29 C
Phnom Penh

លោក ហ៊ុន សែន បង្ហាញ​មោទកភាព​ថា​សហប្រតិបត្តិការ​កម្ពុជា-ចិន​កំពុង​ផ្តល់​ផ្លែផ្កា​ជាច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​នេះ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន កំពុង​ផ្តល់​ផ្លែផ្កា​ជាច្រើន​ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ទោះបី​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ក៏ដោយ ក៏​មិន​អាច​រារាំង​ដំណើរការ​អភិវឌ្ឍ​របស់​កម្ពុជា​បាន​ដែរ។

នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​ប្រកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥១ ប្រវែង​សរុប​ជិត ៣៨​គីឡូម៉ែត្រ ដោយ​ចាប់ផ្តើម​ពី​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ លាតសន្ធឹង​ទៅ​ដល់​ផ្លូវជាតិ​លេខ​៤ បាន​ចំណាយ​ថវិកា​សរុប​ជិត ៤១​លាន​ដុល្លារ​អាមេរិក ដែល​ជា​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

បុរស​ខ្លាំង​កម្ពុជា​រូប​នេះ​អះអាង​ថា បច្ចុប្បន្ន​នេះ កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន កំពុង​ផ្តល់​ផ្លែផ្កា​ជាច្រើន​ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ប៉ុន្តែ​ទោះបី​ក្នុង​លក្ខខណ្ឌ​ណា​ក៏ដោយ គឺ​ត្រូវ​រួមគ្នា​រក្សា​ឱ្យ​បាន​នូវ​សុខ​សន្តិភាព ដើម្បី​អនាគត​រុងរឿង​ត្រចះត្រចង់​របស់​កម្ពុជា។

លោក ហ៊ុន សែន អះអាង​ថា ទោះបី​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ក៏ដោយ ក៏​មិន​អាច​រារាំង​ដំណើរការ​អភិវឌ្ឍ​របស់​កម្ពុជា​បាន​ឡើយ ក្នុង​នោះ​គម្រោង​នានា​របស់​ចិន ក៏​មិន​មាន​ការ​ផ្អាក​សកម្មភាព​នោះ​ដែរ។ ដូច្នេះ សមិទ្ធផល​ជាតិ​របស់​កម្ពុជា​បាន​បញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បិទ​បញ្ចប់​ភ្លើង​សង្គ្រាម និង​ការ​រក​សុខ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​របស់​រដ្ឋាភិបាល​កម្ពុជា​ដោយ​ឥត​ប្រកែក​បាន។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​បាន​សម្ពោធ​ផ្លូវ​ជាបន្តបន្ទាប់ ស្រប​ពេល​ដែល​ដំណើរការ​បោះឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់​ដែរ​នោះ។

លោក ហ៊ុន សែន មួយ​រយៈពេល​ចុងក្រោយ​នេះ​បាន​ប្រកាស​សម្ពោធ​សមិទ្ធផល​នៃ​ការ​កសាង​របស់​ខ្លួន​ជាបន្តបន្ទាប់ ដូចជា​ផ្លូវថ្នល់​តាម​បណ្តា​ខេត្ត​នានា ដូចជា​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្តាល ជាដើម។ ជាង​នេះ​ទៀត លោក ហ៊ុន សែន បាន​ដាក់​វិធានការ​ទប់ស្កាត់​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​បឹង​ទន្លេសាប​ជាដើម ប៉ុន្តែ​ទាំង​ប្រកាស​ពី​សមិទ្ធផល និង​វិធានការ​នានា ត្រូវ​គេ​មើល​ឃើញ​ថា​ធ្វើឡើង​ក្នុង​បំណង​តែ​ទាក់ទាញ​សន្លឹកឆ្នោត​ប៉ុណ្ណោះ។

ប្រធាន​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ មីនា ថា យុទ្ធនាការ​សម្ពោធ​សមិទ្ធផល​ជាច្រើន​នា​ពេល​កន្លងមក​របស់​រដ្ឋាភិបាល ជា​ចំណែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ប៉ុន្តែ​មេដឹកនាំ​បក្ស​កាន់​អំណាច​បាន​យក​ករណី​នេះ​ធ្វើជា​សន្លឹក​បៀ​សម្រាប់​យក​ប្រៀប​លើ​គណបក្ស​នយោបាយ​ដទៃ​ទៀត ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នីតិកាល​ទី​៥ នេះ។

បណ្ឌិត សេក សុជាតិ លើក​ឡើង​ថា កន្លងមក​ការ​ធ្វើ​នយោបាយ​នៅ​កម្ពុជា តែងតែ​យក​រូបភាព និង​អំណោយ​ជា​ធំ​ទៅ​ទាក់ទាញ​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត។ ដូច្នេះ​ហើយ​គណបក្ស​កាន់​អំណាច និង​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត តែងតែ​ប្រើ​យុទ្ធសាស្ត្រ​នេះ​នៅ​គ្រប់​ការ​ប្រកួតប្រជែង​នៃ​ការ​បោះឆ្នោត​ម្ដងៗ។

ប្រធាន​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ទង្វើ​ទាំងឡាយ​ណា​ដែល​ធ្វើ​ឱ្យ​ម្ចាស់​ឆ្នោត​បាត់បង់​ទំនុក​ចិត្ត ឬ​មើល​ឃើញ​ពី​ការ​ធ្វើ​ប្រជាភិថុតិ អាច​នឹង​ធ្វើ​ឲ្យ​សន្លឹកឆ្នោត​របស់​បក្ស​កាន់​អំណាច​បាត់បង់​ទៅវិញ​ទេ ហើយ​ម្ចាស់​ឆ្នោត​នឹង​ងាក​ទៅ​គាំទ្រ​គណបក្ស​នយោបាយ​ដទៃ​វិញ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា គណបក្ស​កាន់​អំណាច​តែង​ប្រើ​ល្បិច​កល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ជា​ថ្នូរ​នឹង​ការ​សុំ​សន្លឹកឆ្នោត​របស់​ពលរដ្ឋ​គាំទ្រ​គណបក្ស​របស់​ខ្លួន។ បក្ស​កាន់​អំណាច​មួយ​នេះ​តែង​សន្យា​ពី​ការ​សាងសង់​ផ្លូវថ្នល់ ឬ​សាលារៀន មន្ទីរពេទ្យ ជាដើម ប៉ុន្តែ​នៅ​ពេល​ដែល​បាន​សន្លឹកឆ្នោត​ហើយ គណបក្ស​មួយ​នេះ​មិន​ដែល​គោរព​ការ​សន្យា​ម្តង​ណា​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស