លោក ហ៊ុន សែន ធ្លាប់អួតថា ពលរដ្ឋខ្មែរគាំទ្រតែរូបលោក និងកូនរបស់លោក ក្នុងការគ្រប់គ្រងអំណាចក្នុងប្រទេសកម្ពុជា ប៉ុន្តែលោក ហ៊ុន សែន មិនដែលហ៊ានប្រកួតប្រជែងយកមុខនាទី ឬអំណាចដោយវិធីតម្លាភាព សេរី និងយុត្តិធម៌ឡើយ ទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងក្របខ័ណ្ឌបក្ស។
តើអ្វីទៅជាមូលហេតុដែលលោក ហ៊ុន សែន មិនដែលហ៊ានប្រកួតយកអំណាចតាមវិធីបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះ?
លោក ហ៊ុន សែន បានកាន់កាប់អំណាចគ្រប់គ្រងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៨៥ មក។ លោក ហ៊ុន សែន តែងតែបង្ហាញនូវភាពរំភើបរីករាយអំពីការកាន់តំណែងជានាយករដ្ឋមន្ត្រីដ៏យូរលង់នេះ។
ប៉ុន្តែ តើប្រជាពលរដ្ឋខ្មែរ ជាពិសេសសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជារបស់គាត់ អាចមានភាពរំភើបរីករាយចំពោះការគ្រប់គ្រងអំណាចរបស់គាត់ដូចគាត់ដែរឬទេ? ចម្លើយចំពោះសំណួរនេះ គេអាចសាកល្បងពិនិត្យមើលការទទួលខុសត្រូវ និងការបម្រើរបស់គាត់ចំពោះប្រជាពលរដ្ឋខ្មែរ។
ជាធម្មតា ថ្វីបើសមាជិកគណបក្សប្រជាជនកម្ពុជាខ្លះគាំទ្រលោក ហ៊ុន សែន ដើម្បីលាភសក្ការៈផ្សេងៗ ប៉ុន្តែទាំងអស់គ្នាក៏មិនអាចសុទ្ធតែគិតដូច្នោះដែរ។ តែបើទាំងអស់គ្នាគាំទ្រលោក ហ៊ុន សែន ដើម្បីលាភសក្ការៈ ក៏លោក ហ៊ុន សែន គ្មានលទ្ធភាពផ្តល់ឱ្យបានគ្រប់គ្នានោះដែរ។ អ៊ីចឹង វាមានន័យថា សមាជិកគណបក្សនេះខ្លះដែលគាំទ្រការគ្រប់គ្រងអំណាចកន្លងមក ប្រហែលជាអាចសង្ឃឹមថាលោក ហ៊ុន សែន នឹងធ្វើអ្វីៗដើម្បីជាតិខ្មែរ និងគណបក្សប្រជាជនកម្ពុជារបស់ខ្លួន។ ប៉ុន្តែប្រសិនបើពួកគេគិតបែបនោះមែន ប្រហែលជាពួកគេកំពុងពិចារណានឹងស្ថានភាពជាក់ស្តែងមួយចំនួនដូចតទៅនេះ។
លោក ហ៊ុន សែន បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអន់ថយ និងអាក្រក់បំផុតមួយក្នុងចំណោមប្រទេសដែលមានស្ថានភាពស្រដៀងគ្នាក្នុងលោក។ បញ្ហាទាំងនោះ មានភាពក្រីក្របំផុត អំពើពុករលួយបំផុត អំពើអយុត្តិធម៌បំផុត អំពើរំលោភសិទ្ធិបំផុត ជាដើម។ល។

ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានបង្ហាញនូវការមិនទទួលខុសត្រូវចំពោះប្រជាពលរដ្ឋលើបញ្ហាមួយចំនួនដែលពាក់ព័ន្ធដោយផ្ទាល់លើជីវភាព និងអាយុជីវិតប្រចាំថ្ងៃរបស់ពួកគេ។ បញ្ហាទាំងនោះមានទីផ្សារផលិតផលកសិកម្មខ្មែរ គុណភាពមន្ទីរពេទ្យ និងសេវាកម្មសាធារណៈដទៃទៀត ដូចជាឯកសារផ្នែករដ្ឋបាលនានាជាដើម។ ឧទាហរណ៍ វិស័យសុខាភិបាល បើគេប្រៀបធៀបគុណភាព និងប្រសិទ្ធភាពនៃមន្ទីរពេទ្យរដ្ឋរបស់លោក ហ៊ុន សែន និងមន្ទីរពេទ្យគន្ធបុប្ផា គឺខុសគ្នាឆ្ងាយណាស់។
ចំណុចនេះអាចបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយ និងជាមេដឹកនាំជាតិ លោក ហ៊ុន សែន អាចមានលទ្ធភាពច្រើនជាងហ្នឹង ហើយអាចធ្វើបានប្រសើរជាងមន្ទីរពេទ្យគន្ធបុប្ផាឆ្ងាយណាស់ ប្រសិនបើគាត់មានសមានចិត្ត មានឆន្ទៈ ឬចេតនាគិតអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ។
ដូច្នេះ សមាជិកគណបក្សប្រជាជនកម្ពុជាដែលគិតជាតិ ប្រហែលជាអាចខកចិត្ត ឬមានការឈឺចាប់អាណិតជាតិដូចខ្មែរមួយចំនួនទៀតដែរ ចំពោះការគ្រប់គ្រងអំណាចដោយគ្មានការទទួលខុសត្រូវរបស់លោក ហ៊ុន សែន នោះ។ ប៉ុន្តែពួកគេអាចគិតថា ទេ! ពួកគេមិនខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបញ្ហាជាតិអ្វីទេ គឺពួកគេគាំទ្រលោក ហ៊ុន សែន ដើម្បីតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។

ប៉ុន្តែ បើសមាជិកគណបក្សប្រជាជនកម្ពុជាទាំងនោះគិតបែបនេះមែន ពួកគេអាចនឹងខកចិត្តកាន់តែខ្លាំង ប្រសិនបើពួកគេពិចារណាលើបញ្ហាមួយចំនួនដែលបានកើតឡើងក្រោមការគ្រប់គ្រងប្រទេសដោយលោក ហ៊ុន សែន។
ឧបមាថា ពួកគេមិនខ្វល់អំពីជាតិរបស់ខ្លួន តែពួកគេគួរតែគិតអំពីសមាជិកបក្សរបស់ខ្លួនដែរ ប្រសិនបើពួកគេគិតថាគាំទ្រលោក ហ៊ុន សែន ដើម្បីតែបក្សនោះ។ ឧទាហរណ៍ ភាពមិនទទួលខុសត្រូវរបស់លោក ហ៊ុន សែន ចំពោះគុណភាពវិស័យសុខាភិបាល ឬមន្ទីរពេទ្យ ឬទីផ្សារកសិកម្មខ្មែរ។ តើបញ្ហាទាំងនេះប៉ះពាល់ដល់សមាជិកសមាជិកា ឬអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាដែរឬទេ?
លើសពីនេះទៀត ការតែងតាំងកូនបង្កើត កូនប្រសា និងសាច់ញាតិនៃក្រុមគ្រួសាររបស់ខ្លួនដោយលោក ហ៊ុន សែន វាជាការបញ្ជាក់យ៉ាងច្បាស់ថា លោក ហ៊ុន សែន មិនមែនគ្រាន់តែមិនគិតអំពីប្រទេសជាតិទេ តែក៏មិនគិតអំពីគណបក្សប្រជាជនកម្ពុជាផងដែរ។ តែអ្វីដែលលោក ហ៊ុន សែន កំពុងធ្វើ គឺហាក់ដូចជាគ្រាន់តែយកគណបក្សនេះធ្វើជាឈ្នាន់ដើម្បីគ្រប់គ្រងអំណាចសម្រាប់តែផលប្រយោជន៍របស់គ្រួសារគាត់តែប៉ុណ្ណោះ។

គាត់បានប្រកាសជាសាធារណៈថា គាត់នឹងក្លាយជាឪពុក និងជាជីតានាយករដ្ឋមន្ត្រីនាពេលអនាគត។ ចំណុចនេះអាចបញ្ជាក់ថា កុំថាឡើយប្រជាពលរដ្ឋ ឬយុវជនខ្មែរនានា សូម្បីតែសមាជិកគណបក្សប្រជាជនកម្ពុជាដទៃទៀត ក៏គ្មាននៅក្នុងចិត្តគំនិតបន្តតំណែងរបស់លោក ហ៊ុន សែន ដែរ ក្រៅតែពីកូនចៅរបស់គាត់។
ប៉ុន្តែអ្នកដែលបានស៊ីពែលោក ហ៊ុន សែន អាចជំទាស់នឹងការលើកឡើងខាងលើ ដោយអះអាងថា វាជាការមិនពិតទេដែលថាលោក ហ៊ុន សែន មិនគិតពីគណបក្សប្រជាជនកម្ពុជានោះ។
តាមពិត លោក ហ៊ុន សែន ក៏បានផ្តល់ឱកាសដល់មន្ត្រីជាច្រើនឱ្យតែងតាំងកូនៗរបស់ខ្លួនក្នុងមុខនាទីសំខាន់ៗមួយចំនួនដែរ ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោម ដូចជាកូនរបស់លោក សាយ ឈុំ កូនរបស់លោក ឱម យ៉ិនទៀង កូនរបស់លោក ទៀ បាញ់ កូនរបស់លោក ហោ ណាំហុង ជាដើម។ល។ តាមពិត គេឃើញដូច្នោះមែន គឺមន្ត្រីធំតូចក្នុងរបបលោក ហ៊ុន សែន បានតែងតាំងកូនខ្លួនឯងទៅតាមលទ្ធភាព ឬឋានៈដែលខ្លួនអាចធ្វើបាន។
ប៉ុន្តែការដែលលោក ហ៊ុន សែន អនុញ្ញាតឱ្យមន្ត្រីទាំងនោះអាចធ្វើបែបនេះបាន ក៏មិនប្រាកដថាលោក ហ៊ុន សែន មានឆន្ទៈគិតពីគណបក្សប្រជាជនកម្ពុជា ឬសមាជិករបស់គណបក្សនេះឡើយ។ គេអាចអះអាងបែបនេះ ព្រោះវាអាចមានហេតុផលមួយចំនួនសម្រាប់ធ្វើការពិចារណា។ ដោយសារតែលោក ហ៊ុន សែន តែងតាំងកូនចៅ និងសាច់ញាតិស្រេចតែចិត្ត ទើបគាត់អនុញ្ញាតឱ្យមន្ត្រីក្នុងរបបនេះធ្វើដូច្នោះដែរ។

ចំណុចមួយទៀតដែលអាចយកធ្វើជាការពិចារណាដែរនោះ គឺគោលដៅរបស់លោក ហ៊ុន សែន។ បើផ្អែកតាមសកម្មភាព និងការប្រកាសរបស់គាត់ដែលថា គាត់នឹងក្លាយជានាយករដ្ឋមន្ត្រី និងជាជីតានាយករដ្ឋមន្ត្រីនោះ អ៊ីចឹងគាត់ចាត់ទុកមន្ត្រីក្នុងបក្ស និងក្នុងរដ្ឋាភិបាលទាំងអស់គ្រាន់តែជាអ្នកបម្រើគាត់ និងគ្រួសាររបស់គាត់តែប៉ុណ្ណោះ។ ដូច្នេះការដែលលោក ហ៊ុន សែន អនុញ្ញាតឱ្យមន្ត្រីរបស់គាត់តែងតាំងកូនៗរបស់ខ្លួននោះ គឺគ្រាន់តែជាការលួងចិត្តពួកគេ ឬបង្កើនចំនួនអ្នកបម្រើដ៏ស្មោះស្ម័គ្របម្រើគ្រួសាររបស់គាត់តែប៉ុណ្ណោះ។ រីឯទស្សនៈដែលថា លោក ហ៊ុន សែន អនុញ្ញាតឱ្យមន្ត្រីរបស់ខ្លួនតែងតាំងកូនៗបែបនេះ គឺជាការគិតគណបក្សប្រជាជនកម្ពុជា ឬយុវជនក្នុងបក្សនោះ គឺរឹតតែខុសឆ្គងទៅទៀត។
ការតែងតាំងកូនៗ ឬសមាជិកគ្រួសាររបស់ខ្លួនក្នុងមុខនាទីសំខាន់ៗបែបនេះ គឺជាអំពើបក្សពួកនិយម ហើយតើយុវជនរបស់គណបក្សនេះប៉ុន្មានម៉ឺន ឬលាននាក់ដែលមានឪពុកម្តាយអាចធ្វើដូច្នោះបាន? កាលពីចុងខែមករា កន្លងទៅនេះ កូនស្រី និងកូនប្រុសរបស់លោក លឹម គានហោ ដែលជារដ្ឋមន្ត្រីក្រសួងធនធានទឹក ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការនៃក្រសួងរបស់ឪពុកខ្លួនដែរ។
ស្រដៀងគ្នាដែរ កាលពីឆ្នាំ២០១៣ កូនស្រីលោក ចម ប្រសិទ្ធិ ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវបានតែងតាំងជាប្រធានខុទ្ទកាល័យនៃក្រសួងរបស់ឪពុកខ្លួនដែរ។ វាមានរឿងបែបគ្រួសារនិយមនេះជាច្រើនទៀតនៅតាមក្រសួង មន្ទីរ និងស្ថាប័នរដ្ឋនានាក្នុងរបបលោក ហ៊ុន សែន បច្ចុប្បន្ននេះ។
ករណីគ្រួសារនិយមបែបនេះ និងអំពើអយុត្តិធម៌ក្នុងសង្គមជាច្រើនទៀត ប្រហែលអាចជាកត្តាដែលនាំឱ្យមានការបាត់បង់ការគាំទ្រលោក ហ៊ុន សែន ទាំងក្នុងក្របខ័ណ្ឌជាតិ និងផ្ទៃក្នុងបក្សរបស់គាត់។

កាលពីចុងឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជា បានជួលក្រុមហ៊ុនអ៊ីស្រាអែលមួយឱ្យធ្វើការស្ទង់មតិប្រជាពលរដ្ឋខ្មែរ ហើយលទ្ធផលនៃការស្ទង់មតិនោះត្រូវបានបែកធ្លាយចេញជាសាធារណៈ។ លទ្ធផលនៃការស្ទង់មតិ បានបង្ហាញថា ការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរចំពោះលោក ហ៊ុន សែន គឺមានតែ ៣៥% ប៉ុណ្ណោះ។ ដូច្នេះ វាមានន័យថា ប្រជាពលរដ្ឋភាគច្រើនមិនគាំទ្រលោក ហ៊ុន សែន ទេ។
លោក សុខ ឥសាន ដែលជាអ្នកនាំពាក្យអតីតគណបក្សកុម្មុយនីស្តមួយនេះ បានថ្លែងប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិកកាលពីខែកក្កដា ឆ្នាំ២០១៨ ថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន មានសមាជិកចំនួន ៥លាន ៥សែននាក់ (៥៥០០០០០នាក់)។ ក្នុងខែកក្កដា ឆ្នាំ២០១៨ នោះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានឱ្យដឹងថា ចំនួនប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតគឺជាង ៨លាននាក់ (៨៣៨០២១៧នាក់)។ បើគេប្រៀបធៀបចំនួនសមាជិកគណបក្សប្រជាជនកម្ពុជានឹងចំនួនប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត នោះគេឃើញថា សមាជិកគណបក្សប្រជាជនកម្ពុជាមាន ៦៥% នៃចំនួនអ្នកបោះឆ្នោតសរុប ។ ដូច្នេះ បើផ្អែកលើតួលេខនៃការស្ទង់មតិដែលបង្ហាញថា អ្នកបោះឆ្នោតតែ ៣៥% ប៉ុណ្ណោះដែលគាំទ្រលោក ហ៊ុន សែន អ៊ីចឹងវាមានន័យថា ក្នុងចំណោមសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៦៥% នោះ គឺមាន ៣០% មិនគាំទ្រការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន ឡើយ។
ជាមួយគ្នានេះ លោក ហ៊ុន សែន ចាប់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងរំលាយគណបក្សប្រឆាំងមួយនេះនាចុងឆ្នាំ២០១៧។ ចំណាត់ការរបស់លោក ហ៊ុន សែន នៅពេលនោះ គឺដើម្បីរារាំងគណបក្សប្រឆាំងមួយនេះមិនឱ្យចូលរួមប្រកួតក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨។ ដូច្នេះវាមានន័យថា លោក ហ៊ុន សែន ដឹងច្បាស់ថាសមាជិកគណបក្សប្រជាជនកម្ពុជា អាចមិនគាំទ្រការបន្តគ្រប់គ្រងអំណាចរបស់គាត់ និងអាចបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ។

ចំណុចមួយទៀតដែលអាចជាភស្តុតាងបញ្ជាក់អំពីការមិនមានការគាំទ្រគ្រប់គ្រាន់ពីសមាជិកគណបក្សប្រជាជនកម្ពុជា ចំពោះការបន្តគ្រប់គ្រងអំណាចរបស់គ្រួសារត្រកូល ហ៊ុន នោះគឺការដែលលោក ហ៊ុន សែន តែងតាំងកូនច្បងរបស់ខ្លួនជាបេក្ខជនស្នងតំណែងនាយករដ្ឋមន្ត្រី។ សញ្ញាដែលបង្ហាញថាលោក ហ៊ុន សែន ពុំទទួលបានការគាំទ្រគ្រប់គ្រាន់សម្រាប់ការស្នងតំណែងដោយកូនរបស់គាត់នោះ គឺការគំរាមកំហែងពីលោក ហ៊ុន សែន ចំពោះមន្ត្រីជាន់ខ្ពស់មួយចំនួន និងការបង្ខំឱ្យសាខាបក្ស និងស្ថាប័នផ្សេងៗប្រកាសគាំទ្រការតែងតាំងលោក ហ៊ុន ម៉ាណែត ជាសាធារណៈ។
សរុបមក យោងតាមទឡ្ហីករណ៍ និងការវិភាគពីខាងដើមមកនេះ សមាជិកគណបក្សប្រជាជនកម្ពុជាជាច្រើនមិនគាំទ្រការគ្រប់គ្រងអំណាចរបស់គ្រួសារត្រកូល ហ៊ុន នោះទេ៕