29 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថា​បក្ស​កាន់​អំណាច​បាន​ប្រែ​ក្លាយ​កម្ពុជា​ជា​ប្រទេស​ជឿនលឿន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា ក្រោម​ម្លប់​សន្តិភាព​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ បាន​ប្រែ​ក្លាយ​កម្ពុជា​ពី​ប្រទេស​ដែល​ស្ថិតនៅ​ក្នុង​ថ្លុក​ឈាម គំនរ​ឆ្អឹង និង​ការ​បំផ្លិចបំផ្លាញ ទៅ​ជា​ប្រទេស​ជឿនលឿន​ដែល​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​តំបន់ និង​សកលលោក។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​លើកឡើង​នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​បរិស្ថាន ជាមួយ​នឹង​ក្រុមហ៊ុន ស្លេមិនស៍ (Slemenss) ស្ដីពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មួយ​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២ ថា បច្ចេកវិទ្យា​ឌីជីថល​កំពុង​ដើរ​តួនាទី​ស្នូល​សម្រាប់​ប្រតិបត្តិការ និង​ទំនាក់ទំនង​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ឲ្យ​មាន​សសរស្ដម្ភ​សម្រាប់​កម្ពុជា​យ៉ាង​សំខាន់ គឺ​ពលរដ្ឋ​ឌីជីថល រដ្ឋាភិបាល​ឌីជីថល និង​ធុរកិច្ច​ឌីជីថល។

លោក សាយ សំអាល់ អះអាង​ថា កម្ពុជា​កំពុង​ប្រែ​ក្លាយ​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដែល​ជា​មោទកភាព​ជាតិ​មួយ​ក្នុង​ការ​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍​ដែល​មាន​សេដ្ឋកិច្ច​រឹងមាំ សង្គម​យុត្តិធម៌​ត្រឹមត្រូវ និង​មាន​ពលរដ្ឋ​ពោរពេញ​ទៅ​ដោយ​ចំណេះដឹង​ដែល​រស់នៅ​តាម​លក្ខណៈ​ពលរដ្ឋ​ជឿនលឿន ក្នុង​សង្គម​ដែល​ពោរពេញ​ទៅ​ភាព​សុខដុមរមនា។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ដោយ​ឯក​បក្ស​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ដែល​ពោរពេញ​ទៅ​ដោយ​បទពិសោធន៍ និង​ភាព​វៃឆ្លាត​ជាង ៤០​ឆ្នាំ​មក​នេះ បាន​ដឹកនាំ​កម្ពុជា​ទៅ​រក​ភាព​រីកចម្រើន និង​សុខ​សន្តិភាព​ពេញលេញ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស បន្ទាប់ពី​កម្ពុជា​បាន​ឆ្លងកាត់​នូវ​ភ្លើង​សង្គ្រាម​ប្រមាណ​ជា ២​ទសវត្សរ៍​កន្លង​មក​នេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ មេសា នេះ​ថា ការ​លើកឡើង​របស់​លោក សាយ សំអាល់ គ្រាន់តែ​ជា​ការ​បង្ហាញ​ពី​ភាព​កម្សោយ​របស់​រដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ។ ពួកគេ​នៅតែ​នាំគ្នា​យក​ការ​ដឹកនាំ​របស់​ខ្លួន​សព្វថ្ងៃ​នេះ​ទៅ​ប្រៀបធៀប​ជាមួយ​នឹង​កម្ពុជា​ដែល​ស្ថិត​នៅ​ក្នុង​ឆ្នាំ​សូន្យ ដែល​ជា​សម័យកាល​ដ៏​អន់ថយ​បំផុត​របស់​កម្ពុជា​នៅ​ពេល​នោះ។

លោក ម៉ែន ណាត អះអាង​ថា រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មាន​លទ្ធភាព​ត្រឹមតែ​ប្រកួតប្រជែង​ជាមួយ​របប​ប្រល័យ​ពូជសាសន៍​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​គេ​សម្លឹង​មើល​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​ដែល​កំពុង​ស្ថិត​ក្នុង​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​វិញ នោះ​ពលរដ្ឋ​ខ្មែរ​អាច​នឹង​វាយតម្លៃ​បាន​ថា កម្ពុជា​ក៏​កំពុង​ស្ថិត​ក្នុង​ឆ្នាំ​សូន្យ​ដូច​កម្ពុជា​ស្ថិត​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ដូច្នោះ​ដែរ ត្បិត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​ត្រូវ​បាន​រឹតត្បិត​ស្ទើរតែ​ដូច​គ្នា​ស្រុង។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បែប​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ដែរ​ថា គាត់​ក៏​គ្មាន​សមត្ថភាព​ជាង​មន្ត្រី​បក្ស​កាន់​អំណាច​ចាស់ៗ​ដែល​ទើប​នឹង​ចេញ​មកពី​ក្នុង​ព្រៃ​ទាំងនោះ​ដែរ។ ជាង​នេះ​ទៀត ក៏​អាច​បញ្ជាក់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ទៀត​ថា ឧត្តម​មន្ត្រី​របស់​កម្ពុជា​រូប​នេះ​គ្មាន​សមត្ថភាព និង​ឧត្តមគតិ​ដឹកនាំ​កសាង​ប្រទេស​ជាតិ​ឱ្យ​រីកចម្រើន ឬ​អាច​ការពារ​អធិបតេយ្យភាព​ជាតិ​បាន​នោះ​ទេ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន មាន​តែ​ការ​ជាន់ឈ្លី​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ប៉ុណ្ណោះ ខណៈ​ការ​ប្រឹង​បង្អួត​នូវ​ការ​កសាង​សមិទ្ធផល​នានា​ដូចជា ស្ពាន ថ្នល់ ជាដើម សព្វថ្ងៃ​នេះ គឺជា​សមិទ្ធផល​ក្រោម​បំណុល​របស់​បទេស​ទាំងអស់។ ជាង​នេះ​ទៀត បំណុល​ក៏​សង​គេ​មិន​ទាន់​រួច សមិទ្ធផល​ទាំងនោះ​ក៏​រង​នូវ​ការ​ខូចខាត​ទៅវិញ​គ្រប់​ទីកន្លែង​ផង​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស