30.7 C
Phnom Penh

ពលរដ្ឋ​ខេត្ត​កោះកុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ប្រមូលផ្ដុំ​នៅ​មុខ​ក្រសួង​មហាផ្ទៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ជាង ១០០​នាក់ នៅ​ខេត្ត​កោះកុង បាន​នាំគ្នា​ឡើង​មក​ប្រមូលផ្ដុំ​នៅ​មុខ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍ និង​ឆ្លើយ​បំភ្លឺ​ករណី​ជម្លោះ​ដីធ្លី​ជាមួយ​លោក ហេង ហ៊ុយ ដែល​ជា​មន្ត្រី​នគរបាល​ពាក់​ផ្កាយ​ពីរ និង​ជា​អ្នក​មាន​ងារ​ជា​ឧកញ៉ា​ផង​ដែរ។

ពលរដ្ឋ​ដែល​ឡើង​មក​ដាក់​ញត្តិ និង​មក​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ នា​ថ្ងៃ​ចន្ទ ទី​២៨ មីនា មកពី​សហគមន៍​ចំនួន​៣ នៃ​ស្រុក​បុទុមសាគរ និង​ស្រុក​ស្រែអំបិល។ សហគមន៍​ទាំង​៣ ដែល​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​ក្រសួង​មហាផ្ទៃ ក្នុង​នោះ​មាន​សហគមន៍​១៩៧ សហគមន៍​ព្រលាន និង​សហគមន៍​៧៦៦។

តំណាង​សហគមន៍​១៩៧ អ្នកស្រី ដេត ហួរ ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នៅ​ថ្ងៃ​ទី​២៨ មីនា ថា ការ​ឡើង​មក​ភ្នំពេញ​របស់​ពួកគាត់​នា​ថ្ងៃ​នេះ​ដោយសារ​តំណាង​របស់​ពួកគាត់​ចំនួន ១៣​នាក់​ត្រូវ​ឆ្លើយ​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ បន្ទាប់ពី​ពលរដ្ឋ​បាន​ដាក់​បណ្ដឹង​កាលពី​ខែ​សីហា ឆ្នាំ​២០២១ ដោយ​ប្តឹង​ឧកញ៉ា ហេង ហ៊ុយ ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី​ស្ថិត​ក្នុង​ភូមិ​តានី និង​ភូមិ​ឈូក ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។

អ្នកស្រី​បន្ត​ថា លោក ហេង ហ៊ុយ អាង​តួនាទី​ជា​មន្ត្រី​នគរបាល​ពាក់​ផ្កាយ​ពីរ បាន​គប់គិត​គ្នា​រំលោភ​យក​ដី​ពួកគាត់​ជាង ១២០០​ហិកតារ ហើយ​ថែម​ទាំង​ដើរ​គំរាមកំហែង​ពួកគាត់​មិន​ឲ្យ​ធ្វើការ​តវ៉ា រួម​ទាំង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ប្ដឹង​ពួកគាត់​ថែម​ទៀត។

តំណាង​សហគមន៍​១៩៧ រូប​នេះ​បង្ហាញ​ក្ដី​សង្ឃឹម​ថា​នឹង​ទទួល​បាន​ដំណោះស្រាយ បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​ហៅ​ពួកគាត់​មក​បំភ្លឺ​ក្រោយពី​ទទួល​បាន​បណ្ដឹង​ពលរដ្ឋ ខណៈ​កន្លងមក ក្រសួង​មិន​ដែល​កោះហៅ​ពួកគាត់​មក​សាកសួរ​បែប​នេះ​ឡើយ។

ក្រៅពី​សហគមន៍​១៩៧ នៅ​ថ្ងៃ​ដដែល​នេះ​ក៏​មាន​សហគមន៍​ព្រលាន​យន្តហោះ​បាន​នាំគ្នា​ប្រមូលផ្ដុំ​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ​ដែរ ដើម្បី​សុំ​អន្តរាគមន៍​ពី​ក្រសួង​មហាផ្ទៃ​ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ដែល​បាន​អូស​បន្លាយ​រយៈពេល​យូរ​ឆ្នាំ​ណាស់​មក​ហើយ។

បើ​តាម​តំណាង​សហគមន៍ អះអាង​ថា ក្រុមហ៊ុន ហេង ហ៊ុយ បាន​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់​តាំងពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ ដែល​នាំ​ឲ្យ​ពួកគាត់​នាំគ្នា​ធ្វើការ​តវ៉ា​ជាបន្តបន្ទាប់។

កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៩ ពួកគាត់​ដែល​ជា​ពលរដ្ឋ​រងគ្រោះ ១៩៧​គ្រួសារ បាន​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី ប៉ុន្តែ​ការ​អះអាង និង​ចោទ​នេះ ត្រូវ​បាន​លោក ហេង ហ៊ុយ ច្រានចោល និង​បាន​ប្តឹង​តំណាង​ពលរដ្ឋ​ទៅ​តុលាការ​ផង​ដែរ។

តំណាង​សហគមន៍​១៩៧ អ្នកស្រី ដេត ហួរ អះអាង​ថា លោក ហេង ហ៊ុយ បាន​រំលោភ​យក​ដី​ស្រែ​ចម្ការ​ពួកគាត់​ហើយ បែរជា​មក​ប្ដឹង និង​គំរាមកំហែង​ពួកគាត់​គ្រប់​រូបភាព​ដើម្បី​កុំ​ឱ្យ​ពួកគាត់​តវ៉ា​ថែម​ទៀត។

គិត​មកទល់​ពេល​នេះ មាន​តំណាង​ពលរដ្ឋ ១០​នាក់​ហើយ​ដែល​ជាប់​បណ្តឹង​នៅ​តុលាការ ក្រោម​ការ​ប្តឹង​របស់​លោក ហេង ហ៊ុយ ដោយ​ពលរដ្ឋ​ទាំងនោះ​រង​ការ​ចោទ​ពី​បទ «បរិហារ​កេរ្តិ៍ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស