29 C
Phnom Penh

រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​និង​ដាក់​វិធានការ​បន្ថែម​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​វិស័យ​ព្រៃឈើ និង​ជលផល​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ខណៈ​បទល្មើស​នេះ​នៅតែ​មិន​ថយ​ចុះ។

ក្នុង​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា បាន​ឱ្យ​ដឹង​ថា ការ​បែងចែក​ឡើងវិញ​នូវ​សមត្ថកិច្ច​ទទួល​ខុសត្រូវ​រវាង​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ដោយ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​ការ​ដាក់​ចេញ​វិធានការ​ថ្មី វា​ជា​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​វិស័យ​ព្រៃឈើ និង​ជលផល។

ក្រសួង​កសិកម្ម ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ត្រូវ​អនុវត្ត​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​ដឹកនាំ និង​សម្របសម្រួល​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​ចុះ​ការពារ​ធនធាន​ធម្មជាតិ និង​ទប់ស្កាត់​បទល្មើស​ជលផល ក្នុង​នោះ​មាន​ដូចជា កាប់​រុករាន ដុត ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​ដី​ព្រៃឈើ និង​ដី​ព្រៃលិចទឹក​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព។ បន្ថែម​ពី​នេះ បើសិនជា​សមត្ថកិច្ច​ជួប​ប្រទះ​បទល្មើស​ជាក់ស្ដែង ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់​ទៅតាម​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន ចៀសវាង​ទុក​ឱ្យ​បទល្មើស​ទាំងនោះ​រីក​រាលដាល​កាន់តែ​ធំ និង​ពិបាក​ក្នុង​ការ​ដោះស្រាយ ប៉ុន្តែ​ប្រសិនបើ​បទល្មើស​មាន​ទ្រង់ទ្រាយ​ធំ ស្មុគស្មាញ ត្រូវ​រាយការណ៍ និង​សុំ​អន្តរាគមន៍​ជាបន្ទាន់​មក​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ ដើម្បី​មាន​វិធានការ និង​រួម​គ្នា​ដោះស្រាយ​តាម​នីតិវិធី​ជា​ធរមាន។

ការ​ធ្វើ​វិសោធនកម្ម និង​ដាក់​ចេញ​វិធានការ​ចាំបាច់​បន្ថែម​ទៀត ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា បាន​ចេញ​បទបញ្ជា​ផ្ទាល់មាត់​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ខេត្ត រួម​ជាមួយ​កម្លាំង​ប្រដាប់​អាវុធ ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ ជាពិសេស​បទល្មើស​ជលផល​នៅ​ជុំវិញ​បឹង​ទន្លេសាប។

ក្រៅពី​មាន​បទបញ្ជា​ហើយ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ដោយ​អនុញ្ញាត​ឱ្យ​កងទ័ព និង​កងកម្លាំង​នគរបាល​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​បាញ់​ពី​លើ​អាកាស​ផង​ដែរ ប្រសិនបើ​ជនល្មើស​ត​ដៃ។

នេះ​មិនមែន​ជា​លើក​ទី​១ ទេ​ដែល​លោក ហ៊ុន សែន ដាក់​ចេញ​វិធានការ​ក្ដៅ ដើម្បី​ទប់ស្កាត់​បទល្មើស ប៉ុន្តែ​វិធានការ​ទាំងនោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បរាជ័យ។ ជាក់ស្ដែង​កន្លងមក លោក ហ៊ុន សែន ប្រកាស​កាត់​ក​ខ្លួនឯង បើសិនជា​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​មិន​បាន​នោះ។

ក្រោយពី​មាន​ការ​ប្រកាស​បែប​នេះ នៅ​ចុង​ឆ្នាំ​២០១៥ លោក ហ៊ុន សែន បាន​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ឱ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ ព្រម​ទាំង​ផ្តល់​អំណាច​ដល់​ក្រុម​ការងារ​នោះ​អាច​ប្រើ​អាវុធ​ស្វ័យប្រវត្តិ​បាញ់​រះ​ពី​លើ​អាកាស​ទៅ​លើ​ក្រុម​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ ដោយ​ការ​ផ្ដល់​សិទ្ធិ​អំណាច​បែប​នេះ ដើម្បី​ឱ្យ​ការ​បង្ក្រាប​នោះ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២២ នេះ បទល្មើស​ព្រៃឈើ​នៅតែ​មិន​ថយ​ចុះ។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក លី ឡា មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​កន្លងមក​នេះ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល និង​កាន់តែ​ល្អ​ប្រសើរ​ក្នុង​សម័យកាល​ថ្មី និង​ងាយស្រួល​យក​ទៅ​អនុវត្ត​លើ​បទល្មើស​ដែល​កំពុង​កើតមាន​នៅ​ក្នុង​ប្រទេស។

លោក​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​មិន​ទាន់​ចេញ​ជា​រូបរាង ប៉ុន្តែ​ក្រុម​ការងារ​របស់​លោក​នៅ​តែ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់ ដើម្បី​ទប់ស្កាត់​បទល្មើស​ឱ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ។

មន្ត្រី​គម្រោង​តស៊ូ​មតិ​នៃ​គម្រោង​អ្នក​ការពារ​ព្រៃឈើ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក សាន់ ម៉ាឡា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​តែ​ជំរុញ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់ ដូចជា​ច្បាប់​ស្ដីពី​ព្រៃឈើ ច្បាប់​ស្ដីពី​ជលផល និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ជាដើម ជាជាង​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​នាំ​ឱ្យ​ខាត​ពេលវេលា និង​ថវិកា។

លោក​បន្ត​ថា កន្លងមក រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​មួយ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ប៉ុន្តែ​បទល្មើស​នៅតែ​មិន​អាច​ទប់ស្កាត់​បាន​ប្រសើរ​នៅឡើយ។

បើ​តាម​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​លើ​ផ្ទៃដី​កម្ពុជា​ជាង ៦០០០​ហិកតារ បាន​រង​នូវ​ការ​កាប់​បំផ្លាញ​នៅ​តំបន់​ការពារ​ព្រៃឡង់ និង​ព្រៃព្រះរការ ដោយ​មាន​ការ​ទទួល​សំណូក និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។

កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន​ជាង ២០​ស្ថាប័ន ក៏​បាន​ស្នើ​ទៅ​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស