32.1 C
Phnom Penh

ក្រុមហ៊ុន​រ៉ែ​មាស​ឥណ្ឌា MESCO GOLD បញ្ចេញ​សំណល់​កង្វក់​ចូល​អូរ​ត្រាយ បង្ក​ឱ្យ​ត្រី​មួយ​ចំនួន​ងាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​បរិស្ថាន រក​ឃើញ​ក្រុមហ៊ុន​ចម្រាញ់​រ៉ែ​មាស​ឥណ្ឌា MESCO GOLD (CAMBODIA) LTD ដែល​ស្ថិត​នៅ​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​បញ្ចេញ​សំណល់​រាវ​កង្វក់​ចូល​តំបន់​ទឹក​អូរ​ធម្មជាតិ (អូរ​ត្រាយ) និង​បាន​ធ្វើ​ឱ្យ​កម្រិត​អុកស៊ីសែន​នៅ​ក្នុង​ទឹក​អូរ​ថយ​ចុះ បង្ក​ឱ្យ​មាន​ត្រី​មួយ​ចំនួន​ងាប់។

ក្រសួង​បរិស្ថាន បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​អធិការកិច្ច​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន បាន​ចុះ​ត្រួតពិនិត្យ​ការ​បំពុល​បរិស្ថាន​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន MESCO GOLD (CAMBODIA) LTD នៅ​ថ្ងៃទី​៤ ខែ​តុលា និង​រក​ឃើញ​សំណល់​រាវ​ហូរ​ចូល​តំបន់​ទឹក​អូរ​ធម្មជាតិ (អូរ​ត្រាយ) ចម្ងាយ​ប្រមាណ ៣០​ម៉ែត្រ​ពី​ក្រុមហ៊ុន​ចម្រាញ់​រ៉ែ​មាស​នោះ។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃទី​៦​ខែ​តុលា ថា សំណល់​រាវ​ចេញពី​ក្រុមហ៊ុន បាន​ធ្វើ​ឱ្យ​កម្រិត​អុកស៊ីសែន​នៅ​ក្នុង​ទឹក​អូរ​ថយ​ចុះ បង្ក​ឱ្យ​មាន​ត្រី​ងាប់​មួយ​ចំនួន។ លោក​ថា បច្ចុប្បន្ន ក្រុម​ការងារ​ក៏​បាន​យក​សំណាក​សំណល់​រាវ និង​សំណាក​ទឹក​អូរ​សរុប​ចំនួន ៥​ទីតាំង មក​វិភាគ​នៅ​មន្ទីរពិសោធ​នៃ​ក្រសួង​បរិស្ថាន ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា ក្រុមហ៊ុន​រ៉ែ​មាស​ឥណ្ឌា​នេះ បាន​បូម​សំណល់​រាវ​ចេញពី​ស្រះ​ដែល​មាន​កករ ទៅ​ដាក់​នៅ​ក្នុង​ស្រះ​ស្ដុក​បណ្ដោះអាសន្ន ដែល​ជា​ស្រះ​ក្រាល​កៅស៊ូ​ខ្មៅ ករណី​ស្រះ​ស្ដុក​ពុំ​មាន​សមត្ថភាព​ស្ដុក​គ្រប់គ្រាន់ ក្រុមហ៊ុន​ត្រូវ​ធ្វើការ​ជីក​ស្រះ​បន្ថែម​សម្រាប់​ស្ដុក​សំណល់​រាវ​បណ្ដោះអាសន្ន។ ក្រុមហ៊ុន​ត្រូវ​ជួសជុល​ទប់ស្កាត់​ចំណុច​បែកធ្លាយ​សំណល់​រាវ ត្រូវ​រៀបចំ​ប្រព័ន្ធ​ការពារ​សំណល់​រាវ​ចេញពី​ទីតាំង​កិន និង​រែង​រ៉ែ​កុំ​ឱ្យ​លាយឡំ​ជាមួយ​ប្រព័ន្ធ​លូ​ទឹក​ភ្លៀង។

លោក ខ្វៃ អាទិត្យា ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ចំពោះ​ក្រុមហ៊ុន​ចម្រាញ់​រ៉ែ​មាស​ឥណ្ឌា MESCO GOLD ក្រៅតែ​ពី​ឈប់​បញ្ចេញ​សំណល់​រាវ​ជាបន្ទាន់ ក្រសួង​បរិស្ថាន ពិន័យ​អន្តរការណ៍​ដោយ​ផ្អែក​តាម​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ មាត្រា​១៥៦ មាត្រា​១៧៣ មាត្រា​២៨៧ និង​មាត្រា​៦៩៤ និង​អនុក្រឹត្យ​លេខ​២៧ ស្ដីពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក។

ប្រភព​ដដែល​អះអាង​ថា ក្រុមហ៊ុន​ត្រូវ​ផ្ដល់​សំណង​ផល​ប៉ះពាល់​ការ​ខូចខាត​បរិស្ថាន និង​សុខភាព​សាធារណៈ ត្រូវ​កែសម្រួល​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​សម្អាត​សំណល់​រាវ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​របាយការណ៍​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ (EIA) និង​បង់​មូលនិធិ​បរិស្ថាន និង​សង្គម និង​មូលនិធិ​ទាយជ្ជទាន​បរិស្ថាន​ឱ្យ​បាន​ទៀងទាត់។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​តែងតែ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​មុន​ការ​វាយតម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ (EIA) ដែល​ជា​ហេតុ​បង្ក​បញ្ហា​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​មិន​ចេះ​ចប់។

អង្គការ​សមធម៌​កម្ពុជា បាន​លើកឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​មក​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០០៧ ការ​ចូល​មក​កាន់កាប់​ដោយ​សាជីវកម្ម​លើ​ធនធាន​រ៉ែ បាន​បន្ត​អនុញ្ញាត​ឲ្យ​ឧស្សាហកម្ម​នេះ​ទទួល​បាន​ប្រាក់ចំណេញ​អតិបរមា និង​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ ខណៈ​ដែល​កាត់បន្ថយ​គណនេយ្យភាព​ប្រកប​ដោយ​ប្រសិទ្ធភាព។

ចំណែកឯ​ការ​ពង្រីក ការ​ធ្វើ​គ្រឿងយន្តកម្ម និង​ការ​ប្រើប្រាស់​សារធាតុ​គីមី​របស់​ឧស្សាហកម្ម​នេះ បាន​បង្កើន​ហានិភ័យ​ដល់​ការ​ទន្ទ្រាន​យក​ដីធ្លី ការ​បំផ្លាញ​បរិស្ថាន និង​សុខភាព និង​សុវត្ថិភាព​ការងារ​សម្រាប់​ពលរដ្ឋ និង​សហគមន៍​របស់​ប្រទេស​កម្ពុជា ជាពិសេស​ជនជាតិ​ដើម​ភាគតិច៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស