31 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ដាំ​ដើមឈើ​លើ​ផ្ទៃដី​ជាង​៦​ម៉ឺន​ហិកតារ​ឡើងវិញ​ដើម្បី​ផ្ដល់​ជម្រក​និង​បង្កើន​ធនធាន​ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ដាំ​ដើមឈើ​លើ​ផ្ទៃដី​ជាង ៦​ម៉ឺន​ហិកតារ​ឡើងវិញ ក្រោយ​ពី​រឹបអូស​បាន​ពី​មន្ត្រី និង​ពលរដ្ឋ​ដែល​បាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ដោយ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប ដើម្បី​ផ្ដល់​ជម្រក និង​បង្កើន​ធនធាន​ត្រី។

នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អភិបាល​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ដាំ​កូនឈើ​លើ​ផ្ទៃដី​ជាង ៦​ម៉ឺន​ហិកតារ​ដែល​បាន​រឹបអូស​ពី​ពលរដ្ឋ មន្ត្រី និង​ឈ្មួញ​ដែល​បាន​កាប់​ទន្ទ្រាន​ខុសច្បាប់​នៅ​ជុំវិញ​បឹង​ទន្លេសាប​នា​ពេល​កន្លងមក។

លោក​បន្ត​ថា ការ​បញ្ជា​ឱ្យ​ដាំ​កូនឈើ​ក្នុង​ផ្ទៃដី​ជាង ៦​ម៉ឺន​ហិកតារ គឺ​ដើម្បី​ប្រែក្លាយ​តំបន់​នោះ​ទៅជា​ព្រៃលិចទឹក និង​ផ្ដល់​ជម្រក និង​បង្កើន​ធនធាន​ត្រី​ជុំវិញ​បឹង​ទន្លេសាប។ លោក ហ៊ុន សែន បន្ត​ថា ប្រសិនបើ​មិន​បង្ក្រាប​បទល្មើស​ទន្ទ្រាន​ដី​ព្រៃលិចទឹក​នេះ​ទេ វា​នឹង​ធ្វើ​ឱ្យ​បាត់បង់​ផល​ប្រយោជន៍​ជាតិ ខណៈ​ព្រៃលិចទឹក​ជា​ជម្រក​ធនធាន​ត្រី។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ឱ្យ​ដឹង​ថា មក​ដល់​ពេលនេះ​មាន​ពលរដ្ឋ​ជាង ១​ម៉ឺន ៤​ពាន់​គ្រួសារ​បាន​ស្ម័គ្រ​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ក្នុង​ទំហំ​ជាង ៦​ម៉ឺន​ហិកតារ និង​បាន​ដាំ​កូនឈើ​ព្រៃលិចទឹក​ចំនួន​ជាង ៤​ម៉ឺន ៤​ពាន់​ដើម និង​ឫស្សី​ជិត ១​ពាន់​ដើម កូន​ត្នោត​ជាង ៣០០​ដើម និង​គ្រាប់​ត្នោត​ជាង ២៧​ម៉ឺន​គ្រាប់។

កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​បង្ក្រាប​ចំពោះ​ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃលិចទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប បន្ទាប់ពី​លោក​ទទួល​បាន​របាយការណ៍​ពី​លោក សុខ ទូច ជុំវិញ​ការ​រំលោភ​កាន់កាប់​ដី​ព្រៃលិចទឹក​រាប់​ពាន់​ហិកតារ​ដោយ​ខុសច្បាប់។ លោក ហ៊ុន សែន ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ចាត់​វិធានការ​ច្បាប់​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ ពិសេស​លោក​បាន​និយាយ​ចំ​ឈ្មោះ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ក្រោយ​ពី​មាន​របាយការណ៍​បង្ហាញ​ថា មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​រូប​នេះ​បាន​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃលិចទឹក​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង ទំហំ ២​ពាន់​ហិកតារ។

គិត​មក​ដល់​ថ្ងៃ​នេះ ក្រៅពី​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង មិនទាន់​ឃើញ​មាន​មន្ត្រី​ណា​ផ្សេង​ទៀត​ទេ​ត្រូវ​បាន​ចាត់​វិធានការ​ច្បាប់​ឡើយ ខណៈ​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​នៅ​ខេត្ត​កំពង់ឆ្នាំង ចាប់ពី​អាជ្ញាធរ​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ខេត្ត រួម​ទាំង​មាន​មន្ត្រី​យោធា និង​ព្រះរាជអាជ្ញា។

យ៉ាងណាក៏ដោយ កន្លងមក ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​រិះគន់​មន្ត្រី​ជំនាញ​ដែល​ធ្វើ​របាយការណ៍​ភូតភរ​ពាក់ព័ន្ធ​នឹង​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក ថា​មិន​ស្មោះត្រង់​ជាមួយ​រដ្ឋាភិបាល និង​ពលរដ្ឋ។ លោក​បន្ត​ថា មូលហេតុ​ដែល​លោក​អះអាង​ដូច្នោះ ដោយសារ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​ដែល​ចុះ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​បទល្មើស​ទន្ទ្រាន​ដី​ព្រៃឈើ រក​ឃើញ​ដី​ព្រៃលិចទឹក​តែ​ជាង ៣​ពាន់​ហិកតារ ខណៈ​លោក សុខ ទូច បាន​រក​ឃើញ​ជាង ១០​ម៉ឺន​ហិកតារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស