40.3 C
Phnom Penh

លោក បៃដិន កោះ​ប្រជុំ​បន្ទាន់​ជាមួយ​សម្ពន្ធមិត្ត​ខណៈ​សង្គ្រាម​អ៊ុយក្រែន​ដល់​ដំណាក់កាល​ទី​២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃ​អង្គារ ទី​១៩ មេសា នេះ ជាមួយ​សម្ពន្ធមិត្ត ដើម្បី​ពិភាក្សា​អំពី​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ក្នុង​នោះ​រួម​មាន​ទាំង​ការ​ពិនិត្យ​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​នាំ​ខ្លួន​រុស្ស៊ី ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​ដែល​ដកស្រង់​ចេញ​ផ្សាយ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​១៩ មេសា នេះ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ សេតវិមាន​បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី បៃដិន នឹង​កោះ​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​សម្ពន្ធមិត្ត រួម​ទាំង​ដៃគូ​នានា​ដើម្បី​ពិភាក្សា​ពី​ការ​បន្ត​ការ​គាំទ្រ​ចំពោះ​អ៊ុយក្រែន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​នាំ​ខ្លួន​រុស្ស៊ី ឱ្យ​ទទួល​ខុសត្រូវ​ក្រោម​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​របស់​សម្ពន្ធមិត្ត ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន។

កាលពី​ប៉ុន្មាន​ថ្ងៃ​មក​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zenlenskiy បាន​ស្នើសុំ​ឱ្យ​លោក ចូ បៃដិន និង​ប្រធានាធិបតី​បារាំង ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​គៀវ ដែល​លោក​ថា​នាយករដ្ឋមន្ត្រី​អង់គ្លេស និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​ទៅ​ធ្វើ​ទស្សនកិច្ច​រួច​ហើយ ហើយ​បាន​ជួប​លោក​ដោយ​ផ្ទាល់​ថែម​ទៀត។

នៅ​ថ្ងៃ​នេះ អ្នក​នាំពាក្យ​សេតវិមាន Jen Psaki បាន​ឲ្យ​ដឹង​ថា លោក បៃដិន ពុំ​ទាន់​មាន​ពេល​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​គៀវ នោះ​ទេ។ អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា លោក បៃដិន ពុំ​ទាន់​មាន​ផែនការ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​នោះ​ទេ ប៉ុន្តែ​លោក បៃដិន មាន​ផែនការ​ស្នើ​ប្រជុំ​ជាបន្ទាន់​ជាមួយ​សម្ពន្ធមិត្ត​អំពី​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

បើ​តាម​អ្នក​នាំពាក្យ អ្នកស្រី Jen Psaki ឲ្យ​ដឹង​ថា លោក បៃដិន អាច​នឹង​បញ្ជូន​លោក Lloyd Austin រដ្ឋមន្ត្រី​ការពារ​ជាតិ ឬ​លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ដើម្បី​ជួប​នឹង​លោក Zelenskiy នៅ​រដ្ឋធានី​គៀវ។ អ្នកស្រី Jen Psaki បញ្ជាក់​ថា នៅ​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ សេតវិមាន​នឹង​បើក​ស្ថានទូត​របស់​ខ្លួន​ឡើងវិញ​នៅ​រដ្ឋធានី​គៀវ។

យ៉ាងណា​កាលពី​ដើម​ខែ​កុម្ភៈ ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង ធ្លាប់​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​មូស្គូ ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ហើយ​ក៏​បាន​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​គៀវ នៅ​ថ្ងៃ​បន្ទាប់​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ប្រទេស​បារាំង ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប លោក Clement Beaune និយាយ​ថា ប្រធានាធិបតី Emmanuel Macron មិន​មាន​គម្រោង​បំពេញ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ុយក្រែន នា​ពេល​ខាងមុខ​នេះ​ទេ។

ការ​ប្រកាស​របស់​សេតវិមាន​ដែល​នឹង​បើក​ជំនួប​ជាមួយ​សម្ពន្ធមិត្ត កើតមាន​ឡើង​ចំ​ពេល​ដែល​អ៊ុយក្រែន​បាន​អះអាង​ថា រុស្ស៊ី​ចាប់ផ្ដើម​វាយ​យក​តំបន់ Donbas នៃ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន​ហើយ​ពេលនេះ។ ប្រភព​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ថា កងទ័ព​រុស្ស៊ី​មួយ​ភាគ​ធំ​កំពុង​ផ្ដោត​លើ​ការ​វាយលុក​តំបន់​នេះ​ដែល​ជា​ដំណាក់កាល​ទី​២​នៃ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

រដ្ឋាភិបាល​អ៊ុយក្រែន ប្រកាស​ថា រុស្ស៊ី​បាន​ចាប់ផ្ដើម​វាយលុក​លើ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​ហើយ ដោយ​ស្នូរ​ផ្ទុះ​ជាច្រើន​លាន់​ឮ​នៅ​តាម​សមរភូមិ​ទាំងអស់។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​តាមរយៈ​វីដេអូ​ឃ្លីប ប្រធានាធិបតី​អ៊ុយក្រែន លោក Zenlenskiy បាន​ឱ្យ​ដឹង​ថា រុស្ស៊ី​ចាប់ផ្ដើម​វាយ​យក​តំបន់ Donbas នៃ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន​កាលពី​យប់​ថ្ងៃ​ចន្ទ ទី​១៨ ខែ​មេសា នេះ។ តែ​ទោះជា​យ៉ាងណាក៏ដោយ លោក Zenlenskiy នៅតែ​អំពាវនាវ​ឱ្យ​ប្រជាជន​អ៊ុយក្រែន​ជឿ​ទុកចិត្ត​លើ​សមត្ថភាព និង​ភាព​អង់អាច​ក្លាហាន​របស់​កងទ័ព​អ៊ុយក្រែន។ លោក​បញ្ជាក់​ថា ទោះជា​រុស្ស៊ី​បញ្ជូន​កងទ័ព​ប៉ុន្មាន​ម៉ឺន​នាក់​ទៅកាន់​ទីនោះ​ក៏ដោយ តែ​កងទ័ព​អ៊ុយក្រែន​ត្រូវតែ​តស៊ូ​ប្រយុទ្ធ​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី​របស់​អ៊ុយក្រែន។

បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយក្រែន ស្នូរ​ផ្ទុះ​ជាច្រើន​បាន​លាន់​ឮ​ជា​បន្តបន្ទាប់​នៅ​តាម​សមរភូមិ​ទាំងអស់​នៅ​ក្នុង​តំបន់ Donetsk និង Lunhansk ក្នុង​នោះ​រួម​មាន​ទីក្រុង Marinka ទីក្រុង Slavyansk និង​ទីក្រុង Ramatorsk នៅ​ភាគ​ត្បូង​នៃ​ប្រទេស។

ចំណែក​រដ្ឋាភិបាល​រុស្ស៊ី បាន​ប្រកាស​ព័ត៌មាន​ថា កងទ័ព​រុស្ស៊ី​បាន​ធ្វើ​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​កាលពី​យប់​ថ្ងៃ​ចន្ទ ទៅលើ​កងទ័ព​អ៊ុយក្រែន និង​ទីតាំង​យោធា​ផ្សេង​ទៀត​ដោយ​កងទ័ព​អាកាស កងទ័ព​មីស៊ីល កាំភ្លើង​ធំ និង​ប្រព័ន្ធ​ការពារ​ដែនអាកាស ដើម្បី​វាយប្រហារ​លើ​គោលដៅ​រាប់​សិប​កន្លែង​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា កងទ័ព​រុស្ស៊ី​បាន​បាញ់​មីស៊ីល​ពី​លើ​អាកាស​បំផ្លាញ​ទីតាំង​យោធា​អ៊ុយក្រែន ១៦​កន្លែង ដែល​ក្នុង​នោះ​មាន​ឃ្លាំង​ស្ដុក​ប្រេងឥន្ធនៈ​មួយ​កន្លែង និង​ឃ្លាំង​ស្ដុក​សព្វាវុធ ៣​កន្លែង​ផ្សេង​ទៀត។

ខណៈ​តំបន់​ភាគ​ខាងកើត និង​ខាងត្បូង​កំពុង​ឆាបឆេះ​ដោយ​គ្រាប់កាំភ្លើង​របស់​រុស្ស៊ី គឺ​នៅ​ភាគ​ខាងលិច​ក៏​មាន​សេចក្ដី​រាយការណ៍​មក​ថា កងទ័ព​រុស្ស៊ី​នៅ​បន្ត​បាញ់​មីស៊ីល​ទៅលើ​ទីតាំង​ជាច្រើន​នៅ​តំបន់​នោះ។ មនុស្ស​យ៉ាង​តិច ៧​នាក់​បាន​ស្លាប់ និង ១១​នាក់​រង​របួស​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី ទៅលើ​ទីក្រុង Lviv ដែល​ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​អ៊ុយក្រែន និង​ស្ថិតនៅ​ក្បែរ​ព្រំដែន​ប្រទេស​ប៉ូឡូញ។ មីស៊ីល​ជាច្រើន​គ្រាប់​ត្រូវ​បាន​រុស្ស៊ី​បាញ់​ផ្ទួនៗ​គ្នា​កាលពី​យប់​ថ្ងៃ​ចន្ទ ទៅលើ​ទីតាំង​មួយ​ចំនួន​នៅក្នុង​ទីក្រុង Lviv។

បើ​យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​សាលាក្រុង Lviv ក្នុង​ចំណោម​មីស៊ីល​ដែល​បាញ់​ដោយ​កងទ័ព​រុស្ស៊ី មាន​មួយ​ផ្នែក​បាន​បាញ់​ទៅលើ​ទីតាំង​យោធា និង​ចំណែក​មួយ​ផ្នែក​ទៀត​ត្រូវ​បាន​បាញ់​ទៅលើ​ទីតាំង​ជួសជុល​រថយន្ត​មួយ​កន្លែង។

ការ​វាយប្រហារ​ដោយ​មីស៊ីល​ទៅលើ​ទីក្រុង Lviv នេះ បាន​កើតមាន​ឡើង​បន្ទាប់ពី​រុស្ស៊ី​បាន​ប្រកាស​បង្កើន​ការ​វាយប្រហារ​ទៅលើ​រដ្ឋធានី​គៀវ ដោយ​អះអាង​ថា​ជា​ការ​សងសឹក​ទៅ​នឹង​អ៊ុយក្រែន ដែល​បាន​វាយប្រហារ​ឆ្លង​ព្រំដែន​ចូល​ទៅ​ខាង​ទឹកដី​រុស្ស៊ី ហើយ​កើតឡើង​បន្ទាប់ពី​លិច​នាវាចម្បាំង​ដ៏​សំខាន់​មួយ​របស់​រុស្ស៊ី ដែល​ត្រូវ​បាន​បាញ់​លិច​នៅក្នុង​សមុទ្រ​ខ្មៅ ដែល​អ៊ុយក្រែន​អះអាង​ថា នាវា​នោះ​បាន​លិច​ដោយ​ត្រូវ​គ្រាប់​មីស៊ីល​ប្រឆាំង​នាវា​របស់​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស