34 C
Phnom Penh

ខណៈ​លោក ពូទីន សាទរ​កាន់កាប់​ក្រុង​ម៉ារីយូប៉ូល គឺ​តំបន់​ដុនបាស់​ក្លាយ​ជា​សមរភូមិ​ភ្លើង​ឆេះ​កាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​រុស្ស៊ី ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​ឈាន​ចូល​ដល់​រយៈពេល ៥៨​ថ្ងៃ​ហើយ​នៅ​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា ប៉ុន្តែ​មាន​តែ​ប្រតិបត្តិការ​សឹក​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា នេះ​ប៉ុណ្ណោះ​ដែល​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​ប្រកាស​ប្រាប់​ពិភពលោក​ថា កងទ័ព​រុស្ស៊ី​បាន​វាយ​កាន់កាប់​ទីក្រុង​កំពង់ផែ​ម៉ារីយូប៉ូល កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ មេសា បាន​ទាំងស្រុង​ហើយ។

ទីក្រុង​ម៉ារីយូប៉ូល នៅ​ភាគ​និរតី​នៃ​ប្រទេស​អ៊ុយក្រែន ដែល​ជាប់​នឹង​តំបន់​គ្រីមៀរ ខណៈ​រុស្ស៊ី​យក​បាន​តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​ខែ​មីនា ឆ្នាំ​២០១៤។

ការ​ប្រកាស​របស់​មេដឹកនាំ​រុស្ស៊ី ដែល​ប្រធានាធិបតី​ប៉ូឡូញ និង​ក្រុម​បស្ចិម​ប្រទេស​ខ្លះ​ហៅថា​ជា​មេដឹកនាំ​ផ្ដាច់ការ ព្រោះ​មាន​ចរិត​ដូច​មេដឹកនាំ​អាល្លឺម៉ង់ អាឌុល អ៊ីត្លែ និង​កម្មាភិបាល ប៉ុល ពត នៅ​កម្ពុជា​នោះ បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ច​សន្ទនា​ទល់​មុខ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ស៊ែរហ្កី ស្ហូហ្គូ ក្នុង​វិមាន​ក្រឹមឡាំង។

កិច្ច​សន្ទនា​របស់​លោក ពូទីន ត្រូវ​បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​រុស្ស៊ី តែ​ជាមួយ​គ្នា​នេះ លោក ស៊ែរហ្កី ស្ហូហ្គូ បាន​ប្រាប់​លោក ពូទីន ថា នៅ​មាន​ទាហាន​អ៊ុយក្រែន​ចំនួន ២​ពាន់​នាក់​ទៀត​កំពុង​លាក់​ខ្លួន​នៅ​ក្រោម​ដី​ក្នុង​តំបន់​ឧស្សាហកម្ម​រោងចក្រ​ដែកថែប​មួយ​ដ៏​ធំ​ក្នុង​ទីក្រុង​នេះ។

យ៉ាងណាក៏ដោយ លោក ពូទីន បាន​សាទរ​ការ​ដែល​កងទ័ព​របស់​លោក​វាយ​យក​បាន​ទីក្រុង​កំពង់ផែ​ម៉ារីយូប៉ូល ដ៏​សំខាន់​នេះ។ តាម​ផែនការ​របស់​លោក ពូទីន ទីក្រុង​ម៉ារីយូប៉ូល នឹង​ក្លាយ​ជា​ទីតាំង​ដែល​ក្រុង​មូស្គូ ចាប់​យក​ដើម្បី​ប្រារព្ធ​ជ័យជម្នះ​លើ​កងទ័ព​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​១៩៤៥ ជា​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ នៅ​អឺរ៉ុប។

ប៉ុន្តែ​ក្នុង​ស្ថានការណ៍​ដែល​គេ​អាច​គិត​ច្បាស់​ណាស់​ថា កងទ័ព​អ៊ុយក្រែន​នឹង​វាយ​បក​វិញ​នៅ​ពេល​ឆាប់ៗ​នេះ បន្ទាប់ពី​កាំភ្លើង​ធំ​ខ្នាត​យក្ស​របស់​អាមេរិក​នឹង​បញ្ជូន​ទៅ​ជួយ​អន្តរាគមន៍​ជាមួយ​នឹង​សព្វាវុធ​ធន់​ធ្ងន់​ជាច្រើន​របស់​អង់គ្លេស អាល្លឺម៉ង់ កាណាដា ណ័រវេស អូស្ត្រាលី និង​យន្តហោះ​ចម្បាំង​ប្រភេទ Mig-29 របស់​អតីត​សហភាព​សូវៀត ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ដល់​ដៃ​កងទ័ព​អ៊ុយក្រែន​បណ្ដើរៗ​ហើយ​នៅ​ថ្ងៃ​នេះ។

សព្វាវុធ​របស់​ក្រុម​លោក​សេរី​នឹង​ត្រូវ​ជួយ​អ៊ុយក្រែន ដើម្បី​វាយ​បក​ទៅ​លើ​កងទ័ព​រុស្ស៊ី ដែល​បាន​ប្រតិបត្តិការ​សឹក​ដំណាក់កាល​ទី​២ នៅ​តំបន់​ដុនបាស់ នៅ​ភាគ​ខាងកើត​ប្រទេស។ ខណៈ​នេះ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា រុស្ស៊ី​បង្កើន​ការ​វាយប្រហារ​តំបន់​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង ដោយ​គ្រប់​ទិស​ទាំងអស់​មាន​ទាំង​ទ័ព​អាកាស ទ័ព​កាំភ្លើង​ធំ ទ័ព​រថក្រោះ និង​ទ័ព​កាំជ្រួច។

ក្នុង​តំបន់​ពីរ​នេះ រុស្ស៊ី​បញ្ជូន​ទ័ព​ដល់​ទៅ ១២​កងពល​ដែល​មាន​ជាង ១០​ម៉ឺន​នាក់។ សមរភូមិ​ដ៏​ខ្លាំង​បំផុត គឺ​នៅ​ទីក្រុង Luhansk និង Donetsk។

តាម​ដំណឹង​មក​ថា នៅ​ទីក្រុង Luhansk កងទ័ព​រុស្ស៊ី​វាយ​កាន់កាប់​បាន​ជិត ៨០% ហើយ​នៅ​ពេល​នេះ។ ចំណែក​នៅ Donetsk កំពុង​ស្ថិត​ក្នុង​ការ​ប្រទាញប្រទង់​គ្នា​ជា​ខ្លាំង តែ​កងទ័ព​រុស្ស៊ី​មាន​ប្រៀប​ជាង​កងទ័ព​អ៊ុយក្រែន ព្រោះ​កងទ័ព​រុស្ស៊ី​មាន​អន្តរាគមន៍​ដោយ​ទ័ព​អាកាស និង​ទ័ព​កាំជ្រួច។

មេទ័ព​ម្នាក់​របស់​រុស្ស៊ី គឺ​ឧត្តមសេនីយ៍ទោ Rustam Minnekaev បាន​និយាយ​ថា តំបន់​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន កំពុង​ក្លាយ​ជា​សមរភូមិ​ផ្ដាច់ព្រ័ត្រ​ដែល​លោក​ថា កងទ័ព​រុស្ស៊ី​កំពុង​វាយលុក ហើយ​យក​ឱ្យ​បាន​ដូច​នឹង​ទីក្រុង​ម៉ារីយូប៉ូល។

បើ​តាម​សារព័ត៌មាន The Times of Israel តំបន់​ដុនបាស់ គឺជា​ដំណាក់​ប្រតិបត្តិការ​សឹក​ពិសេស​លើក​ទី​២ របស់​លោក ពូទីន ហើយ​បើ​តំបន់​នេះ​ត្រូវ​បាន​ទ័ព​រុស្ស៊ី​វាយ​កាន់កាប់​បាន គឺ​អាច​ជា​ការ​បិទ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ ក្នុង​ស្ថានការណ៍​ដូចនេះ ក្រុង​មូស្គូ នឹង​ប្រកាស​បង្កើត​រដ្ឋ​អំណាច​ដែល​នៅ​ក្រោម​ចំណុះ​ទឹកដី​រុស្ស៊ី គឺ​ដូច​តំបន់​គ្រីមៀរ ដែល​រុស្ស៊ី​យក​បាន​នៅ​ឆ្នាំ​២០១៤។

ប៉ុន្តែ​ក្រុម​អ្នក​សង្កេតការណ៍​ផ្នែក​យោធា មើល​ឃើញ​ថា សង្គ្រាម​នៅ​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន អាច​នឹង​មិន​ងាយ​បិទ​បញ្ចប់​បាន​ឡើយ។ ទោះជា​កងទ័ព​រុស្ស៊ី​អាច​កាន់កាប់​បាន​តំបន់​នេះ តែ​មិន​អាច​គ្រប់គ្រង​បាន​ឡើយ។ មាន​ន័យ​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​រហូត​មាន​ការ​ចរចា ហើយ​រក​វិធី​បញ្ចប់​សង្គ្រាម​ដោយ​ភាគី​ចម្បាំង​ទាំង​ពីរ ត្រូវ​ធ្វើ​សម្បទាន​រួម​គ្នា​មួយ​ដ៏​រឹងមាំ។ អ្នក​ជំនាញ​យោធា​ព្រមាន​ថា បើ​ពុំ​អាច​រក​ឃើញ​សន្តិភាព​សម្រាប់​តំបន់​នេះ​ទេ គឺ​តំបន់​នេះ​នឹង​ក្លាយ​ទៅជា​រណ្ដៅ​កប់​សាកសព​យ៉ាង​ច្រើន ទាំង​កងទ័ព​រុស្ស៊ី និង​កងទ័ព​អ៊ុយក្រែន ហើយ​មិន​តែប៉ុណ្ណោះ ជន​ស៊ីវិល​រាប់​ពាន់​នាក់​នឹង​ត្រូវ​សម្លាប់​ដោយ​គ្រាប់​កាំភ្លើង​របស់​កងទ័ព​ទាំង​ពីរ។

ដុនបាស់ ជា​តំបន់​ធំ​ទី​២ បន្ទាប់ពី​អ៊ុយក្រែន។ តំបន់​នេះ​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា ហើយ​មាន​ប្រជាជន​រស់នៅ​ជាង ៤​លាន​នាក់ គឺ​មាន​ទាំង​ប្រជាជន​រុស្ស៊ី និង​ប្រជាជន​អ៊ុយក្រែន។ តំបន់​នេះ​ជា​តំបន់​ស្លាប់​រស់​របស់​រដ្ឋាភិបាល​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស