28 C
Phnom Penh

មន្ត្រី​អ៊ុយក្រែន​ថា​រុស្ស៊ី​មាន​ផែនការ​បំបែក​ដែនដី​អ៊ុយក្រែន​ជា​ពីរ​ដូច​នឹង​ឧបទ្វីប​កូរ៉េ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ មក​ដល់​ថ្ងៃ​ទី​២៨ មីនា គឺ​មាន​រយៈពេល ៣៣​ថ្ងៃ​ហើយ​ដែល​រុស្ស៊ី​បង្ក​ភ្លក់​ភ្លើង​សង្គ្រាម​យ៉ាង​សន្ធោសន្ធៅ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ដែល​ជា​ប្រទេស​មួយ​ជាប់​នឹង​ព្រំដែន​របស់​ខ្លួន ហើយ​មាន​ប្រពៃណី និង​មាន​ភាសា​ប្រហាក់ប្រហែល​គ្នា។

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែល​ជា​ជន​ផ្ដាច់ការ​ដ៏​មាន​អំណាច និង​មាន​ឥទ្ធិពល​នៅ​លើ​ទឹកដី​រុស្ស៊ី បាន​បញ្ជា​ឱ្យ​លើក​កងទ័ព​ជិត ២០​ម៉ឺន​នាក់ រួម​នឹង​សព្វាវុធ​ទំនើបៗ មាន​រថពាសដែក រថក្រោះ កាំភ្លើងធំ មីស៊ីល យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ និង​នាវាចម្បាំង​រាប់​រយ​គ្រឿង ទៅ​ចូល​លុកលុយ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy។

ផែនការ​របស់​លោក ពូទីន គឺ​ក្រោយពី​ការ​វាយ​រំលំ​រដ្ឋាភិបាល​របស់​លោក Zelenskiy បាន​ជោគជ័យ​ហើយ គឺ​ឈាន​ដល់​ការ​បង្កើត​រដ្ឋាភិបាល​អាយ៉ង​របស់​ខ្លួន តែ​ពុំ​ដូច​ការ​រំពឹង​ទុក​ឡើយ គឺ​មក​ដល់​ថ្ងៃ​នេះ ៣៣​ថ្ងៃ​មក​ហើយ សង្គ្រាម​នៅ​បន្ត​ឆាបឆេះ​យ៉ាង​ខ្លាំង ហើយ​សូម្បី​រដ្ឋធានី​គៀវ ក៏​កងទ័ព​រុស្ស៊ី ពុំ​អាច​វាយលុក​ចូល​កាន់កាប់​បាន​ឡើយ។

ដោយ​មើល​ឃើញ​អំពី​ផលវិបាក​ដូចនេះ លោក ពូទីន ត្រូវ​បាន​រាយការណ៍​មក​ថា លោក​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​មួយ​ទៀត គឺ​វាយ​យក​តំបន់​ភាគ​ខាងត្បូង​ឲ្យ​បាន ហើយ​ធ្វើ​ឲ្យ​ដែនដី​អ៊ុយក្រែន បែកបាក់​ជា​ពីរ។ តំបន់​ភាគ​ខាងត្បូង​មាន​ដែនដី​ធំ​២ គឺ​រដ្ឋ Luhansk និង Donetsk ដែល​ជាប់​តំបន់​គ្រីមៀរ នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ ទាំង​តំបន់ Luhansk និង Donetsk ត្រូវ​បាន​សភា​រុស្ស៊ី និង​ប្រធានាធិបតី ពូទីន ចុះ​ក្រឹត្យ​ច្បាប់​ទទួលស្គាល់​ជា​សាធារណរដ្ឋ​ឯករាជ្យ​ពី​អ៊ុយក្រែន។ ក្រឹត្យ​ច្បាប់​របស់​រុស្ស៊ី បាន​ធ្វើឡើង​មុន​នឹង​លោក ពូទីន លើក​ទ័ព​ចូល​លុកលុយ​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។

កាលពី​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​មីនា មន្ត្រី​ចារកម្ម​ម្នាក់​នៃ​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន បាន​អះអាង​ថា លោក​ទទួល​បាន​សារ​សម្ងាត់ គឺ​រុស្ស៊ី​ប្រហែលជា​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ពុះ​ចែក​អ៊ុយក្រែន​ជា​ពីរ​ដូច​ករណី​កូរ៉េ​ខាងជើង កូរ៉េ​ខាងត្បូង។ មន្ត្រី​អ៊ុយក្រែន​រូប​នេះ​អះអាង​ទៀត​ថា មាន​សញ្ញា​ជាច្រើន​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​របស់​លោក ពូទីន ដែល​ចេញ​បទបញ្ជា​ឱ្យ​កងទ័ព​ទៅ​ប្រមូលផ្ដុំ​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​អ៊ុយក្រែន វិញ គឺ​មើល​ទៅ​រុស្ស៊ី​គិត​ថា​កងទ័ព​របស់​ខ្លួន​មិន​អាច​វាយ​ដណ្តើម​បាន​រដ្ឋធានី​គៀវ ឡើយ។

លោក Kyrylo Boudanov ប្រធាន​នាយកដ្ឋាន​ចារកម្ម​នៃ​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន បាន​សរសេរ​លើ​ហ្វេសប៊ុក​ក្រសួង​ការពារ​ជាតិ​ថា ប្រធានាធិបតី​រុស្ស៊ី​អាច​នឹង​ប្តូរ​យុទ្ធសាស្ត្រ​ដោយ​បញ្ជា​ឱ្យ​កងទ័ព​មក​ប្រមូលផ្ដុំ​គ្នា​វាយ​កាន់កាប់​ឲ្យ​បាន​ទាំងស្រុង​តំបន់​ដុនបាស់ ហើយ​ការ​វាយប្រហារ​ទៅលើ​រដ្ឋធានី​គៀវ នៅតែ​បន្ត។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Independent កងទ័ព​រុស្ស៊ី​បាន​ប្រមូលផ្ដុំ​គ្នា​វាយ​សម្រុក​នៅ​ភាគ​ខាងកើត និង​ខាងត្បូង គឺ​នៅ​រយៈពេល ២​ថ្ងៃ​មក​នេះ ដែល​មន្ត្រី​ចារកម្ម​អ៊ុយក្រែន លោក Kyrylo Boudanov ចាត់ទុក​ថា​ជា​សញ្ញា​មួយ​ដែល​រុស្ស៊ី​មាន​ផែនការ​គ្រប់គ្រង​ភាគ​ខាងកើត និង​ខាងត្បូង​អ៊ុយក្រែន ហើយ​ពុះ​ច្រៀក​អ៊ុយក្រែន​ជា​ពីរ​ដូច​នៅ​កូរ៉េ​ខាងជើង និង​ខាងត្បូង​សព្វថ្ងៃ​នេះ។ កូរ៉េ​ខាងត្បូង និង​កូរ៉េ​ខាងជើង​ដែល​ជា​សាច់ឈាម​តែ​មួយ បាន​សម្រេច​ចែក​ដី​គ្នា​កាន់កាប់​ក្រោម​សន្ធិសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​១៩៥៣ ដែល​ជា​ឆ្នាំ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​មាន​រយៈពេល ៤​ឆ្នាំ។

មន្ត្រី​ចារកម្ម​អ៊ុយក្រែន​រូប​នេះ​បាន​បន្ត​ថា រុស្ស៊ី​អាច​នឹង​យក​ដែនដី​មួយ​ចំហៀង​ខាងកើត និង​ខាងត្បូង​អ៊ុយក្រែន បង្កើត​ជា​រដ្ឋ ដោយ​លើក​បន្តុប​រដ្ឋាភិបាល​មួយ​ក្រោម​ខ្សែ​ញាក់​របស់​រុស្ស៊ី។

តាម​ដំណឹង​ចុងក្រោយ គឺ​តំបន់ Luhansk ត្រូវ​បាន​កងទ័ព​រុស្ស៊ី​វាយ​កាន់កាប់​បាន​ជិត ៩០% ហើយ។ ចំណែក​តំបន់ Donetsk កងទ័ព​រុស្ស៊ី​វាយ​បាន​ជិត ៦០%។ នៅ​ភាគ​ខាងត្បូង គឺ​មាន​ទីក្រុង​ធំ​មួយ​របស់​ប្រទេស​អ៊ុយក្រែន គឺ​ទីក្រុង Kherson។ ទីក្រុង​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង ត្រូវ​បាន​កងទ័ព​រុស្ស៊ី​ដណ្តើម​បាន និង​ចូល​ត្រួតត្រា​ទាំងស្រុង​ហើយ។ ដោយឡែក​នៅ​តំបន់ Luhansk គឺ​លោក Léonid Passetch-nik មេដឹកនាំ​តំបន់​នេះ​ដែល​ជា​មេដឹកនាំ​ឧទ្ទាម​បំបែក​ខ្លួន បាន​ប្រកាស​ថា ក្នុង​ពេល​ឆាប់ៗ​នេះ លោក​នឹង​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ​មួយ ដើម្បី​ភ្ជាប់​តំបន់​នេះ​ទៅជា​ផ្នែក​មួយ​របស់​ដែនដី​រុស្ស៊ី។

យ៉ាងនេះ​ក្ដី លោក Oleg Niko-lenko អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ុយក្រែន បាន​សរសេរ​លើ Twitter របស់​លោក​ថា ការ​បោះឆ្នោត​ប្រជាមតិ​ទាំងអស់​នៅ​អំឡុង​សង្គ្រាម គឺជា​រឿង​ក្លែងក្លាយ គឺ​វា​គ្មាន​ភាព​ស្រប​ច្បាប់​នោះ​ឡើយ។ នេះ​បើ​យោង​តាម​គេហទំព័រ News.co.uk ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​នេះ។

នៅ​ថ្ងៃ​ចន្ទ ទី​២៨ មីនា មាន​ការ​ចរចា​មួយ​លើក​ទៀត​រវាង​ភាគី​រុស្ស៊ី និង​អ៊ុយក្រែន ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​តួកគី។ អ្នក​សង្កេតការណ៍​យល់ស្រប​នឹង​លោក Kyrylo Boudanov ប្រធាន​នាយកដ្ឋាន​ចារកម្ម​នៃ​ក្រសួង​ការពារ​ជាតិ​ប្រទេស​អ៊ុយក្រែន ដែល​ថា​រុស្ស៊ី​មាន​ផែនការ​បំបែក​ទឹកដី​អ៊ុយក្រែន​ជា​ពីរ គឺ​ដូច​នឹង​ឧបទ្វីប​កូរ៉េ​សព្វថ្ងៃ​នេះ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ការ​ចរចា​នៅ​លើក​នេះ ភាគី​រុស្ស៊ី​អាច​នឹង​ចាប់​បង្ខំ​អ៊ុយក្រែន​ឱ្យ​ទទួលស្គាល់​តំបន់​ពីរ​នេះ គឺ​តំបន់ Luhansk និង Donetsk ដែល​ស្ថិត​ក្នុង​តំបន់ Donbass ជា​សាធារណរដ្ឋ​ឯករាជ្យ​ពី​អ៊ុយក្រែន ហើយ​អ៊ុយក្រែន និង​រដ្ឋធានី​គៀវ ត្រូវ​ដូរ​រដ្ឋធម្មនុញ្ញ​ដោយ​ប្រកាស​ជា​រដ្ឋ​អធិបតេយ្យ និង​អព្យាក្រឹត គឺ​មិន​ចូល​បក្ស​សម្ព័ន្ធ​យោធា​ណា​មួយ​ឡើយ។ តែ​ប្រធានាធិបតី​អ៊ុយក្រែន បាន​សច្ចា​ថា នឹង​មិន​ទទួលយក​សន្តិភាព​ជាមួយ​នឹង​ការ​ប្រគល់​ដី​ឱ្យ​រុស្ស៊ី​ដាច់ខាត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស