31 C
Phnom Penh

អាជ្ញាធរ​បដិសេធ​ទទួល​ញត្តិ​សកម្មជន​បរិស្ថាន​ករណី​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​សៀមរាប បដិសេធ​មិន​ទទួល​ញត្តិ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ស្នើសុំ​ឲ្យ​បង្ហាញ​ព័ត៌មាន​ជុំវិញ​លទ្ធផល​នៃ​ការ​ចុះ​ស្រាវជ្រាវ​ករណី​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប រួម​ជាមួយ​ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​នៅ​ក្នុង​ទីក្រុង​សៀមរាប។

សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ បាន​យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​របស់​យុវជន​ចំនួន ៤៦​នាក់ ទៅ​ដាក់​នៅ​សាលាខេត្ត​សៀមរាប ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បង្ហាញ​ព័ត៌មាន​ជុំវិញ​លទ្ធផល​នៃ​ការ​ចុះ​ស្រាវជ្រាវ​អំពី​ករណី​នៃ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប ប៉ុន្តែ​ញត្តិ​នេះ​ត្រូវ​បាន​បដិសេធ ហើយ​អាជ្ញាធរ​ជំរុញ​ឱ្យ​ពួកគេ​ទាក់ទង​ទៅ​ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ឈ្វេងយល់​ពី​បញ្ហា​នេះ​បន្ថែម​ទៀត។

លោក ថុន រដ្ឋា លើកឡើង​ថា ការ​ដាក់​ញត្តិ​នេះ គឺ​ក្នុង​បំណង​ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ខ្លួន ចំពោះ​ការ​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​ស្ទឹង​សៀមរាប បន្ទាប់ពី​ក្រុម​សកម្មជន​បរិស្ថាន​បាន​រក​ឃើញ​ថា ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​ខេត្ត​នេះ​ដែល​ប្រើ​សម្រាប់​ទប់​កាកសំណល់ និង​ចម្រោះ​ទឹក​ស្អាត​ចូល​ក្នុង​ស្ទឹង បាន​ប្រែ​ក្លាយ​ទៅជា​អាង​ចិញ្ចឹម​ត្រី​ទៅ​ហើយ​នោះ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ​ព្រមាន​ថា ប្រសិនបើ​ស្ទឹង​សៀមរាប​នៅតែ​មាន​ទឹក​ស្អុយ​ហូរ​ចូល​ពី​តាម​ប្រឡាយ លូ បង្គន់ ដោយ​គ្មាន​ឆ្លងកាត់​ការ​ចម្រោះ​ត្រឹមត្រូវ​ពី​ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​នោះ​ទេ លោក​នឹង​ធ្វើ​សកម្មភាព​ផ្សេងៗ​ជាបន្តបន្ទាប់​ទៀត ដើម្បី​រួម​ចំណែក​ក្នុង​ការ​កែប្រែ​ស្ទឹង​សៀមរាប ឱ្យ​ក្លាយ​ជា​ស្ទឹង​ដែល​មាន​សោភណភាព និង​គ្មាន​ក្លិន​អាក្រក់​ដែល​បណ្តាល​មកពី​ទឹក​កខ្វក់​ហូរ​ចូល។

ការ​ដាក់​ញត្តិ​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​បរិស្ថាន​បាន​រក​ឃើញ​ថា ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​ក្នុង​ក្រុង​សៀមរាប បាន​ផ្អាក​ដំណើរការ ប៉ុន្តែ​ត្រូវ​បាន​ប្រើប្រាស់​ជា​អាង​ចិញ្ចឹម​ត្រី​វិញ​សព្វថ្ងៃ​នេះ។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​កន្លងមក ថា​ប្រព័ន្ធ​លូ និង​ស្ថានីយ​ចម្រោះ​ទឹក កាកសំណល់​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​សង្គម និង​ជួយ​លើកស្ទួយ​ដល់​កិត្តិយស​ប្រទេស​កម្ពុជា​ទៀត​ផង។

សមិទ្ធផល​ប្រព័ន្ធ​ចម្រោះ​ទឹក និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កខ្វក់​រាប់​ពាន់​ម៉ែត្រ​ដែល​បើក​ឲ្យ​ប្រើប្រាស់ គ្រាន់តែ​ជួយ​រំដោះ​ទឹក​ចេញពី​ខេត្ត​សៀមរាប បាន​មួយ​ផ្នែក​ប៉ុណ្ណោះ។ រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​គូរ​ប្លង់​សាងសង់​បន្ថែម​នូវ​ប្រព័ន្ធ​លូ​សម្អាត​ទឹក​សំណល់ និង​កែលំអ​ស្ទឹង​សៀមរាប ក្រោម​ប្រាក់កម្ចី​សម្បទាន​ពី​ប្រទេស​កូរ៉េ ចំនួន ៣០​លាន​ដុល្លារ​អាមេរិក។

ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​ខេត្ត​សៀមរាប ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០១០ លើ​ផ្ទៃដី​ទំហំ ១២​ហិកតារ ដែល​ជា​កម្ចី​សម្បទាន​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី រួម​ទាំង​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ទៀត​សម្រាប់​សាងសង់​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​សំណល់​នេះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​យុវជន​ដែល​ធ្វើ​ការងារ​លើ​វិស័យ​បរិស្ថាន អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​ខេត្ត​សៀមរាប​សព្វថ្ងៃ​នេះ មិន​បាន​ដើរ​តួនាទី​ចម្រោះ​ទឹក​កខ្វក់​ពី​ផ្ទះ​ពលរដ្ឋ ពី​មន្ទីរពេទ្យ ពី​ប្រឡាយ និង​លូ​ទឹក​ស្អុយ​នានា មុន​នឹង​បង្ហូរ​ចូល​ស្ទឹង​សៀមរាប​ដូច​មុន​នោះ​ឡើយ ប៉ុន្តែ​ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ធ្វើជា​អាង​ចិញ្ចឹម​ត្រី​ទៅវិញ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស