29.3 C
Phnom Penh

មេដឹកនាំ​ថ្មី​ប៉ាគីស្ថាន​សន្យា​ទាញ​ភូមិសាស្ត្រ​ទៅ​រក​បស្ចិម​ប្រទេស​វិញ​ក្រោយពី​មេដឹកនាំ​ទំនោរ​រក​ចិន​ត្រូវ​បាន​ដកហូត​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក Imran Khan ដែល​ជាប់​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ត្រូវ​បាន​ទាញ​ទម្លាក់​ពី​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា ដោយ​កម្លាំង​សាមគ្គី​គ្នា​រវាង​ក្រុម​សមាជិក​សភា​នៃ​គណបក្ស​ប្រឆាំង​ធំ​២ បូក​នឹង​បក្ស​តូចៗ​ជាច្រើន។

មូលហេតុ​ដែល​នាំ​ឱ្យ​សមាជិក​សភា​ក្រុម​ប្រឆាំង​រុញ​លោក Imran Khan ធ្លាក់​ពី​អាសនៈ​នាយករដ្ឋមន្ត្រី គឺ​មាន​កត្តា​ច្រើន​យ៉ាង​នៅ​ពីក្រោយ។ វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ធ្លាក់​ក្នុង​ជំងឺ​កូវីដ គឺជា​បញ្ហា​ចម្បង​មួយ​រួច​ទៅ​ហើយ។ វិបត្តិ​បំណុល​បរទេស គឺជា​បញ្ហា​មួយ​ទាញ​ទម្លាក់​សេដ្ឋកិច្ច ដែល​នាំ​ឲ្យ​អ្នក​នយោបាយ​ក្រុម​ប្រឆាំង​ប្រមូល​មតិ និង​កម្លាំង​រួម​គ្នា​ពិនិត្យ​ឡើងវិញ​អំពី​បំណុល​រាប់​ពាន់​លាន​ដុល្លារ​របស់​ចិន ដែល​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​នៅ​បន្ត​ភាព​ក្រីក្រ។

ក្នុង​ដំណាក់កាល​ដែល​ពិភពលោក​នៃ​ក្រុម​បស្ចិម​ប្រទេស និង​ប្រទេស​កុម្មុយនីស្ត​សហការ​ជាមួយ​ប្រទេស​ផ្ដាច់ការ​ប្រជែង​ដណ្ដើម​ភូមិសាស្ត្រ​នយោបាយ គេ​កត់​សម្គាល់​ឃើញ​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Imran Khan ដែល​ត្រូវ​បាន​ទាញ​ទម្លាក់​ពី​អំណាច​នេះ បាន​ងាករេ​ខ្លាំង​ទៅ​រក​ប្រទេស​ចិន និង​រុស្ស៊ី។ បើ​កុំ​តែ​ក្រុម​ប្រឆាំង​មាន​ឥទ្ធិពល ឬ​មាន​តុល្យភាព​នឹង​បក្ស​កាន់​អំណាច​របស់​លោក Imran Khan ម្ល៉េះ​ប៉ាគីស្ថាន​អាច​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​ចិន​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ទៅ​ហើយ។

នៅ​មុន​សភា​ដកហូត​អំណាច​របស់​លោក Imran Khan បុរស​នេះ​ត្រូវ​បាន​ប្រជាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​ដែល​ដំឡើង​ថ្លៃ​សេវា​អគ្គិសនី និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល Imran Khan បង្ហាញ​តម្លាភាព​នៃ​ប្រាក់កម្ចី​បរទេស ជាពិសេស​បំណុល​ប្រទេស​ចិន។ ប្រទេស​នេះ​ធ្លាក់​ក្នុង​បំណុល​បរទេស ១៣០​ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ឆ្នាំ​២០២១។ នេះ​បើ​យោង​តាម​សារព័ត៌មាន Asia Times។

រហូត​មក​ទល់​ពេលនេះ ពុំ​មាន​ការ​បង្ហាញ​តួលេខ​ណា​មួយ​ថា ប៉ាគីស្ថាន​ជំពាក់​ចិន​ប៉ុន្មាន​ពាន់​លាន​ដុល្លារ​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​ចិន​បាន​ទាមទារ​ឱ្យ​ប៉ាគីស្ថាន​សង​ប្រាក់​ជាបន្ទាន់​ក្នុង​ជំហាន​ដំបូង ១៤​ពាន់​លាន​ដុល្លារ ដែល​ការ​ទាមទារ​របស់​ចិន​នេះ​ហើយ​ធ្វើ​ឱ្យ​អ្នក​នយោបាយ​ប៉ាគីស្ថាន​ដាក់​ការ​ព្រួយបារម្ភ​អំពី​ការ​មិន​អាច​រក​ប្រាក់​សង​ចិន​វិញ​បាន ហើយ​ប៉ាគីស្ថាន​អាច​ប្រឈមមុខ​នឹង​ការ​បាត់បង់​អ្វី​មួយ​ដែល​ជា​ទ្រព្យ​បញ្ចាំ​ជាមួយ​នឹង​ប្រទេស​ចិន។

មិន​តែប៉ុណ្ណោះ ចិន​សម្លឹង​ទៅ​រក​ការ​ជួល​ដី​ប៉ាគីស្ថាន ដើម្បី​បង្កើត​មូលដ្ឋាន​ទ័ព​របស់​ចិន​ថែម​ទៀត តែ​ការ​ព្រមាន​របស់​ក្រុម​ប្រឆាំង​ក៏​ស្រប​ពេល​សហរដ្ឋ​អាមេរិក​ក៏​ព្រមាន​ដែរ ចំពោះ​ចរិត​របស់​លោក Imran Khan ដែល​ធ្វើ​ខ្លួន​ឱ្យ​ស្និទ្ធ​នឹង​ចិន។ ទីបំផុត ក្រុម​ប្រឆាំង​សាកល្បង​កោះ​ឱ្យ​លោក Imran Khan មក​ប្រឈមមុខ​នឹង​ការ​បោះឆ្នោត​ដក​សេចក្ដី​ទុកចិត្ត​ពី​សមាជិក​សភា ប៉ុន្តែ​លោក Imran Khan បាន​ប្រើ​ល្បិច​មួយ នៅ​ពេល​សភា​ចូល​ប្រជុំ​បែរជា​អនុប្រធាន​រដ្ឋសភា​ដែល​ជា​មិត្ត​ជិតស្និទ្ធ​នឹង​លោក​បាន​បង្វែង​ស្ថានការណ៍​ដោយ​បុរស​នេះ​បែរជា​ប្រឆាំង​នឹង​ការ​បោះឆ្នោត។

ទីបំផុត ការ​បោះឆ្នោត​សេចក្ដី​ទុកចិត្ត​លើ Imran Khan នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ធ្វើ​ឱ្យ Imran Khan រួច​ខ្លួន ហើយ​លោក​ក៏​បាន​ស្នើ​ឱ្យ​ប្រធានាធិបតី​រំលាយ​រដ្ឋសភា​តែម្ដង។ ប៉ុន្តែ​ក្រុម​ប្រឆាំង​សម្រេច​ប្ដឹង​ទៅ​តុលាការ​កំពូល​ឱ្យ​ទុក​ជា​មោឃៈ​នូវ​សេចក្ដី​សម្រេច​របស់​ប្រធានាធិបតី ដោយ​បង្គាប់​ឱ្យ​សភា​បើក​កិច្ចប្រជុំ​ដើម្បី​ដក​តំណែង​លោក Imran Khan តែម្ដង ក្រោម​ដីកា​ចោទ​ថា អំណាច​របស់​ប្រធានាធិបតី​ដែល​រំលាយ​រដ្ឋសភា គឺ​មិន​សមស្រប​នឹង​ស្ថានការណ៍​ជាក់ស្ដែង​ឡើយ។

តុលាការ​កំពូល​បាន​បង្គាប់​ឱ្យ​សភា​កោះ​ប្រជុំ​ទាំង​យប់ គឺ​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ហើយ​ទីបំផុត​រក​បាន​សំឡេង​ឆ្នោត​១៧៤ ទល់​នឹង ១៦៨ ដោយ​ទម្លាក់​លោក Imran Khan ពី​អំណាច​បាន​ជា​ផ្លូវការ ដោយ​សំឡេង​ឈ្នះ​តែ ៦​សំឡេង​ប៉ុណ្ណោះ។ លោក Imran Khan ដែល​មិន​ទទួល​យក​សេចក្ដី​សម្រេច​របស់​សភា ក៏​បាន​ព្រមាន​ស្នើ​ឱ្យ​ប្រធានាធិបតី​រំលាយ​រដ្ឋសភា​ជា​ថ្មី​ម្ដង​ទៀត។

តែ​យ៉ាងណា តុលាការ​ប្រទេស​ប៉ាគីស្ថាន​ពុំ​មែន​ជា​តុលាការ​តេឡេ​ដូច​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​នោះ​ទេ។ ឥឡូវ​នេះ នាយករដ្ឋមន្ត្រី​មកពី​បក្ស​ប្រឆាំង​ដែល​មាន​និន្នាការ​នឹង​ពួក​បស្ចិម​ប្រទេស គឺ​លោក Shehbaz Sharif បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​កាលពី​ថ្ងៃ​អង្គារ ទី​១៩ មេសា។ រដ្ឋាភិបាល​ចម្រុះ​ថ្មី​នេះ​បាន​ចូលរួម​ដោយ​គណបក្ស​ដែល​បាន​រួម​គំនិត​ជាមួយ​គ្នា​ទម្លាក់​នាយករដ្ឋមន្ត្រី​លោក Imran Khan កាលពី​ថ្ងៃ​ទី​១០ មេសា។

អ្វី​ជា​អាទិភាព​របស់​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មាន​ច្រើន រួម​មាន​ការ​ផ្សះផ្សា​ជាតិ និង​ស្រោចស្រង់​ទំនាក់ទំនង​ជាមួយ​បស្ចិម​ប្រទេស ពិសេស​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្នុង​ជំនាន់​នាយករដ្ឋមន្ត្រី​លោក Imran Khan ដែល​ងាក​ទៅ​រក​ចិន និង​រុស្ស៊ី​យ៉ាង​ខ្លាំង។

ជាមួយ​នឹង​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​ក្រុម​បស្ចិម​ប្រទេស រដ្ឋាភិបាល​ថ្មី​របស់​ប៉ាគីស្ថាន បាន​ដាក់​ពាក្យ​ស្នើ​ប្រាក់កម្ចី​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដើម្បី​យក​មក​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ដែល​ការពិត IMF បាន​យល់ព្រម​ឱ្យ​ប្រាក់កម្ចី​ចំនួន ៦​ពាន់​លាន​ដុល្លារ​ដល់​ប៉ាគីស្ថាន​តាំងពី​ឆ្នាំ​២០១៩ តែ​ពេល​នោះ អាមេរិក​ដែល​ប្រធាន​គណៈ​អភិបាល IMF មិន​សម្រេច​ឱ្យ​ប៉ាគីស្ថាន​ខ្ចី​ទៀត​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​របស់​លោក Imran Khan ខ្វះ​តម្លាភាព​នៃ​ការ​ប្រើប្រាស់​ប្រាក់កម្ចី​បរទេស។

តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ការ​ដែល​អាមេរិក​សម្រេច​ដូចនេះ ដោយសារតែ​អាមេរិក​មិន​ពេញចិត្ត​នឹង​លោក Imran Khan ដែល​ធ្វើ​ខ្លួន​ជា​អាយ៉ង​របស់​ចិន និង​រុស្ស៊ី ព្រោះតែ​ចង់​ជួល​ដី​ឱ្យ​ចិន​ស្ថាបនា​មូលដ្ឋាន​ទ័ព​នៅ​លើ​ទឹកដី​ប៉ាគីស្ថាន ជួយ​ដោះ​បំណុល​ចិន។

ក្នុង​ស្ថានភាព​ដែល​ប៉ាគីស្ថាន​មាន​នាយករដ្ឋមន្ត្រី​មកពី​ក្រុម​ប្រឆាំង ហើយ​មាន​និន្នាការ​ជាមួយ​ពួក​បស្ចិម​ប្រទេស គឺ​ប្រទេស​ចិន​ស្ងាត់​មាត់​ឈឹង ហើយ​សូម្បី​រំឭក​អំពី​បំណុល​របស់​ខ្លួន ក៏​ក្រុង​ប៉េកាំង​មិន​ទាន់​ឃើញ​លើកឡើង​ដែរ។

រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី Shehbaz Sharif បាន​សន្យា​ធ្វើការ​ពិនិត្យ​អំពី​ការ​ចាយវាយ​ប្រាក់កម្ចី​របស់​ចិន នៅ​ក្នុង​អន្តរកាល​របស់​លោក Imran Khan ថា​តើ​មាន​តម្លាភាព​កម្រិត​ណា ខណៈ​រដ្ឋាភិបាល​ថ្មី​នេះ​ពុំ​បាន​និយាយ​យោង​ថា ត្រូវ​បង្វិល​បំណុល​ចិន​នៅ​ពេល​ណា​នោះ​ទេ។

នាយករដ្ឋមន្ត្រី Shehbaz Sharif មិន​ត្រឹមតែ​សន្យា​ផ្សារ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយនឹង​ពួក​បស្ចិម​ប្រទេស​នោះ​ទេ ក៏​បាន​សន្យា​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ឡើងវិញ​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា ដែល​ជា​សត្រូវ​ប្រវត្តិសាស្ត្រ​នឹង​ប៉ាគីស្ថាន​តាំង​ក្រោយពី​អង់គ្លេស ដក​អាណានិគម​នៅ​ឆ្នាំ​១៩៤៧៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស