីក្រុង Mariupol ទម្លាក់​អាវុធ​សុំ​ចុះចាញ់ ខណៈ​ទីក្រុង​នេះ​រង​ការ​វាយប្រហារ​ខ្ទេចខ្ទី​យ៉ាង​ខ្លាំង។

ឧបនាយករដ្ឋមន្ត្រី​អ៊ុយក្រែន គឺ​អ្នកស្រី អ៊ីរែនណា វើរេសឈុក (Iryna Vereshchuk) បាន​ប្រតិកម្ម​ថា គ្មាន​ផ្លូវ​អាច​ទៅ​រួច​ឡើយ​ដែល​បង្គាប់​ឲ្យ​កងទ័ព​អ៊ុយក្រែន ទម្លាក់​អាវុធ​សុំ​ចុះចាញ់​នឹង​អ្នក​ឈ្លានពាន។

ទីក្រុង Mariupol បាន​រង​ការ​វាយប្រហារ​ទម្លាក់​គ្រាប់បែក​ពី​សំណាក់​កងទ័ព​រុស្ស៊ី​តាំងតែ​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ មក​ម្ល៉េះ ខណៈ​ប្រជាជន​រាប់​ម៉ឺន​នាក់​នៅតែ​បន្ត​ជាប់​គាំង​នៅ​ក្នុង​ទីក្រុង​នេះ​នៅឡើយ។

កាលពី​ថ្ងៃ​ចន្ទ ទី​២១ មីនា ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ប្រកាស​ថា ឱ្យ​ភាគី​អ៊ុយក្រែន ត្រូវតែ​ឆ្លើយតប​ជា​លាយលក្ខណ៍​អក្សរ​នូវ​ការ​ព្រម​ចុះចាញ់ ហើយ​ឈប់​ប្រយុទ្ធ​នៅ​ក្រុង Mariupol នេះ ប្រសិនបើ​ចង់​ស្រោចស្រង់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ដែល​ជាប់​គាំង​នៅ​ទីនេះ ហើយ​បើ​មិន​ចង់​ឱ្យ​ទីក្រុង​នេះ​ត្រូវ​ខូច​ខ្ទេចខ្ទី​ច្រើន​ជាង​នេះ​ទៅ​ទៀត។

ភ្លាមៗ​ក្រោយ​រុស្ស៊ី​ប្រកាស​ដូចនេះ អ្នកស្រី Iryna Verechtchouk ឧបនាយករដ្ឋមន្ត្រី​អ៊ុយក្រែន បាន​និយាយ​នៅ​ក្នុង​កាសែត Ukrayinskaya Pravda ថា គ្មាន​ឡើយ​ដែល​អ៊ុយក្រែន​លើក​ទង់​ស​ព្រម​ចុះចាញ់​សង្គ្រាម ព្រោះ​អ៊ុយក្រែន ត្រូវ​តស៊ូ​ប្រយុទ្ធ​រហូត​ដល់​ដង្ហើម​ចុងក្រោយ។

ជាមួយ​គ្នា​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelnskiy ដែល​ទទួល​ដំណឹង​ថា ក្រុង​មូស្គូ ព្រមាន​ឱ្យ​កងទ័ព​អ៊ុយក្រែន នៅ​ទីក្រុង Mariupol សុំ​ចុះចាញ់​នឹង​កងទ័ព​រុស្ស៊ី បាន​នាំ​ឱ្យ​លោក​ប្រតិកម្ម​ថា បើ​រុស្ស៊ី​មិន​ទទួលស្គាល់​ថា​ខ្លួន​មិន​អាច​គ្រប់គ្រង​អ៊ុយក្រែន​បាន គឺ​លោក ពូទីន ត្រូវតែ​មក​ចរចា​នឹង​លោក ទោះ​ជា​នៅ​ប្រទេស​ណា​ក៏​បាន​ដែរ លើកលែង​ធ្វើឡើង​នៅ​បេឡារូស និង​ក្នុង​ប្រទេស​រុស្ស៊ី គឺ​លោក​មិន​ទៅ​ជួប​ឡើយ។ លោក​ព្រមាន​រុស្ស៊ី​ថា ប្រយ័ត្ន​ធ្លាក់​ក្នុង​សង្គ្រាម​ជាមួយ​កងទ័ព​ណាតូ ដែល​នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​លោក​ជា​ថ្មី​ទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស