26.6 C
Phnom Penh

គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ថ្កោលទោស​កងទ័ព​ថៃ ដែល​បន្ត​ឈ្លានពាន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ថ្កោលទោស​ប្រទេស​ថៃ ដាច់អហង្ការ ចំពោះ​ការ​បន្ត​ឈ្លានពាន​ដោយ​កងកម្លាំង​យោធា​មក​លើ​ប្រទេស​កម្ពុជា ព្រោះ​ទង្វើ​នេះ​គឺជា​អំពើ​អមនុស្សធម៌ ព្រៃផ្សៃ គ្មាន​ច្បាប់​ទម្លាប់ និង​ជា​ឧក្រិដ្ឋកម្ម ដែល​បំផ្លាញ​សន្តិភាព និង​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៨ ធ្នូ នេះ ដោយ​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​អំពើ​អមនុស្សធម៌ ព្រៃផ្សៃ គ្មាន​ច្បាប់​ទម្លាប់ និង​ជា​ឧក្រិដ្ឋកម្ម ដែល​កងកម្លាំង​យោធា​ថៃ បាន​ប្រព្រឹត្ត​មក​លើ​បូរណភាព​ដែនដី និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​របស់​កម្ពុជា នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ថ្ងៃទី​៧ និង​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ភាគី​ខ្មែរ​ចោទប្រកាន់​ថា កងកម្លាំង​យោធា​ថៃ បាន​បើក​ការ​វាយប្រហារ​លើ​កម្ពុជា​សាជាថ្មី​ចាប់តាំងពី​ម្សិលមិញ​មក (ថ្ងៃទី​៧ ធ្នូ) ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ព្រំដែន​ត្រូវ​រត់​ភៀស​សឹក​ចេញពី​លំនៅឋាន​ជាបន្តបន្ទាប់។

ចំណែកឯ​ពលរដ្ឋ​ថៃ ក្នុង​ខេត្ត​៥ រួម​មាន​ស្រះកែវ សុរិន្ទ បុរីរម្យ ស៊ីសាកេត និង​ឧប៊ុន ក៏​ត្រូវ​ជម្លៀស​ចេញពី​លំនៅឋាន​រាប់​ពាន់​គ្រួសារ​ដែរ។

នៅ​ថ្ងៃទី​៨ ធ្នូ នេះ កាសែត​ថៃ ខៅស៊ុត ស្រង់​សម្ដី​អ្នក​នាំពាក្យ​កងទ័ព​ថៃ លោក វិនថៃ សុវ៉ារី (Winthai Suvaree) ថា ការ​ប្រើប្រាស់​អាវុធ​តបត​នៅតែ​អនុវត្ត​តាម​ផែនការ​កំណត់​ក្នុង​តំបន់​ជាក់លាក់ ក្រោម​វិធានការ​វាយលុក​ទៅ​លើ​គោលដៅ​បោះ​តាំង​អាវុធ​ដែល​វាយប្រហារ​មក​លើ​ទឹកដី​ថៃ។

លោក​អះអាង​ថា ភាគី​ខ្មែរ​បាន​បើក​ការ​វាយប្រហារ​លើ​ថៃ នៅ​តំបន់​ចុងអានម៉ា ប្រាសាទ​ខាន់ណា ប្រាសាទ​តាក្របី និង​ប្រាសាទ​តាមាន់ធំ ក្នុង​ខេត្ត​សុរិន្ទ និង​តំបន់​ហួយតាម៉ារៀ នៅ​ខេត្ត​ស៊ីសាកេត ខណៈ​កងទ័ព​ថៃ បាន​សងសឹក​ដោយ​ផ្ដោត​ជា​សំខាន់​លើ​គោលដៅ​យោធា និង​ទីតាំង​អាវុធ។

រីឯ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា លោក នេត្រ ភក្ដ្រា បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៨ ធ្នូ នេះ​ថា តួលេខ​បឋម​ពី​ខេត្ត​ឧត្ដរមានជ័យ និង​ព្រះវិហារ មាន​ពលរដ្ឋ​ស្លូតត្រង់​ខ្មែរ​ស្លាប់ ៤​នាក់ និង​របួស ៩​នាក់ ខណៈ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់​ទៀត​កំពុង​ភៀសខ្លួន ក្រោយ​ការ​វាយប្រហារ​ពី​កងទ័ព​ថៃ នា​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាស​ថា ភារកិច្ច​ចម្បង និង​ចំពោះមុខ​របស់​រាជរដ្ឋាភិបាល គឺ​ការពារ​ប្រជាជន និង​ការពារ​បូរណភាព​ទឹកដី​ក្នុង​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា ហើយ​អំពាវនាវ​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ រួម​សាមគ្គី​គ្នា​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស