32 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​បដិវត្តន៍​ពី​ពលរដ្ឋ​ដែល​រង​ភាព​អយុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ថា​ទម្រង់​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ដែល​ពោរពេញ​ទៅ​ដោយ​អំពើពុករលួយ និទ្ទណ្ឌភាព និង​អយុត្តិធម៌​សង្គម គឺជា​ហានិភ័យ​មួយ​ដែល​បង្ក​ទៅជា​បដិវត្តន៍​ពី​ពលរដ្ឋ​ខ្លួនឯង​ដែល​កំពុង​រង​នូវ​ភាព​អយុត្តិធម៌។

សកម្មជន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នៃ​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ទី​១២ មេសា ថា រដ្ឋាភិបាល​មួយ​ដែល​យក​អំណាច ឬ​សម្ដី​មេដឹកនាំ​ទៅ​អនុវត្ត ជាជាង​ការ​អនុវត្ត​ច្បាប់​នៃ​ប្រទេស​របស់​ខ្លួន គឺជា​សញ្ញា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​បដិវត្តន៍​ពី​ពលរដ្ឋ​ខ្លួនឯង។ ជាក់ស្តែង កម្ពុជា​កំពុង​ស្ថិត​ក្នុង​ប្រទេស​ដែល​កំពុង​អនុវត្ត​ក្នុង​ទម្រង់​បែប​នេះ​រហូត​មក។

លោក ស្រ៊ុន ស្រ៊ន អះអាង​ថា ជាក់ស្តែង​រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ផ្ទុយពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ទាំងស្រុង ដែល​គេ​អាច​មើល​ឃើញ​ពី​ទិដ្ឋភាព​សង្គម​ជាក់ស្តែង​យ៉ាង​ច្បាស់​ពី​ការ​រំលោភ​យក​ដីធ្លី​របស់​ពលរដ្ឋ​ពី​សំណាក់​អ្នក​មាន​អំណាច ការ​បំបិទ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ទទួល​បាន​យុត្តិធម៌​តាម​ប្រព័ន្ធ​តុលាការ ជាដើម ដែល​ទង្វើ​ទាំងអស់​នេះ​សុទ្ធសឹងតែ​ជា​ដើមចម​នៃ​ការ​បង្ក​កំហឹង និង​ការ​ឈឺចាប់​ដល់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​គំរាម​តាម​កម្ទេច​អ្នក​ដែល​មាន​បំណង​ធ្វើ​ចលនា​ខុសច្បាប់ ដើម្បី​បង្ក​នូវ​បដិវត្តន៍​ពណ៌​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ត្រៀម​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០២២ នេះ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily នេះ​ដែរ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មាន​ប្រវត្តិរូប​ជា​ជន​ផ្ដាច់ការ ស្រប​ពេល​ដែល​ខ្លួន​ដឹកនាំ​ប្រទេស​ប្រើ​អំណាច​គាបសង្កត់​លើ​ពលរដ្ឋ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​ចេះ​តែ​ព្រួយបារម្ភ និង​ការ​ភ័យខ្លាច​ពលរដ្ឋ​ខ្មែរ​រើបម្រះ។ លោក​បន្ត​ថា ការ​រើបម្រះ​ជា​រឿង​ដែល​ចៀស​មិន​ផុត​នោះ​ទេ ព្រោះ​ថា​បើ​មាន​ការ​គាបសង្កត់ ប្រាកដ​ជា​មាន​ការ​រើបម្រះ​មិន​ខាន។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ការ​ភ័យខ្លាច​របស់​លោក ហ៊ុន សែន ក៏​ជា​ភស្តុតាង​មួយ​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា ពលរដ្ឋ​ខ្មែរ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​តាម​បែប​ជិះជាន់​ដូច​សព្វថ្ងៃ​នេះ​ទេ។ ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គ្មាន​អ្វី​ស្រួល​ជាង​ការ​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា​ដែល​មាន​ចែង​នោះ​ទេ ទាំង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជាដើម ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ័យខ្លាច​ពី​ការ​បះបោរ​របស់​ពលរដ្ឋ​បន្ត​ទៀត។

អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​ដែល​សល់​ពី​របប​វាល​ពិឃាត លោក ហ៊ុន សែន បាន​គំរាម​តាមរយៈ​សារ​លិខិត​អបអរ​សាទរ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​របស់​លោក​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌ ឬ​ការ​ញុះញង់​ណា​មួយ​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ។ លោក ហ៊ុន សែន ប្ដេជ្ញា​ថា លោក​នឹង​ការពារ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ឱ្យ​បាន​លុះ​ដល់​ជីវិត​ចុងក្រោយ ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ។

ការ​ប្រកាស​តាម​កម្ទេច​អ្នក​ដែល​លោក ហ៊ុន សែន ចោទ​ថា​បង្កើត​ចលនា​បដិវត្តន៍​ពណ៌​នេះ មិនមែន​ជា​លើក​ទី​មួយ​ទេ។ ជាក់ស្តែង​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧ កន្លងទៅ លោក ហ៊ុន សែន ក៏​ធ្លាប់​គំរាម​ជាច្រើន​លើក​ច្រើនសា​អំពី​ការ​កម្ទេច​ក្រុម​ប្រឆាំង​ឲ្យ​អស់ ដើម្បី​ការពារ​សន្តិភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ដែល​លោក​ចោទ​ថា​អ្នក​ទាំងនោះ​មាន​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

យ៉ាងណា​ក៏ដោយ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ ធ្លាប់​បាន​រិះគន់​ថា ដើម្បី​ឲ្យ​កម្ពុជា​មាន​នីតិរដ្ឋ​ពេញលេញ លោក ហ៊ុន សែន មិន​ចាំបាច់​ប្ដេជ្ញា​រហូត​គំរាម​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។ លោក ហ៊ុន សែន គ្រាន់តែ​អនុវត្ត​ទៅតាម​ច្បាប់​របស់​កម្ពុជា​ឲ្យ​បាន​ត្រឹមត្រូវ នោះ​គឺ​អាច​បង្ក្រាប​នូវ​ចលនា​បដិវត្តន៍​បាន​គ្រប់​រូបភាព​ទាំងអស់​ជាមិនខាន។ លោក​បន្ត​ថា លោក ហ៊ុន សែន ក៏​ត្រូវ​បញ្ឈប់​ការ​យក​សម្ដី​របស់​ខ្លួន​ទៅ​អនុវត្ត ដោយ​លុបបំបាត់​ច្បាប់​របស់​ប្រទេស​បន្ត​ទៀត​ដែរ។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ជាដើម៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស