28 C
Phnom Penh

អភិបាល​ខេត្ត​កំពត​បង្គាប់​ឲ្យ​សាលា​ក្នុង​ខេត្ត​បំពាក់​រូបលោក ហ៊ុន សែន ដើម្បី​ដឹងគុណ​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខេត្ត​កំពត ដែល​ល្បី​ឈ្មោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាមរយៈ​វេទិកា​ដោះស្រាយ​ជម្លោះ​តូចតាច​ដល់​ពលរដ្ឋ និង​ជា​ក្មួយ​ប្រសា​របស់​បុរស​ខ្លាំង​កម្ពុជា បង្គាប់​ឲ្យ​នាយក​សាលា​ទាំងអស់​នៅ​ក្នុង​ខេត្ត​កំពត ឱ្យ​ទិញ​រូបថត​លោក ហ៊ុន សែន ដាក់​បំពាក់​នៅ​តាម​សាលារៀន ដើម្បី​បង្ហាញ​ការ​ដឹងគុណ​ចំពោះ​ការ​រំដោះ​ទឹកដី​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​កន្លងមក។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ អ្នក​រត់​ម៉ូតូឌុប ឬ​អ្នក​រត់​រថយន្ត​ឈ្នួល និង​គ្រូបង្រៀន កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ថ្លែង​ថា នាយក​សាលា​ទាំង​បឋមសិក្សា និង​មត្តេយ្យ​សិក្សា ត្រូវ​ទិញ​រូបលោក​នាយករដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ ដាក់​បំពាក់​នៅ​តាម​អគារ​សាលារៀន ដើម្បី​ប្រាប់​កូនសិស្ស​នៅ​តាម​សាលា​ឱ្យ​បាន​ដឹង​រឿង​រំដោះ​ទឹកដី។

លោក ម៉ៅ ធនិន បន្ត​ថា លោកគ្រូ​អ្នកគ្រូ​ទាំងអស់​គួរ​ប្រាប់​ទៅ​កាន់​កូនសិស្ស​ដែល​កំពុង​រៀន ដើម្បី​បង្ហាញ​ពី​ភាព​កតញ្ញូ និង​ជា​ការ​រម្លឹក​គុណ​ដែល​មេដឹកនាំ​រូប​នេះ​បាន​កសាង។

ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពត លោក តាក ហាប់ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ណែនាំ​នេះ​មិន​ខុស​នោះ​ទេ ប៉ុន្តែ​ការ​ដាក់ ឬ​មិន​ដាក់​អាស្រ័យ​លើ​នាយក​សាលា​នីមួយៗ។ លោក​បន្ត​ថា ចំពោះ​ការ​ប្រាប់​ឱ្យ​លោកគ្រូ​អ្នកគ្រូ​ណែនាំ​ទៅ​សិស្ស​ឱ្យ​ដឹងគុណ និង​ស្រឡាញ់​ថ្នាក់​ដឹកនាំ​នោះ ក៏​មិន​មាន​អ្វី​ខុស​ដែរ ដោយ​ថា​កូនសិស្ស​ត្រូវតែ​ស្រឡាញ់​ថ្នាក់​ដឹកនាំ​បែប​នេះ​ហើយ។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អាជ្ញាធរ​ខេត្ត​គួរតែ​ពិនិត្យ​មើល​អំពី​បាវចនា​ជាតិ​របស់​ប្រទេស​ដែល​មាន «ជាតិ សាសនា និង​ព្រះមហាក្សត្រ» មុន​នឹង​ណែនាំ​ទៅកាន់​នាយក​សាលា​ឱ្យ​ដាក់​រូប​នាយករដ្ឋមន្ត្រី​នៅ​តាម​អគារ​សាលា​នោះ។ លោក​បន្ថែម​ទៀត​ថា ការ​ណែនាំ​របស់​អភិបាល​ខេត្ត​កំពត ជា​ការ​ជ្រៀតជ្រែក​ការងារ​របស់​ក្រសួង​អប់រំ ខណៈ​ការ​បញ្ជ្រាប​គុណ​តម្លៃ​របស់​ថ្នាក់​ដឹកនាំ វា​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល និង​ក្រសួង​សាមី​ដែល​ជា​អ្នក​ធ្វើ​ការងារ​នេះ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ចាត់ទុក​ការ​សម្រេច​របស់​អភិបាល​ខេត្ត​កំពត​រូប​នេះ ថា​ជា​ការ​បង្ខិតបង្ខំ និង​មិន​បាន​គោរព​ដល់​ព្រះមហាក្សត្រ។ អ្នកស្រី​បន្ត​ថា ការ​កសាង​សាលារៀន និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ប្រទេស វា​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​ប្រទេស។ អ្នកស្រី​បន្ថែម​ថា លោក​នាយករដ្ឋមន្ត្រី​គ្រាន់តែ​ជា​អ្នក​ដឹកនាំ​ប្រទេស​តាមរយៈ​ការ​បោះឆ្នោត ប៉ុន្តែ​ប្រទេស​មាន​សេ្ដច ត្រូវតែ​យក​សេ្ដច គោរព​ស្ដេច បើសិនជា​ប្រទេស​ដែល​អត់​មាន​ស្ដេច គេ​ត្រូវ​ដាក់​រូប​នាយករដ្ឋមន្ត្រី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស