លោក Ramzan Kadyrov មនុស្សស្និទ្ធនឹងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) អះអាងថា ទីក្រុងកំពង់ផែសមុទ្រដ៏សំខាន់នៃប្រទេសអ៊ុយក្រែន គឺទីក្រុង Mariupol នឹងធ្លាក់នៅក្រោមការវាយកាន់កាប់ដោយកងទ័ពរុស្ស៊ី នៅយប់ថ្ងៃព្រហស្បតិ៍នេះហើយ ខណៈទីក្រុងមួយនេះរងការឡោមព័ទ្ធ និងវាយប្រហារដ៏ធ្ងន់ធ្ងរពីសំណាក់កងទ័ពរុស្ស៊ីជិត ៦០ថ្ងៃមកនេះ។
ទីក្រុង Mariupol គឺជាប្រភពសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសអ៊ុយក្រែន ដែលស្ថិតនៅភាគនិរតីនៃប្រទេសអ៊ុយក្រែន។ រុស្ស៊ីមានផែនការវាយកាន់កាប់ទីក្រុងមួយនេះ ដើម្បីតភ្ជាប់ទៅនឹងតំបន់គ្រីមៀរ ដែលធ្លាក់នៅក្រោមរុស្ស៊ី តាំងពីឆ្នាំ២០១៤ តាមរយៈការបោះឆ្នោតប្រជាមតិ។
អតីតប្រធានាធិបតីអ៊ុយក្រែន ដែលមិនព្រមចាត់វិធានការប្រឆាំងនឹងផែនការរបស់លោក ពូទីន ប៉ុនប៉ងកាន់កាប់តំបន់គ្រីមៀរ គឺលោក Viktor Yanukovych។ លោក Viktor Yanukovych ត្រូវបានប្រជាជនអ៊ុយក្រែន ចោទថាជាមេដឹកនាំក្បត់ជាតិ ជាមេដឹកនាំអាយ៉ងរបស់លោក ពូទីន។ បុរសរូបនេះត្រូវប្រជាជនអ៊ុយក្រែនទាញទម្លាក់ពីអំណាចនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។ បច្ចុប្បន្ន លោក Yanukovych កំពុងរស់នៅជាមេដឹកនាំនិរទេសខ្លួននៅក្នុងប្រទេសរុស្ស៊ី ដែលស្ថិតនៅក្រោមការការពារ និងឧបត្ថម្ភដោយរបបលោក ពូទីន។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយដោយស្រង់សម្ដីលោក Ramzan Kadyrov ជាមេដឹកនាំសាធារណរដ្ឋ Chechnya និងជាមនុស្សស្និទ្ធនឹងលោក ពូទីន អះអាងថា ទីក្រុង Mariupol ដែលជាសមរភូមិក្ដៅគគុក និងរឹងមាំរបស់កងទ័ពអ៊ុយក្រែន នឹងធ្លាក់ទៅលើកងទ័ពរុស្ស៊ីទាំងស្រុងនៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា នេះ។ លោកបញ្ជាក់ថា ការដែលកងទ័ពរុស្ស៊ី មិនអាចចូលកាន់កាប់បាន ព្រោះតែរោងចក្រដែកថែបដ៏ធំមួយនៅក្នុងទីក្រុងនេះ គឺជាទីតាំងលាក់ខ្លួនរបស់កងទ័ពអ៊ុយក្រែន។
ដោយស្ថិតនៅក្រោមការឡោមព័ទ្ធជាច្រើនសប្ដាហ៍បណ្ដាលឲ្យកងទ័ពអ៊ុយក្រែនអស់ស្បៀង ហើយក៏បានរត់គេចភៀសខ្លួន។ អនុសេនីយ៍ម្នាក់នៃកងទ័ពអ៊ុយក្រែន ដែលបានរត់ភៀសខ្លួន គឺលោក Serhiy Volyna បានអំពាវនាវសុំជំនួយទាំងស្បៀង និងគ្រាប់រំសេវពីក្រុមបស្ចិមប្រទេស ដើម្បីឱ្យកងទ័ពអ៊ុយក្រែនបន្តវាយប្រយុទ្ធនឹងកងទ័ពរុស្ស៊ីដែលឡោមព័ទ្ធទីក្រុង Mariupol។
លោក Vadym Boichenko ជាអភិបាលក្រុង Mariupol បានឲ្យដឹងថា ប្រជាជនប្រហែល ១០ម៉ឺននាក់កំពុងជាប់ផុងនៅក្នុងទីក្រុងនេះនៅឡើយ។ លោកថា ប្រជាជនទាំងនោះពុំមានច្រកណាត្រូវរត់ភៀសខ្លួននោះទេ ពីព្រោះការវាយប្រយុទ្ធគ្នានៅបន្ត។
ប៉ុន្តែបើតាមលោកអនុសេនីយ៍ Volyna ឲ្យដឹងថា ទីក្រុងនេះអាចធ្លាក់នៅក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ីទាំងស្រុង គឺអាច ២ ឬ ៣ថ្ងៃទៀត។ លោកបញ្ជាក់ថា កងទ័ពរុស្ស៊ីបានបាញ់មកលើទីក្រុងនេះគ្រប់ទិសទាំងអស់ គឺមានទាំងទ័ពអាកាស ទ័ពជើងទឹក មានទាំងគ្រាប់កាំជ្រួច គ្រាប់កាំភ្លើងធំ ឬកាំភ្លើងត្បាល់ និងទ័ពរថក្រោះថែមទៀត។ លោកបន្តថា បើអាវុធរបស់ក្រុមបស្ចិមប្រទេសមកដល់ គឺអាចវាយបក និងរុញច្រានកងទ័ពរុស្ស៊ីត្រឡប់ទៅវិញបាន។
ទីក្រុង Mariupol មានប្រជាជនរស់នៅជាង ៤០ម៉ឺននាក់។ បើតាមលោក Boichenko អភិបាលក្រុង ឲ្យដឹងថា ចាប់តាំងពីកងទ័ពរុស្ស៊ីវាយមកលើទីក្រុងនេះបណ្ដាលឱ្យប្រជាជនជាង ២ម៉ឺននាក់ស្លាប់។ កាលពីខែមីនា ក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានរកឃើញរណ្ដៅសាកសពរួមមួយដ៏ធំដែលមានសាកសពជាង ១០៨០នាក់ ក្នុងនោះមានទាំងកុមារជាង ២០០នាក់ផងដែរ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរិស ចនសុន បានហៅការស្លាប់ដ៏រង្គាលនេះថាជាអំពើប្រល័យពូជសាសន៍។ សម្រាប់លោក បៃដិន បានហៅលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ថាជាឧក្រិដ្ឋជនសង្គ្រាម។
ដោយសារជនស៊ីវិលស្លាប់យ៉ាងរង្គាលដូចនេះ ក្រុមរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កំពុងកសាងសំណុំរឿងដើម្បីផ្ដើមចោទទៅលើកងទ័ពរុស្ស៊ី និងលោក ពូទីន ករណីប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ ចំណែកឯតុលាការយុត្តិធម៌អន្តរជាតិ កំពុងកសាងសំណុំរឿងចោទប្រកាន់លោក ពូទីន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងប្រល័យពូជសាសន៍។
យ៉ាងណាក៏ដោយ តំបន់ដុនបាស់ ដែលនៅភាគខាងកើតប្រទេសក៏កំពុងវាយប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកដែរ។ រុស្ស៊ីបានបង្កើនកងទ័ពដើម្បីវាយកាន់កាប់តំបន់នេះដោយមាន ១២កងពល ដែលអាចមានកងទ័ព ១០ម៉ឺននាក់ឡើងទៅ។ ប្រភពចារកម្មរបស់ក្រសួងការពារជាតិអង់គ្លេស ព្រមានថា ដុនបាស់ នឹងក្លាយជាសមរភូមិចុងក្រោយរបស់លោក ពូទីន ដើម្បីវាយកាន់កាប់ និងពុះច្រៀកទឹកដីអ៊ុយក្រែនជាពីរ គឺដូចឧបទ្វីបកូរ៉េ។
ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានសច្ចាថា កងទ័ពអ៊ុយក្រែននឹងមិនបណ្ដោយឱ្យទឹកដីរបស់ខ្លួនបាត់ទៅលើអ្នកឈ្លានពាន ទោះស្ថិតនៅក្នុងស្ថានការណ៍ណាក៏ដោយ។ លោកថា សម្រាប់រូបលោក គឺដាច់ខាតមិនប្រគល់ទឹកដីដើម្បីជាថ្នូរនឹងសន្តិភាពជាមួយនឹងអ្នកឈ្លានពានឡើយ៕