សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានប្រើពេលវេលា ៣៦ថ្ងៃមកហើយ។ សង្គ្រាមដែលអ្នកជំនាញកិច្ចការសន្តិសុខពិភពលោក ព្រមានថាជាហានិភ័យដ៏ផុយស្រួយទៅរកសង្គ្រាមលោកលើកទី៣ បើអង្គការយោធាណាតូ (NATO) បញ្ជូនទ័ពជួយកងទ័ពអ៊ុយក្រែន ឬក៏កងទ័ពរុស្ស៊ី បាញ់ផ្លោងទៅលើប្រទេសណាមួយជាសមាជិកណាតូ។
ក្នុងរយៈពេល ៣៦ថ្ងៃមកនេះ ភាគីច្បាំងគ្នាទាំងពីរក៏បានសម្រេចទៅរកតុចរចាផងដែរ ដោយបានធ្វើឡើង ៧លើកមកហើយចាប់តាំងពីលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បញ្ជាទ័ពឱ្យលុកលុយប្រទេសអ៊ុយក្រែន ដើម្បីបញ្ចប់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Volodymyr Zelenskiy ដែលក្រុងមូស្គូ ចាត់ទុកជាមេដឹកនាំនិយមពួកបស្ចិមប្រទេស។
ដើមហេតុដែលនាំឱ្យមានសង្គ្រាម គឺមានចំណុចពីរដ៏សំខាន់ គឺទីមួយ រុស្ស៊ីដាក់គំនាបទៅលើរដ្ឋាភិបាលអ៊ុយក្រែន ឱ្យលះបង់ការប៉ុនប៉ងចូលជាសមាជិកយោធាណាតូ ដែលក្រុងមូស្គូ ចាត់ទុកថាលោក Zelenskiy ជាអ្នកបង្កអសន្តិសុខដល់មាត់ទ្វាររបងព្រំដែនរបស់រុស្ស៊ី និងទីពីរ រុស្ស៊ីមានផែនការវាយកាន់កាប់ដំបន់ Donbas ឱ្យមកនៅក្រោមចំណុះរបស់សហព័ន្ធរុស្ស៊ី គឺដូចរុស្ស៊ីយកបានតំបន់គ្រីមៀរ កាលពីឆ្នាំ២០១៤។ ប៉ុន្តែគ្រានោះ គ្រីមៀរ ធ្លាក់នៅក្រោមរុស្ស៊ីដោយមហាអំណាចយោធាលំដាប់ទី២ ពិភពលោកនេះ ពុំបានបញ្ចេញគ្រាប់កាំភ្លើងមួយគ្រាប់ឡើយ គឺរុស្ស៊ីយកបានតាមរយៈក្រុងមូស្គូ ណែនាំឱ្យមេដឹកនាំតំបន់នោះបោះឆ្នោតប្រជាមតិផ្ដាច់ខ្លួនពីអ៊ុយក្រែន។
ការបោះឆ្នោតនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ បាននាំឱ្យគ្រីមៀរ ក្លាយជាតំបន់រណបរុស្ស៊ី គឺសំឡេងគាំទ្រដល់ជិត ៩៧%។ តាមរយៈលទ្ធផលនេះ គេអាចរកឃើញជនជាតិរុស្ស៊ី មករស់នៅលើតំបន់គ្រីមៀរ ដល់ទៅជាង ៩០% គឺច្រើនលើសលប់។ មានន័យថា ជនជាតិរុស្ស៊ីមានចំនួនច្រើនជាងម្ចាស់ស្រុក ដែលនាំឱ្យមានលទ្ធផលដូចនេះ។ ក្នុងពេលដែលគ្រីមៀរ ធ្លាក់ទៅយ៉ាងស្រួលនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី គឺមេដឹកនាំកម្លាំងផ្ដាច់ខ្លួននៅក្នុងតំបន់ Donbas ដែលរុស្ស៊ីនៅពីក្រោយ ក៏ចាប់ផ្ដើមប្រមូលកម្លាំងបះបោរ ដើម្បីគាបសង្កត់ទៅលើរដ្ឋាភិបាលអ៊ុយក្រែន ឱ្យយល់ព្រមក្នុងការបោះឆ្នោតប្រជាមតិ គឺដូចតំបន់គ្រីមៀរ ដែរ។ ប៉ុន្តែប្រធានាធិបតីថ្មីនៃប្រទេសអ៊ុយក្រែន គឺលោក Petro Poroshenko ដែលខុសពីលោក Viktor Yanukovych ជាប្រធានាធិបតីឱនក្បាលជាមួយនឹងមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបណ្ដោយឱ្យមានការបោះឆ្នោតប្រជាមតិនៅគ្រីមៀរ។ លោក Viktor Yanukovych ត្រូវបានប្រជាជនអ៊ុយក្រែន ដេញទម្លាក់ពីអំណាចនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។ សម្រាប់លោក Poroshenko ជាប្រធានាធិបតីថ្មី លោកបានបញ្ជូនទ័ពអ៊ុយក្រែន ទៅវាយបង្ក្រាបកម្លាំងឧទ្ទាមនៅក្នុងតំបន់ Donbas ដោយមិនបណ្ដោយឱ្យមានការបោះឆ្នោតបានឡើយ។
ចាប់តាំងពីឆ្នាំ២០១៤ តំបន់ Donbas ក្លាយជាភ្លក់ភ្លើងសង្គ្រាមរហូតមកដល់លោក ពូទីន បញ្ជាកងទ័ពរុស្ស៊ីបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ដោយឆ្លងកាត់តំបន់ Donbas បណ្ដាលឱ្យសង្គ្រាមផ្ទុះពាសពេញប្រទេសមកដល់ពេលនេះ។
តំបន់ Donbas ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ តំបន់នេះមានផ្ទៃដីសរុបជាង ២ម៉ឺន ៦ពាន់គីឡូម៉ែត្រការ៉េ និងមានប្រជាជនជាង ៤លាន ១សែននាក់។ ជាតំបន់ដែលសម្បូរដោយរ៉ែធម្មជាតិ ជាពិសេសគឺឧស្ម័ន និងធ្យូងថ្ម។ ការពិត រុស្ស៊ីមានផែនការយកតំបន់ Donbas តាំងពីឆ្នាំ២០១២ ជាឆ្នាំដែលលោក ពូទីន បានឡើងកាន់អំណាចជាប្រធានាធិបតីរុស្ស៊ីម្ដងទៀត។
នៅក្នុងការចរចាលើកទី៧ ដែលធ្វើឡើងកាលពីថ្ងៃទី២៨-២៩ មីនា នៅប្រទេសតួកគី ចំណុចដែលខ្វែងគំនិតគ្នាខ្លាំង គឺរុស្ស៊ីទាមទារឱ្យអ៊ុយក្រែន ទម្លាក់អាវុធ ហើយយល់ព្រមរំលាយរចនាសម្ព័ន្ធយោធា និងយល់ព្រមប្រគល់ដីនៅតំបន់ Donbas ឱ្យនៅក្រោមចំណុះរបស់រុស្ស៊ី ព្រមទាំងទទួលស្គាល់ជាផ្លូវការតំបន់គ្រីមៀរ ជាដែនដីរបស់រុស្ស៊ី។ នេះជាចំណុចស្លាប់រស់របស់រដ្ឋាភិបាលលោកប្រធានាធិបតី Volodymyr Zelenskiy ដែលលោកសច្ចាមិនឱនក្បាលកាត់ដីទៅឱ្យអ្នកឈ្លានពានជាថ្នូរនឹងសន្តិភាព និងការក្រាញអំណាចឡើយ។
នៅក្នុងការចរចាដល់ចំណុចនេះ ភាគីទាំងពីរមិនអាចឈានទៅមុខទៀតបានឡើយ បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមលើលក្ខខណ្ឌពីរចំណុចរួចហើយ គឺភាគីរុស្ស៊ីយល់ព្រមកាត់បន្ថយកងទ័ពដែលឡោមព័ទ្ធរដ្ឋធានីគៀវ និងទីក្រុង Chernihiv។ ចំណែកភាគីអ៊ុយក្រែន យល់ព្រមទទួលយកនូវការប្រកាន់យករដ្ឋអធិបតេយ្យ និងអព្យាក្រឹត ដែលមានន័យថា អ៊ុយក្រែនលះបង់ចោលផែនការចង់ក្លាយជាសមាជិកអង្គការយោធាណាតូ ហើយមិនឱ្យមានកងទ័ពបរទេសនៅលើទឹកដីអ៊ុយក្រែនបានឡើយ។
តែបែបនេះក្ដី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ពុំមានលទ្ធផលណាមួយក្លាយជាដំណោះស្រាយផ្លូវការនោះទេ ទោះជាភាគីរុស្ស៊ីរីករាយដែលអ៊ុយក្រែនប្រកាសដាក់ប្រទេសជារដ្ឋអព្យាក្រឹតក៏ដោយ។ លោក Dmitry Peskov និយាយថា ការចរចាអាចបន្តទៀត។ ប៉ុន្តែចំណុចណាដែលមិនអាចរកច្រកចេញរួច គឺភាគីអ៊ុយក្រែន ត្រូវបានបង្ហាញសម្បទាន។
តាមដំណឹងចុងក្រោយ ស្ថានការណ៍សឹកនៅតំបន់ Donbas ដែលមានរដ្ឋពីរជាចំណុះ គឺរដ្ឋ Luhansk និង Donetsk គឺកងទ័ពប្រទេសទាំងពីរកំពុងតែត្រៀមប្រយុទ្ធគ្នាទ្រង់ទ្រាយធំ បើទោះជាកងទ័ពរុស្ស៊ី វាយកាន់កាប់បានភាគច្រើនក៏ដោយនោះ។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានបញ្ជាឱ្យបញ្ជូនកងទ័ពច្រើនពាន់នាក់ថែមទៀតទៅកាន់តំបន់នោះ ដែលលោកថា រុស្ស៊ីមានផែនការវាយកាន់កាប់តំបន់នោះទាំងស្រុង ព្រោះធ្វើតាមផែនការរបស់លោក ពូទីន ដែលចង់ពុះច្រៀកទឹកដីអ៊ុយក្រែនជាពីរដូចនឹងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងសព្វថ្ងៃនេះ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបង្ហើបថា កងទ័ពរុស្ស៊ីនឹងផ្ដោតទៅលើតំបន់ Donbas វិញ ដែលរួមមានតំបន់បំបែកខ្លួន Luhansk និង Donetsk នៅភាគខាងកើតអ៊ុយក្រែន។ លោកអះអាងថា រដ្ឋាភិបាលក្រុងមូស្គូ បានសម្រេចនូវគោលដៅរបស់ខ្លួនមួយផ្នែកធំហើយនៅក្នុងដំណាក់កាលទី១ នៃប្រតិបត្តិការយោធា ដែលក្នុងនោះរួមមានការបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវសមត្ថភាពកងទ័ពរបស់អ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បានឱ្យដឹងថា កងទ័ពរុស្ស៊ី បានបង្កើនសកម្មភាព និងផ្ដោតទៅលើតំបន់ភាគខាងកើតវិញ បន្ទាប់ពីត្រូវបានជាប់គាំងនៅក្នុងយុទ្ធនាការយោធានៅក្នុងតំបន់ភាគខាងជើង។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិករូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មានថា កងកម្លាំងអ៊ុយក្រែនបានដណ្តើមកាន់កាប់បានមកវិញនូវទីប្រជុំជន Trostyanets នៅជិតទីក្រុង Sumy ភាគឦសាន ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងនៅក្នុងសុន្ទរកថារបស់លោកថា កងកម្លាំងអ៊ុយក្រែនបានរំដោះយកទីក្រុង Irpin ដែលនៅជាយរដ្ឋធានីគៀវ បានមកវិញហើយ។
អ្នកសង្កេតការណ៍យល់ថា បើតំបន់ Donbas ធ្លាក់នៅក្រោមការកាន់កាប់យ៉ាងរឹងមាំរបស់កងទ័ពរុស្ស៊ី គឺជាចំណុចបញ្ចប់នៃមហិច្ឆតារបស់លោក ពូទីន ដែលលើកទ័ពលុកលុយអ៊ុយក្រែន ហើយក្រុងមូស្គូ នឹងឈានដល់ការប្រកាសរឹបអូសតំបន់នោះជាដែនដីចំណុះរុស្ស៊ីជាផ្លូវការ។ យ៉ាងណា សង្គ្រាមនឹងមិនអាចបិទបញ្ចប់បានឡើយ បើភាគីអ៊ុយក្រែននៅកណ្ឌទ័ពវាយលើទ័ពរុស្ស៊ីនៅលើទឹកដីនៃតំបន់ Donbas៕