ភ្លាមៗបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតព្យួរសមាជិកភាពរុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី៧ ខែមេសា ស្រាប់តែមេដឹកនាំសហភាពអឺរ៉ុប និងនាយករដ្ឋមន្ត្រីអង់គ្លេស បានទៅជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅរដ្ឋធានីគៀវ ខណៈអ៊ុយក្រែនបន្តហែកហួរដោយគ្រាប់កាំភ្លើងរបស់រុស្ស៊ីដ៏ធ្ងន់ធ្ងរនៅឡើយ។
កាលពីថ្ងៃទី៨ មេសា ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen ដែលអមដំណើរដោយរដ្ឋមន្ត្រីកិច្ចការបរទេសអឺរ៉ុប និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី បានធ្វើដំណើរតាមរថភ្លើងទៅជួបផ្ទាល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅទីក្រុងគៀវ។
កាលពីថ្ងៃទី២៣ មីនា កន្លងទៅ នាយករដ្ឋមន្ត្រីរបស់ប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ៣ផ្សេងទៀត គឺប្រទេសប៉ូឡូញ សាធារណរដ្ឋឆែក និងស្លូវ៉េនី បានធ្វើដំណើរទៅទីក្រុងគៀវ ដោយផ្សងនឹងគ្រោះថ្នាក់ ព្រោះតែរដ្ឋធានីមួយនេះកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់កងទ័ពរុស្ស៊ី។
អ្នកស្រីប្រធានគណៈកម្មការអឺរ៉ុប បានសន្យាថា សហភាពអឺរ៉ុបសូមគាំទ្រ និងជួយភាគីអ៊ុយក្រែនកាន់តែច្រើនថែមទៀតចាប់ពីពេលនេះតទៅ។
ថ្លែងនៅក្នុងសន្និសីទកាសែតជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ប្រធានគណៈកម្មការអឺរ៉ុបរូបនេះនិយាយថា អ្នកស្រីជឿជាក់ថាអ៊ុយក្រែននឹងឈ្នះសង្គ្រាម។ អ្នកស្រីសន្យាថា អ៊ុយក្រែននឹងក្លាយជាសមាជិកសហភាពនៅអឺរ៉ុប។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូសហភាពអឺរ៉ុបបានប្រកាសផ្តល់ថវិកាបន្ថែម ៥០០លានអឺរ៉ូសម្រាប់ឲ្យអ៊ុយក្រែនអាចទិញអាវុធ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីស្លូវ៉ាគី ដែលធ្វើដំណើរជាមួយមេដឹកនាំអឺរ៉ុប ក៏បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន ថា ស្លូវ៉ាគីសម្រេចផ្តល់ប្រព័ន្ធខែលមីស៊ីល S-300 ដែលផលិតដោយរុស្ស៊ីទៅឲ្យអ៊ុយក្រែន ដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីវិញ។
ដំណើរទស្សនកិច្ចក្នុងទឹកដីមួយដែលធ្លាក់ក្នុងសង្គ្រាមដ៏ខ្លោចផ្សា ប្រធានគណៈកម្មការអឺរ៉ុបបញ្ជាក់ថា សហភាពអឺរ៉ុបបានគាំទ្រតុលាការព្រហ្មទណ្ឌអន្តរជាតិក្នុងជំនួយផ្នែកច្បាប់ និងបច្ចេកទេសនៅក្នុងការងារស៊ើបអង្កេតទៅលើការសម្លាប់រង្គាលជនស៊ីវិលនៅទីក្រុង Bucha ក្បែរទីក្រុងគៀវ។
នៅមុនចាកចេញពីទឹកដីអ៊ុយក្រែន គណៈប្រតិភូសហភាពអឺរ៉ុបដឹកនាំដោយប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen បានធ្វើដំណើរទៅដល់កន្លែងប្រមូលសាកសពនៅទីក្រុង Bucha ដែលមានសាកសពជាង ៤០០នាក់ស្លាប់ដោយសារគ្រាប់កាំភ្លើងរបស់កងទ័ពរុស្ស៊ី។ សាកសពខ្លះស្លាប់ដោយការចងដៃមកក្រោយថែមទៀត។
ប្រធានគណៈកម្មការអឺរ៉ុប ថ្លែងថា ការស៊ើបអង្កេតស្វែងរកភស្តុតាង ត្រូវតែធ្វើឡើងដោយត្រឹមត្រូវតាមអន្តរជាតិស្ដីពីឧក្រិដ្ឋកម្មសង្គ្រាម។

មួយថ្ងៃក្រោយមក រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ លោក Karim Khan បានជួបលោក Josep Borrell នៅប្រទេសលុចហ្សំបួរ។ ក្នុងជំនួបនេះ លោក Josep Borrell បានស្នើឲ្យលោក Karim Khan បង្កើនការកសាងសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងរបបក្រុងមូស្គូ។
លោក ពូទីន ត្រូវបានលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ចោទជាសាធារណៈថាជាឧក្រិដ្ឋជនសង្គ្រាម ដែលលោកថាពិភពលោកចាំបាច់ត្រូវចាត់វិធានការតាមផ្លូវច្បាប់អន្តរជាតិប្រឆាំងនឹងបុរសខ្លាំងរូបនេះ។
នៅចំពោះមុខលោក Volodymyr Zelenskiy ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen បានសន្យាថា អឺរ៉ុបនឹងបន្ថែមការដាក់ទណ្ឌកម្មថ្មីៗថែមទៀតទៅលើរបបលោក ពូទីន។ ក្រោយពីគណៈប្រតិភូសហភាពអឺរ៉ុបវិលត្រឡប់មកវិញ គឺនៅថ្ងៃទី៩ មេសា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានធ្វើទស្សនកិច្ចដោយមិនបានប្រកាសឱ្យដឹងជាមុនទៅកាន់ទីក្រុងគៀវ ចំពេលដែលអង់គ្លេសសន្យាផ្តល់រថពាសដែកចំនួន ១២០គ្រឿង និងប្រព័ន្ធមីស៊ីលប្រឆាំងនាវាដល់រដ្ឋាភិបាលរបស់លោក Volodymyr Zelenskiy។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ក្នុងជំនួបមួយទល់មួយជាមួយលោក Volodymyr Zelenskiy លោក Boris Johnson សន្យាថានឹងផ្តល់សព្វាវុធបន្ថែមទៀតដល់អ៊ុយក្រែន។ លោក Johnson បានសរសេរនៅលើ Twitter ដោយចាត់ទុកថា លោកបានជួបមិត្តរបស់លោក គឺលោកប្រធានាធិបតី Zelenskiy ក្នុងទីក្រុងគៀវ ដើម្បីជាការបង្ហាញពីការគាំទ្រឥតងាករេរបស់អង់គ្លេសចំពោះប្រជាជនអ៊ុយក្រែន។
លោកបានបញ្ជាក់ថា អង់គ្លេសកំពុងរៀបចំកញ្ចប់ថ្មីនៃជំនួយហិរញ្ញវត្ថុ និងយោធា ដែលជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់អង់គ្លេសចំពោះការតស៊ូរបស់ពលរដ្ឋអ៊ុយក្រែន ប្រឆាំងនឹងសង្គ្រាមដ៏ព្រៃផ្សៃពីសំណាក់រុស្ស៊ី។
តើជំនួបមេដឹកនាំអឺរ៉ុប និងនាយករដ្ឋមន្ត្រីអង់គ្លេស ជួបផ្ទាល់ជាមួយមេដឹកនាំអ៊ុយក្រែន បង្ហាញអ្វីខ្លះទៅលោក វ៉្លាឌីមៀរ ពូទីន?
ការពិត ទស្សនកិច្ចរបស់ប្រធានគណៈកម្មការអឺរ៉ុប ដែលជួបផ្ទាល់ប្រធានាធិបតីអ៊ុយក្រែន នៅរដ្ឋធានីគៀវ គឺជាផ្នែកមួយនៃការស្វែងរកការពិតនៃការស្នើសុំរបស់លោក Zelenskiy ដែលសុំចូលជាសមាជិកនៃសហភាពអឺរ៉ុប។ នៅក្នុងជំនួបនោះ អ្នកស្រី Ursula von der Leyen បានសម្រេចថានឹងស្នើឲ្យសភាអឺរ៉ុបធ្វើការអនុម័ត។ បើដូចនេះមែន អ៊ុយក្រែននឹងក្លាយជាសមាជិកទី២៨ នៃសហភាពអឺរ៉ុប។
ចំណែកទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ដែលមិនបានប្រកាសជាមុន គឺជាចំណុចប្រវត្តិសាស្ត្រដែលមេដឹកនាំមហាអំណាចមួយកំពុងជួយសព្វាវុធក្នុងតម្លៃរាប់រយលានដុល្លារទៅឱ្យអ៊ុយក្រែន គឺមិនត្រឹមតែដូចនេះទេ មេដឹកនាំប្រទេសនេះក៏បានសម្រេចផ្សងគ្រោះថ្នាក់នៅក្រោមស្ថានការណ៍សឹកដ៏ផុយស្រួយបំផុតពីសំណាក់គ្រាប់កាំជ្រួចរបស់រុស្ស៊ី។
តែយ៉ាងនេះក្ដី ជំនួបផ្ទាល់រវាងមេដឹកនាំសហភាពអឺរ៉ុប និងនាយករដ្ឋមន្ត្រីអង់គ្លេស គឺជាសារដ៏ធ្ងន់មួយទៀតសំពងទៅលើរបបលោក វ៉្លាឌីមៀរ ពូទីន បន្ទាប់ពីរុស្ស៊ីបាត់បង់បុព្វសិទ្ធិក្នុងការតស៊ូមតិដោយសារការព្យួរអាសនៈរបស់ខ្លួនជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៧ ខែមេសា។ នេះជាកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោកដែលរុស្ស៊ីជាប្រទេសមហាអំណាចមួយ ត្រូវបានវាយបំបាក់លើសមរភូមិការទូតដ៏អាម៉ាស់បំផុត៕