31 C
Phnom Penh

អ្នក​ឃ្លាំមើល៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ខាតបង់​ធ្ងន់ធ្ងរ បើ​ធៀប​នឹង​ផល​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​និង​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ធ្ងន់ធ្ងរ បើ​ធៀប​ទៅ​នឹង​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុប និង​អាមេរិក ដែល​កម្ពុជា​ទទួល​បាន​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​មីនា ថា ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ ប៉ុន្តែ​បញ្ហា​គឺ​ស្ថិតនៅ​ត្រង់​ថា កម្ពុជា​មិន​មាន​ផលិតផល​សម្រាប់​ការ​នាំចេញ​ទៅ​ប្រទេស​ចិន​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ផល​ចំណេញ​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ នឹង​ទទួល​បាន​តិចតួច​សម្រាប់​កម្ពុជា ប៉ុន្តែ​ចិន​នឹង​ទទួល​បាន​ផល​ចំណេញ​ធំធេង​លើ​ការ​សហការ​នេះ។

លោក សុខ សុគន្ធ លើកឡើង​ថា សព្វថ្ងៃ​នេះ​កម្ពុជា​ពឹង​លើ​ផល​ចំណេញ​ពី​ពាណិជ្ជកម្ម ៣​ធំៗ៖

  • ទី​១ គឺ​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន (ASEAN China Free Trade Area) ដែល​ចិន​បាន​បន្ធូរបន្ថយ​ពន្ធ​លើ​មុខ​ទំនិញ ៣០០​មុខ
  • ទី​២ គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន (China-Cambodia Free Trade Agreement)
  • ទី​៣ គឺ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (Regional Comprehensive Economic Partnership)។

ប៉ុន្តែ​លោក​ថា ពាណិជ្ជកម្ម​ទាំង​៣​នេះ បើ​ធៀប​នឹង​ផល​ចំណេញ​ដែល​កម្ពុជា​ទទួល​បាន​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក គឺ​នៅ​តិចតួច​ណាស់។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ផល​ចំណេញ​ដែល​កម្ពុជា​ទទួល​បាន​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​សរុប​ប្រមាណ​ជិត ២០​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។ ដូច្នេះ​បើ​គិត​ពី​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុប និង​អាមេរិក ដោយ​ប្រៀបធៀប​ជាមួយ​កម្ពុជា-ចិន កម្ពុជា​ពិត​ជា​ខាតបង់​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​កម្ពុជា​ព្យាយាម​ចាប់​យក​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ដូច​ដែល​កម្ពុជា​កំពុង​អនុវត្ត​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​បាន​បោះបង់​ចោល​នូវ​ផល​ចំណេញ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​សហភាព​អឺរ៉ុប តែ​បែរជា​ងាក​មក​សហការ​ជាមួយ​ចិន​លើ​ពាណិជ្ជកម្ម​ដែល​ខ្លួន​អាច​ទទួល​បាន​ផល​ចំណេញ​តិចតួច​ទៅវិញ។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ច​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា បើ​សិក្សា​ពី​ជំហរ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ កុំ​ថា​ឡើយ​កម្ពុជា​ត្រូវ​បាត់បង់​ផល​អនុគ្រោះ​ពន្ធ EBA ២០% សូម្បី​កម្ពុជា​បាត់​ដល់​ទៅ ៥០% ក៏​រដ្ឋាភិបាល​ខ្មែរ​មិន​ខ្វល់​ដែរ ពីព្រោះ​ផល​ប្រយោជន៍​ដែល​បាន​មកពី EBA នេះ​មាន​ផលប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ ជាជាង​ផល​ប្រយោជន៍​អ្នក​ដឹកនាំ។

លោក ឯម សុវណ្ណារ៉ា អះអាង​ថា ដើម្បី​បាន​ការ​អនុគ្រោះ​ពន្ធ EBA ២០% ត្រឡប់​មកវិញ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បើក​លំហ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។ លោក​បន្ត​ថា បញ្ហា​នេះ​រដ្ឋាភិបាល​ខ្មែរ​ច្បាស់​ជា​មិនព្រម​ជាដាច់ខាត ព្រោះ​ការ​ធ្វើ​ដូច្នេះ​នឹង​ប៉ះពាល់​ដល់​អំណាច​របស់​មេដឹកនាំ​ខ្មែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លងទៅ​ថា សហរដ្ឋ​អាមេរិក​គឺជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា។ កាលពី​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​ទៅ​អាមេរិក​នូវ​ទំនិញ​ដែល​មាន​តម្លៃ​ប្រមាណ​ជា ៥,៤​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៩ ដដែល​នោះ សហរដ្ឋ​អាមេរិក​បាន​នាំ​ទំនិញ​ចូល​មក​កម្ពុជា​វិញ​ត្រឹមតែ​ជាង ៥០០​លាន​ដុល្លារ​ប៉ុណ្ណោះ។

ប្រភព​ដដែល​បញ្ជាក់​ថា អាមេរិក​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​នៅ​ក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ Generalized System of Preferenes (GSP) ដែល​ធ្វើ​ឲ្យ​កម្ពុជា​អាច​នាំ​ទំនិញ​ចេញ​ទៅកាន់​ទីផ្សារ​អាមេរិក​ដោយ​មិន​បង់​ពន្ធ​គយ​នូវ​ទំនិញ​ប្រមាណ​ជាង ៥​ពាន់​មុខ។

ជុំវិញ​បញ្ហា​នេះ ក្រោម​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន កាលពី​ឆ្នាំ​២០២១ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ចិន​មាន​ទឹកប្រាក់​ត្រឹមតែ ១​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​រយៈពេល ៨​ខែ ប៉ុន្តែ​ក្នុង​រយៈពេល ៨​ខែ​ដូចគ្នា ចិន​បាន​នាំចូល​ទំនិញ​មក​កម្ពុជា​វិញ​មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​ទៅ​ជាង ៨​ពាន់​លាន​ដុល្លារ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស