28 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ប្រើ​ឧទ្ធម្ភាគចក្រ​ចុះ​បង្ក្រាប​និង​វាយ​ខ្នោះ​ឈ្មួញ​នេសាទ​ត្រី​ខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ទៅ​សមត្ថកិច្ច​ឱ្យ​ត្រៀម​ឧទ្ធម្ភាគចក្រ​សម្រាប់​ដេញ​ចាប់​ឈ្មួញ​ទុច្ចរិត​ដែល​នេសាទ​ត្រី​ខុសច្បាប់​នៅ​លើ​បឹង​ទន្លេសាប ក្រោយ​ពេល​លោក​មើល​ឃើញ​ថា សមត្ថកិច្ច​ចាប់​បាន​តែ​ប្រជានេសាទ​តូចតាច ខណៈ​អ្នក​ប្រព្រឹត្តិ​បទល្មើស​ធំៗ​មិន​ដែល​ចាប់​បាន​នោះ។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​រិះគន់​ទូក​នេសាទ​ជនជាតិ​វៀតណាម ថា​ពួកគេ​មិន​ត្រឹម​តែ​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​ទេ ហើយ​ថែមទាំង​កម្ទេច​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​របស់​កម្ពុជា​ថែម​ទៀត។

ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃ​ទី​២៣ មីនា បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ចាប់​ឈ្មួញ​ទុច្ចរិត​នេសាទ​ត្រី​ខុសច្បាប់​នៅ​លើ​បឹង​ទន្លេសាប។

មេដឹកនាំ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​ទៅ អាជ្ញាធរ​គ្រប់​ខេត្ត​ទាំងអស់​ដែល​នៅ​ជាប់​ជុំវិញ​បឹង​ទន្លេសាប ត្រូវតែ​តាម​ចាប់​ពួក​ឈ្មួញ និង​ពួក​ប្រព្រឹត្តិ​បទល្មើស​នេសាទ​ធំៗ​ឱ្យ​ទាល់តែ​បាន ទោះ​ក្នុង​វិធី​ណា​ក៏ដោយ។ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​ចាប់​ដាក់​គុក ប្រសិនបើ​អ្នក​ណា​នៅតែ​ហ៊ាន​ប្រឆាំង​ចំពោះ​បទបញ្ជា​របស់​លោក។ លោក​បាន​រិះគន់​ចំពោះ​អាជ្ញាធរ​មួយ​ចំនួន​ថា បាន​គប់គិត​គ្នា​ជាមួយ​ពួក​ប្រព្រឹត្តិ​បទល្មើស​ទាំងនោះ ដោយសារ​ពេល​ចុះ​បង្ក្រាប ពួក​អ្នក​ប្រព្រឹត្តិ​បទល្មើស​នេសាទ​តែងតែ​ដឹង​មុន ហើយ​គេច​ខ្លួន​បាត់។

លោក ហ៊ុន សែន ក៏​បាន​ណែនាំ​ទៅ​កងកម្លាំង​សមត្ថកិច្ច​ឱ្យ​ប្រើ​ឧទ្ធម្ភាគចក្រ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ពួក​ល្មើស​នេសាទ និង​បញ្ជា​ឱ្យ​វ៉ៃ​ខ្នោះ​លើ​ជនល្មើស​នេសាទ​ដោយ​មិន​ចាំបាច់​មាន​គោល​នយោបាយ​អ្វី​នោះ​ឡើយ។

បើ​តាម លោក ហ៊ុន សែន ថា​ការ​ដាក់​ចេញ​បទបញ្ជា​បែប​នេះ ដើម្បី​កុំ​ឱ្យ​ផល​ត្រី​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ខ្សោយ​ទៅៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នោះ។

លោក សុខ ទូច ចោទ​ថា​ជនជាតិ​វៀតណាម​ទាំងនោះ​បាន​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់ និង​ប្រើប្រាស់​ទូក​លឿន​ដើម្បី​អូស​យក​ត្រី ទាំង​ត្រីស្រកា ទាំង​ត្រី​អត់​ស្រកា រីឯ​ត្រី​តូចៗ​ពួកគេ​ប្រើការ​មិន​កើត ពួកគេ​បាន​យក​ទៅ​ធ្វើជា​ជី​ថែម​ទៀត។

បើ​តាម​លោក សុខ ទូច បទល្មើស​ដែល​បាន​រក​ឃើញ​បឋម​មាន​របាំង​ព្រួល​ជាច្រើន​គីឡូម៉ែត្រ ដែល​គេ​ដាក់​ស្កាត់​ចាប់​ត្រី ការ​ដាក់​ស្បៃ​មុង​ក្រឡា​ល្អិត រួម​ទាំង​បទល្មើស​ឆក់​ត្រី​ក្នុង​ទ្រង់ទ្រាយ​ធំ ជាដើម។ លោក​ថា ២​ឆ្នាំ​ទៀត ត្រី​នៅ​តំបន់​បឹង​ទន្លេសាប​នឹង​ត្រូវ​ផុត​ពូជ បើ​គ្មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ទេ​នោះ។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ ធ្លាប់​បាន​លើកឡើង​កន្លងមក​ថា វិធានការ​ទប់ស្កាត់​បទល្មើស​ទ្រង់ទ្រាយ​ធំ​យូរអង្វែង​នៅ​តំបន់​នេះ នឹង​មិន​អាច​ទៅ​រួច​ទេ បើ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​តំបន់​នេះ​ធ្វើ​ឱ្យ​ការ​អនុវត្ត​ច្បាប់​លែង​ដំណើរការ​ទៅ​ហើយ​នោះ។ លោក​ថា បញ្ហា​នេះ​អ្នក​ចូលរួម​ទប់ស្កាត់​បទល្មើស​ក្លាយ​ជា​ជនល្មើស​វិញ បើ​ប្រព័ន្ធ​ដែល​អនុវត្ត​ច្បាប់​ជាប់​គាំង​នោះ​មិន​ត្រូវ​បាន​កែលំអ។

បើ​តាម​សហគមន៍​រស់នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា ជនជាតិ​វៀតណាម​តែងតែ​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ​ខុសច្បាប់​ដើម្បី​ឆក់​ត្រី​ក្នុង​បឹង​ទន្លេសាប ទើប​ធ្វើ​ឱ្យ​ត្រី​នៅ​ទន្លេសាប​ហិនហោច​ស្ទើរ​គ្មាន​សល់។ ពួកគេ​និយាយ​ថា ប្រសិនបើ​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ចាប់​បាន នោះ​ពួកគេ​ជាប់​ឃុំ​មិន​ដល់ ៤៨​ម៉ោង​នោះ​ទេ ត្រូវ​ប្រធាន​សមាគម​វៀតណាម​ប្រចាំ​កម្ពុជា​មក​ធានា​ខ្លួន​ពួកគេ។ ករណី​នេះ​ហើយ​ទើប​បាន​ជា​ជនជាតិ​វៀតណាម មិន​ខ្លាច ហើយ​បន្ត​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​កម្ទេច​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​របស់​ខ្មែរ​បន្ត​ទៀត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស