31 C
Phnom Penh

ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ស្នើ​ក្រសួង​បរិស្ថាន​បើក​លំហ​សេរីភាព​ចុះ​ល្បាត​ព្រៃឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍​ជាង ២០​ស្ថាប័ន ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ស្នើសុំ​ឱ្យ​បើក​លំហ​សិទ្ធិ​សេរីភាព​សហគមន៍ អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ឡើងវិញ។

ក្រុម​នេះ​ក៏​បាន​ជំរុញ​ឲ្យ​អនុវត្ត​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រសួង ដែល​សន្យា​ថែរក្សា​គម្រប​ព្រៃឈើ​ឱ្យ​បាន ៦០% នៅ​ត្រឹម​ឆ្នាំ​២០៣០ នៅ​ក្នុង​សន្និសីទ​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ប៉ារីស។

ក្នុង​ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ដែល​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​លើកឡើង​ថា ពួកគេ​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​សហគមន៍​មូលដ្ឋាន សមាគម អង្គការ​សង្គម​ស៊ីវិល និង​ការ​រក​ឃើញ​ជាបន្តបន្ទាប់​នូវ​បទល្មើស​ធនធាន​ធម្មជាតិ ក៏ដូចជា​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លងមក​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ទាំងនោះ​បាន​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អនុវត្ត​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ដូច​មាន​ចែង​ក្នុង​កម្មវិធី​ព្រៃឈើ​ជាតិ​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​កាលពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០២៩ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រសួង​នៅ​ក្នុង​សន្និសីទ​នៃ​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ប៉ារីស ដែល​សន្យា​ថែរក្សា​គម្រប​ព្រៃឈើ​ឱ្យ​បាន ៦០% នៅ​ត្រឹម​ឆ្នាំ​២០៣០។

ញត្តិ​ដដែល​ក៏​បាន​ស្នើ​ឱ្យ​យកចិត្ត​ទុកដាក់​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ត្រួតពិនិត្យ​តាមដាន​ការ​អនុវត្ត​កិច្ចសន្យា និង​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ក្នុង​នោះ​ត្រូវ​បើក​ទូលាយ​ឱ្យ​អ្នក​សារព័ត៌មាន អ្នក​សិក្សា​ស្រាវជ្រាវ សមាគម អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង​សាធារណជន ចូលរួម​តាមដាន និង​អង្កេត​ដើម្បី​ធានា​នូវ​តម្លាភាព។

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​ដាក់​ញត្តិ​ទៅកាន់​ក្រសួង​បរិស្ថាន ក្នុង​គោលបំណង​ស្នើ​ឱ្យ​ក្រសួង​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។

លោក​ថា បើសិនជា​រដ្ឋាភិបាល​នៅតែ​បិទ​មិន​ឱ្យ​ក្រុម​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ចុះ​ល្បាត​ព្រៃ​ទៀត លោក​បារម្ភ​ថា​ព្រៃឈើ​នៅ​កម្ពុជា​នឹង​វិនាស ដោយសារ​បច្ចុប្បន្ន បទល្មើស​ព្រៃឈើ​នៅ​មិន​ទាន់​មាន​ការ​ថយ​ចុះ​នៅឡើយ។

The Cambodia Daily មិន​អាច​ទាក់ទង​លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​បរិស្ថាន ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ។

កាលពី​កន្លងមក លោក ហ៊ុន សែន ប្រកាស​ក្ដែងៗ​ដោយ​កាត់​ក​ខ្លួនឯង រួម​ទាំង​បង្កើត​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​ឱ្យ​បាន​ដាច់ខាត​នោះ ត្រូវ​បរាជ័យ ក្នុង​នោះ​ព្រៃឈើ​នៅ​កម្ពុជា​ស្ទើរតែ​ហិនហោច។

កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ដោយ​រំឭក​អំពី​ភាព​សម្បូរ​ហូរហៀរ​នៃ​ព្រៃឈើ​នៅ​កម្ពុជា​កាលពី​អតីតកាល ខណៈ​បច្ចុប្បន្ន លោក​ថា​ព្រៃឈើ​នៅ​សល់​តិចតួច​ប៉ុណ្ណោះ ដោយ​រក​តែ​ព្រៃ​សម្រាប់​បាំង​ថ្ងៃ​មិន​បាន​ផង។

កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ អង្គការ​លើកលែង​ទោស​អន្តរជាតិ បង្ហាញ​របាយការណ៍​ថ្មី​មួយ​ថា នៅ​ក្នុង​ឆ្នាំ​២០២១ នេះ ព្រៃឈើ​ជាង ៦​ពាន់​ហិកតារ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​នៅ​កម្ពុជា ត្រូវ​បាន​បំផ្លាញ​ដោយសារ​ដៃ​របស់​ក្រុម​មន្ត្រី​ពុករលួយ។ អង្គការ​នេះ​បាន​ចោទប្រកាន់​ទៅលើ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​ក្រសួង​បរិស្ថាន ថា​មិន​បាន​អើពើ និង​មិន​ខ្វល់​ចំពោះ​ការ​រាយការណ៍​របស់​ពលរដ្ឋ ខណៈ​សកម្មភាព​ចុះទៅ​ស៊ើប​អង្កេត​ខ្លះ​របស់​មន្ត្រី​ក្រសួង​បរិស្ថាន ធ្វើឡើង​ដើម្បី​ទទួល​លុយ​ក្រោម​តុ​ពី​ជនល្មើស​តែប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស