ប្រទេស និងប្រជាពលរដ្ឋកម្ពុជាបានក្លាយជាប្រទេស និងជនជាតិក្រីក្របំផុតមួយក្នុងលោក ប៉ុន្តែលោក ហ៊ុន សែន ដែលកាន់អំណាចក្នុងប្រទេសនេះប្រមាណបួនទសវត្សមកនេះ ហាក់ដូចជារីករាយនឹងស្ថានភាពបែបនេះទៅវិញ។
គាត់តែងតែអួត និងសម្ដែងមោទកភាពអំពីភាពជោគជ័យនៃការដឹកនាំរបស់គាត់។ ដូច្នេះវាមានន័យថា គាត់ចាត់ទុកស្ថានភាពក្រីក្ររបស់ប្រទេសជាតិ និងពលរដ្ឋ គឺជាភាពជោគជ័យរបស់គាត់មួយ ដែលនាំឲ្យមហាជនមានមន្ទិលសង្ស័យអំពីចេតនារបស់គាត់ចំពោះជាតិ និងពលរដ្ឋខ្មែរ។
ដូចគ្នានេះ គេក៏អាចមានសំណួរថា តើគាត់បង្កើតគោលនយោបាយដីសម្បទានសេដ្ឋកិច្ចដើម្បីអ្វី?
រដ្ឋាភិបាលលោក ហ៊ុន សែន បានបង្កើតគោលនយោបាយផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលកំណត់ដោយឯកសារគតិយុត្តិនានាទាំងមុន និងក្រោយច្បាប់ភូមិបាលក្នុងឆ្នាំ២០០១។ តាមពិត គោលនយោបាយនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះមានគោលបំណងល្អៗជាច្រើនសម្រាប់ជាតិ និងពលរដ្ឋកម្ពុជា ដូចជាការបង្កើតកសិឧស្សាហកម្ម ការបង្កើតការងារជូនពលរដ្ឋ និងការបង្កើនចំណូលជាតិ ជាដើម។ ក្រៅពីគោលបំណងដ៏ល្អផូរផង់នេះ ច្បាប់និងអនុក្រឹត្យពាក់ព័ន្ធនឹងការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ ក៏បានកំណត់លក្ខខណ្ឌយ៉ាងល្អិតល្អន់ជាច្រើនក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ ដើម្បីបង្ការផលប៉ះពាល់អាក្រក់ដល់ពលរដ្ឋ និងផលប្រយោជន៍ជាតិ។
ប៉ុន្តែក្រុមអ្នកជំនាញផ្នែកច្បាប់ និងសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានលើកឡើងអំពីកង្វល់ និងផ្តល់អនុសាសន៍អំពីផលប៉ះពាល់ជាច្រើនចំពោះពលរដ្ឋ និងប្រទេសជាតិដែលបណ្តាលមកអំពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ។ បញ្ហា និងអនុសាសន៍ទាំងនោះ ត្រូវបានលើកឡើងជាបន្តបន្ទាប់ប៉ុន្មានទសវត្សកន្លងមកនេះ ប៉ុន្តែបញ្ហានៅតែបន្តកើតមាន និងកាន់តែអាក្រក់ឡើង។

ចំណុចនេះ បានបង្កើតជាសំណួរ និងចម្ងល់អំពីចេតនារបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ។
ក្នុងខែមិថុនា ឆ្នាំ២០០៧ របាយការណ៍របស់តំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានលើកឡើងអំពីកង្វល់ និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបណ្តាលមកអំពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ។ របាយការណ៍នោះបញ្ជាក់ថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះបានធ្វើឲ្យមានការរំលោភសិទ្ធិមនុស្ស និងជីវភាពរស់នៅរបស់សហគមន៍ជនបទនានា។ ឫសគល់នៃបញ្ហាទាំងនោះ គឺជាភាពទន់ខ្សោយក្នុងការប្រតិបត្តិ និងសេចក្តីតម្រូវរបស់ច្បាប់ភូមិបាល និងអនុក្រឹត្យស្ដីពីការផ្តល់ និងគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានផ្សាយលើគេហទំព័ររបស់ខ្លួនថា ពលរដ្ឋខ្មែរចំនួនជាង ៤ម៉ឺន ៧ពាន់គ្រួសារ ឬជាង ៧៦ម៉ឺននាក់បានរងគ្រោះដោយផ្ទាល់ពីការផ្តល់ដីសម្បទាន។ ជាមួយគ្នានេះ គេក៏ពុំដែលឃើញរបាយការណ៍ផ្លូវការណាមួយដែលផ្សាយអំពីចំនួនប្រាក់ចំណូលជាតិ និងការងាររបស់ពលរដ្ឋដែលត្រូវបានផ្តល់ដោយគម្រោងដីសម្បទានសេដ្ឋកិច្ចនេះនៅឡើយទេ។
បើយោងតាមរបាយការណ៍ដូចខាងលើ គោលនយោបាយនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះបានបង្កនូវផលប៉ះពាល់ដ៏ច្រើនដល់ពលរដ្ឋខ្មែរក្នុងរយៈពេលជាច្រើនទសវត្សកន្លងមកនេះ ជាជាងការផ្តល់ប្រយោជន៍។
ប៉ុន្តែសំណួរសួរថា តើហេតុអ្វីបានជាលោក ហ៊ុន សែន នៅតែបន្តការផ្តល់ដីសម្បទានសេដ្ឋកិច្ចដោយមិនខ្វល់អំពីផលប៉ះពាល់ដល់ពលរដ្ឋ និងសង្គមជាតិ?
គេហទំព័ររបស់អង្គការលីកាដូ បង្ហាញថា ចំនួនផ្ទៃដីសម្បទានសេដ្ឋកិច្ចសរុបដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានផ្តល់ឲ្យក្រុមហ៊ុនជាតិ និងបរទេសនោះ គឺមានចំនួនជាង ២លានហិកតារ (២ ១៨៩ ២៦៥ហិកតារ) ក្នុងនោះរបបលោក ហ៊ុន សែន បានផ្តល់ដីសម្បទានសេដ្ឋកិច្ច៖
- ចំនួនជាង ៣សែនហិកតារ (៣៦២ ៥១៥ហិកតារ) ដល់ក្រុមហ៊ុនវៀតណាម
- ចំនួន ៣៨៤ ០៤៩ហិកតារ ដល់ក្រុមហ៊ុនចិន
- ចំនួន ៩៧០ ០១៣ហិកតារដល់ក្រុមហ៊ុនខ្មែរ
- និងចំនួន ៤៧២ ៦៨៧ហិកតារដល់ក្រុមហ៊ុនបរទេស និងប្រភពមិនច្បាស់លាស់ផ្សេងៗទៀត។
យោងតាមតួលេខនេះ ទំហំដីសម្បទានសេដ្ឋកិច្ចប្រមាណជាង ១លាន ២សែនហិកតារកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបរទេស ដែលក្នុងនោះ ក្រុមហ៊ុនចិន និងវៀតណាម គ្រប់គ្រងផ្ទៃដីធំជាងគេ គឺជិត ១លានហិកតារ។
ជាទូទៅ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច គឺមានរយៈពេលវែងចន្លោះពី ៧០-៩០ឆ្នាំ ឬប្រមាណជិតពីរជំនាន់មនុស្ស។ បើតាមអង្គការលីកាដូ នេះជាតួលេខដែលគេទទួលបាន តែនៅមានតួលេខផ្សេងទៀតដែលរដ្ឋាភិបាលពុំបានផ្សព្វផ្សាយ។ ដូច្នេះវាមានន័យថា ទំហំដីសម្បទានសេដ្ឋកិច្ចមានចំនួនច្រើនជាងតួលេខខាងលើដែលកំពុងស្ថិតក្នុងដៃក្រុមហ៊ុនឯកជនខ្មែរ និងបរទេស។
អ្នកជំនាញខ្លះនិយាយថា រដ្ឋទទួលចំណូលអំពីការយកពន្ធលើដីសម្បទានសេដ្ឋកិច្ចនេះបានត្រឹមតែចន្លោះពី $១ ដល់ $១០ ក្នុងមួយហិកតារក្នុងមួយឆ្នាំ ដែលមិនស្មើនឹងតម្លៃពលរដ្ឋខ្មែរដាំស្លឹកគ្រៃមួយគុម្ពក្នុងមួយឆ្នាំផង ហើយថាផលប្រយោជន៍សំខាន់របស់អ្នកកាន់អំណាចក្នុងគម្រោងដីសម្បទានសេដ្ឋកិច្ចនេះ គឺអំពើពុករលួយ។
ក្រុមសិទ្ធិមនុស្សក្នុងស្រុកខ្លះលើកឡើងអំពីរបាយការណ៍មួយក្នុងឆ្នាំ២០០៨ ដែលរកឃើញថា ពួកក្រុមហ៊ុនឯកជនខ្មែរ និងបរទេសត្រូវចំណាយលុយចន្លោះពី ៨០០-១៥០០ដុល្លារអាមេរិក ដើម្បីទទួលបានការផ្តល់អាជ្ញាប័ណ្ណ ឬសិទ្ធិគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចចំនួន ១ហិកតារពីនាយករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធ។
ប្រសិនបើដូចអ្វីដែលក្រុមអ្នកជំនាញលើកឡើង និងផ្អែកលើតួលេខនៃទំហំដីសម្បទានសេដ្ឋកិច្ចចំនួនជាង ២លានហិកតារដែលផ្តល់ដោយអង្គការលីកាដូ មែន ដូច្នេះអំពើពុករលួយដែលក្រុមឈ្មួញចំណាយលើរដ្ឋាភិបាលលោក ហ៊ុន សែន មានចន្លោះពីជិត ២ពាន់លានទៅជាង ៣ពាន់លានដុល្លារអាមេរិក។
តួលេខនៃអំពើពុករលួយអាចខ្ពស់ជាងនេះច្រើនដង ប្រសិនបើគេអាចទទួលបានតួលេខនៃទំហំដីសម្បទានសរុប ការចំណាយលើអ្នករត់ការផ្សេងៗ និងតួលេខនៃអំពើពុករលួយដែលកើតឡើងក្រោយឆ្នាំ២០០៨ ជាពិសេសនៅពេលដែលគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន គ្រប់គ្រងអំណាចតែឯងចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧ មក។

តែបើគេវិភាគដោយស៊ីជម្រៅបន្តិច គេអាចឃើញអំពីភាពខាតបង់របស់ជាតិ ដោយសារគម្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះមានច្រើនរូបភាព និងទំហំធំធេង។ របាយការណ៍របស់ក្រុមអ្នកស៊ើបអង្កេតមួយចំនួនបានបង្ហាញថា ក្រុមហ៊ុនឯកជនខ្មែរ និងបរទេសភាគច្រើនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច គឺសុទ្ធតែជាខ្សែរបស់អ្នកមានអំណាច ឬអ្នកមានអំណាចមានភាគហ៊ុនជាមួយពួកគេ។ ក្រុមហ៊ុនទាំងនោះពុំបានអនុវត្តតាមលក្ខខណ្ឌច្បាប់តម្រូវ ដូចជាការអភិវឌ្ឍវិស័យកសិកម្មទំនើប និងបង្កើតការងារជូនពលរដ្ឋទេ តែពួកគេគ្រាន់តែគ្រប់គ្រងដីទាំងនោះដើម្បីកាប់ឈើលក់ ជីករ៉ែ និងធ្វើអាជីវកម្មលើធនធានធម្មជាតិដទៃទៀត ដែលនាំឲ្យពួកគេរកលុយបានរាប់រយ ឬពាន់លានដុល្លារអាមេរិក ហើយធនធានធម្មជាតិរបស់ប្រទេសទទួលរងវិនាសកម្មយ៉ាងធ្ងន់ធ្ងរ។
កាលពីខែកុម្ភៈ ឆ្នាំ២០០៩ អង្គការ Global Witness បានចេញរបាយការណ៍ស៊ើបអង្កេតមួយក្រោមចំណងជើងថា “ប្រទេសសម្រាប់លក់” ដែលបានបង្ហាញអំពីការរកឃើញនូវអំពើបំផ្លាញជាតិរបស់លោក ហ៊ុន សែន និងបក្សពួក និងសមាជិកគ្រួសាររបស់ពួកគេ។
របាយការណ៍នោះបានផ្សាយថា ក្រុមអ្នកមានអំណាចកម្ពុជាបានប្រមូលផ្ដុំអត្ថប្រយោជន៍ពាណិជ្ជកម្មរបស់ខ្លួន ដោយរួមទាំងធនធានផ្សេងៗរបស់ជាតិផងដែរ។ ធនធានទាំងនេះរួមមានដីធ្លី កោះ ឆ្នេរ សមុទ្រ រ៉ែ និងប្រេងកាត ជាដើម។ ក្នុងរយៈពេល ១៥ឆ្នាំ គឺចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៨ ដីរបស់ជាតិប្រមាណ ៤៥% ត្រូវបានគេលក់ឲ្យក្រុមហ៊ុនឯកជន។
ប្រសិនបើដូចអ្វីដែលអង្គការ Global Witness បានលើកឡើងមែន នោះមានន័យថា លោក ហ៊ុន សែន បក្ខពួក និងក្រុមគ្រួសាររបស់ពួកគេអាចមានការពាក់ព័ន្ធដ៏ជ្រៅនៅក្នុងមុខជំនួញលក់ដី កោះ ឆ្នេរសមុទ្រ និងធនធានរដ្ឋដទៃទៀត ដូចជាព្រៃឈើ ជាដើម ហើយកត្តានេះគឺជាមូលហេតុចម្បងនៃវិបត្តិ និងវិនាសកម្មនានាដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា។

លោក ហ៊ុន សែន ធ្លាប់ឆ្ការដៃឆ្ការជើងជាច្រើនលើកច្រើនសា និងបញ្ជាឱ្យមនុស្សជំនិត ឬសាច់ញាតិរបស់លោកដោះស្រាយបញ្ហារ៉ាំរ៉ៃទាំងនេះ ដូចជាទំនាស់ដីធ្លី ឬការកាប់បំផ្លាញព្រៃឈើ ជាដើម ប៉ុន្តែបញ្ហានៅតែដដែល។ មូលហេតុចម្បងនៃបញ្ហា គឺមន្ត្រីដែលលោក ហ៊ុន សែន ចាត់តាំងឱ្យដោះស្រាយបញ្ហានោះ គឺប្រៀបដូចជាលោក ហ៊ុន សែន ផ្តល់មុខរបរ ឬឱកាសឲ្យរកលុយទៅវិញទេ។
ជាក់ស្តែង កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ កូនប្រសាម្នាក់របស់លោក ហ៊ុន សែន គឺលោក ឌី វិជ្ជា ត្រូវបានតែងតាំងជាប្រធានស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាអ្នកញុះញង់ករណីជម្លោះដីធ្លីគ្រប់ខេត្ត-រាជធានី។ ដូច្នេះ វាហាក់ដូចជាលោក ហ៊ុន សែន ផ្តល់មុខជំនួញនេះឲ្យកូនប្រសារបស់គាត់ធ្វើជាមុខរបររកលុយពីបញ្ហាទំនាស់ដីធ្លីផង និងការពារដីរបស់ក្រុមគ្រួសារ និងបក្សពួករបស់គាត់ផង។ បញ្ហាស្រដៀងគ្នានឹងពាក្យកំប្លែងរបស់ខ្មែរមួយឃ្លាដែលគេតែងតែនិយាយថា “ខំទៅប្តឹងព្រះឥន្ទរឿងចោរលួចមាន់ តែពេលទៅដល់ស្រាប់តែឃើញព្រះឥន្ទកំពុងសោយមាន់អាំងទៅវិញ”។
ដូច្នេះ គោលនយោបាយផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់លោក ហ៊ុន សែន គឺមិនមែនដើម្បីបង្កើនចំណូលជាតិ ឬបង្កើតការងារជូនប្រជាពលរដ្ឋទេ តែគឺជាមហិច្ឆតារបស់គាត់ក្នុងការប្រមូលចំណូល និងគ្រប់គ្រងធនធានរដ្ឋសម្រាប់ក្រុមគ្រួសារ និងបក្ខពួករបស់ខ្លួនតែប៉ុណ្ណោះ៕