28.4 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​កាត់​ផ្ទៃដី​បឹងតាមោក​បន្ថែម​ទៀត​ឱ្យ​ប្អូនស្រី​និង​ជំនួយការ​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន សម្រេច​កាត់​ផ្ទៃដី​បឹងតាមោក​បន្ថែម​ទៀត​ដើម្បី​ប្រគល់​ឱ្យ​ប្អូនស្រី និង​ជំនួយការ​របស់​លោក​ធ្វើជា​កម្មសិទ្ធិ។ ចាប់ពី​ឆ្នាំ​២០១៨ ដល់​ចុង​ឆ្នាំ​២០២១ ផ្ទៃ​បឹងតាមោក​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ជាង ២​ពាន់​ហិកតារ​ហើយ។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ដី​ផ្ទៃ​បឹងតាមោក​ជាង ២​ហិកតារ​ស្ថិត​ក្នុង​ភូមិ​ត្រពាំងពោធិ៍ សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ ប្រគល់​ឱ្យ​លោក ក្រូច ផាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍សែនជ័យ។ លោក ក្រូច ផាន ត្រូវ​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍សែនជ័យ និង​ជំនួយការ​លោក ហ៊ុន សែន កាលពី​ខែ​កក្កដា ឆ្នាំ​២០១៧។

ដោយឡែក​អនុក្រឹត្យ​មួយ​ទៀត​ដែល​ចុះហត្ថលេខា​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​កាត់​ដី​ផ្ទៃ​បឹងតាមោក ៥​ម៉ឺន ៦​ពាន់​ម៉ែត្រក្រឡា​ស្ថិតនៅ​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ប្រគល់​ឱ្យ​អ្នកស្រី រស់ ព្រីប៊ូន ដោយ​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ។

ចំណែក​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​ចំនួន ៧​ទីតាំង​សរុប​ទំហំ​ជាង ២​សែន​ម៉ែត្រក្រឡា ស្ថិត​នៅ​សង្កាត់​ពញាពន់ និង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ ប្រគល់​ឱ្យ​អ្នកស្រី ហ៊ុន សេងនី និង​លោក ឡាញ់ ភារ៉ា ជា​កម្មសិទ្ធិ ដោយ​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ។

អ្នកស្រី ហ៊ុន សេងនី ជា​អគ្គនាយិកា​អង្គការ​បេសកកម្ម​សុខុមាលភាព​សង្គម​កម្ពុជា និង​ត្រូវ​ជា​ប្អូនស្រី​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច លោក ហ៊ុន សែន ខណៈ​លោក ឡាញ់ ភារ៉ា ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ផង និង​ជា​ស្វាមី​របស់​អ្នកស្រី ហ៊ុន សេងនី ផង ធ្លាប់​ត្រូវ​បាន​ពលរដ្ឋ​ចំនួន ៧៧​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ ចោទ​ថា​រំលោភ​យក​ដីធ្លី​របស់​ពួកគេ​ដែល​កំពុង​អាស្រ័យ​ផល​ស្ថិត​នៅ​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​នា​ថ្ងៃ​សុក្រ ទី​១ មេសា ថា ទោះបីជា​ប្រឹង​អំពាវនាវ​នាំគ្នា​ចូលរួម​ការពារ ថែរក្សា ប៉ុន្តែ​បែរជា​បឹង​ធម្មជាតិ​នៅតែ​ត្រូវ​បាន​លុប​ជា​បន្តបន្ទាប់ ខណៈ​ព្រៃ​ក៏​នៅតែ​បន្ត​បាត់បង់ ហើយ​ខ្សាច់​ក៏​នៅតែ​បន្ត​ប្រឹង​បូម រីឯ​ភ្នំ​ក៏​បន្ត​ប្រឹង​រំលើង​ផង​ដែរ។

អ្នកស្រី​សំណូមពរ​ទៅ​រដ្ឋាភិបាល​ឱ្យ​ផ្តល់​និយមន័យ​អភិវឌ្ឍន៍ ហើយ​អ្នកស្រី​លើក​ជា​សំណួរ​ថា តើ​អ្វី​ទៅ​ជា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព? តើ​អ្នក​ណា​ទទួល​បាន​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​បែប​នេះ?

បឹងតាមោក​មាន​ផ្ទៃដី​សរុប​ជាង ៣២៣៩​ហិកតារ ជា​អាង​ស្តុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

អង្គការ​សមាគម​ធាងត្នោត នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ចេញ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ថា គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២១ ផ្ទៃ​បឹងតាមោក ឬ​បឹង​កប់ស្រូវ ប្រមាណ​ជាង ២​ពាន់​ហិកតារ (២០៩៤,៧១៦៥​ហិកតារ) ឬ​ស្មើ​ជិត ៦៥% ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ឱ្យ​ឧកញ៉ា ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​សាធារណៈ​សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ព្រមទាំង​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

កាលពី​ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ថ្លែង​ថា បញ្ហា​ទឹកជំនន់​ដែល​បង្ក​ឱ្យ​លិច​ទីក្រុង​ភ្នំពេញ មិនមែន​បណ្ដាល​មកពី​ការ​លុប​បឹង​ធម្មជាតិ​នោះ​ទេ។ លោក​ថា ទោះបីជា​មិន​លុប​បឹង ទីក្រុង​ភ្នំពេញ​ក៏​មាន​ទឹកជំនន់​ដែរ ហើយ​ឈប់​នាំគ្នា​រិះគន់​លើ​បញ្ហា​នេះ​ទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស