29 C
Phnom Penh

អាមេរិក​ផ្ដល់​ជំនួយ​យោធា​និង​មនុស្សធម៌​ទៅ​អ៊ុយក្រែន​និង​អឺរ៉ុប​ខាង​កើត​កើន​៧​ពាន់​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ជំនួប​ពិសេស និង​ដោយ​ផ្ទាល់​នៅ​ក្នុង​ដែនដី​នៃ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​អាទិត្យ ទី​២៤ មេសា ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន លោក Antony Blinken ប្រមុខ​ការទូត និង​លោក Lloyd Austin ប្រមុខ​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​លើក​ទឹកចិត្ត​ជា​ខ្លាំង​ដល់​ប្រជាជន និង​លោក Volodymir Zelenskiy ក្នុង​បុព្វហេតុ​នៃ​ការ​តស៊ូ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។

ក្នុង​ជំនួប​នោះ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋការ​លោក ចូ បៃដិន (Joe Biden) បាន​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​សម្រេច​បន្ថែម​ជំនួយ​យោធា​ជា​សាច់ប្រាក់​ចំនួន ៣២២​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សារព័ត៌មាន​របស់​អ៊ុយក្រែន Interfax ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែ​មេសា នេះ។

លោក Antony Blinken បាន​ប្រាប់​ទៅ​ប្រធានាធិបតី​អ៊ុយក្រែន លោក Zelenskiy ថា សហរដ្ឋ​អាមេរិក​មាន​បំណង​នឹង​បន្ថែម​ជំនួយ​ហិរញ្ញវត្ថុ​ខាង​ផ្នែក​យោធា ការបរទេស​ទៅ​ឲ្យ​អ៊ុយក្រែន និង​សម្ព័ន្ធមិត្ត​អាមេរិក​ចំនួន ១៥​ប្រទេស​នៅ​តំបន់​បាល់កង់ នូវ​ទឹកប្រាក់ ៧១៣​លាន​ដុល្លារ​អាមេរិក។ ក្នុង​ជំនួយ​យោធា​ដែល​មាន​ទឹកប្រាក់​ចំនួន ៧១៣​លាន​ដុល្លា​អាមេរិក គឺ ៣២២​លាន​ដុល្លារ​អាមេរិក​នឹង​ផ្ដល់​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន ខណៈ​ចំនួន​ទឹកប្រាក់​ដែល​នៅ​សល់ នឹង​ត្រូវ​បែងចែក​ទៅ​ឱ្យ​ក្នុង​ចំណោម​ប្រទេស​នៃ​តំបន់​អឺរ៉ុប​ខាងកើត និង​អឺរ៉ុប​កណ្តាល។

បើ​តាម​ការ​ចុះផ្សាយ​របស់​ក្រសួង​ការបរទេស​អាមេរិក គឺ​ចាប់តាំង​ពី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ មក សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​ទាំង​ជំនួយ​យោធា និង​ជំនួយ​មនុស្សធម៌​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅ​អឺរ៉ុប​ខាងកើត មាន​ទំហំ​សាច់ប្រាក់ ៧​ពាន់​លាន​ដុល្លារ​អាមេរិក។

នៅ​ពេល​មក​ដល់​ប្រទេស​ប៉ូឡូញ វិញ លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដោយ​បាន​ប្រាប់​ថា ជំនួយ​យោធា​របស់​អាមេរិក​ដែល​បន្ថែម​ទៀត​នេះ ផ្ដោត​ទៅ​លើ​ការ​ជួយ​កងទ័ព​អ៊ុយក្រែន​នៅ​ក្នុង​សមរភូមិ​នៅ​តំបន់​ដុនបាស់ នៅ​ភាគ​ខាងកើត​ប្រទេស និង​សមរភូមិ​នៅ​ភាគ​ខាងត្បូង​ដែល​កំពុង​ផ្ទុះឡើង​យ៉ាង​ខ្លាំង។ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ លោក Blinken បាន​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​នឹង​បើក​ស្ថានទូត ហើយ​បញ្ជូន​អ្នក​ការទូត​អាមេរិក​ទៅកាន់​រដ្ឋធានី​គៀវ វិញ​នៅ​ប៉ុន្មាន​សប្ដាហ៍​នេះ។

លោក​ថា ការ​ដែល​អាមេរិក និង​សម្ព័ន្ធមិត្ត​សម្រេច​បើក​ស្ថានទូត​ឡើងវិញ​នៅ​ទីក្រុង​គៀវ គឺជា​សញ្ញា​មួយ​ដែល​លោក​ថា រុស្ស៊ី​កំពុង​បរាជ័យ​នៃ​ផែនការ​ឈ្លានពាន​អ៊ុយក្រែន។ ប៉ុន្តែ​លោក​បញ្ជាក់​ថា គឺជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក ក្នុង​ការ​វិលត្រឡប់​ទៅវិញ​នូវ​អ្នក​ការទូត​អាមេរិក​ទៅកាន់​រដ្ឋធានី​គៀវ ដែល​លោក​អះអាង​ថា អ្នក​ការទូត​ទាំងនោះ​នឹង​ត្រឡប់​ទៅវិញ​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះ។ នៅ​ពេល​អ្នក​សារព័ត៌មាន​ចោទ​សួរ​អំពី​សុវត្ថិភាព​របស់​អ្នក​ការទូត​អាមេរិក លោក Blinken ពុំ​បាន​ផ្ដល់​ចម្លើយ​នោះ​ទេ។ លោក​គ្រាន់តែ​បញ្ជាក់​ថា វា​ជា​កាតព្វកិច្ច​របស់​សហរដ្ឋ​អាមេរិក។

រយៈពេល​ជិត ១០​ថ្ងៃ​មក​នេះ រដ្ឋធានី​គៀវ ពុំ​បាន​រង​នូវ​ការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​រុស្ស៊ី​នោះ​ទេ បន្ទាប់ពី​រុស្ស៊ី​បាន​ដក​ទ័ព​របស់​ខ្លួន​ចេញពី​តំបន់​ភាគ​ខាងជើង​រដ្ឋធានី​មួយ​នេះ ហើយ​ទៅ​ប្រមូលផ្ដុំ​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​តំបន់​ពីរ​នេះ របប​ក្រុង​មូស្គូ ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​ប្រកាស​ប្រតិបត្តិការ​សឹក​ពិសេស​ដំណាក់កាល​ទី​២ គឺ​មាន​ផែនការ​វាយ​កាន់កាប់​ដើម្បី​ពុះ​ច្រៀក​ទឹកដី​អ៊ុយក្រែន​ជា​ពីរ ឱ្យ​នៅ​ក្រោម​ដែន​អធិបតេយ្យ​របស់​រុស្ស៊ី ដូច​គ្នា​ទៅ​នឹង​តំបន់​គ្រីមៀរ តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​ខែ​មីនា ឆ្នាំ​២០១៤ ហើយ​បច្ចុប្បន្ន​នេះ គ្រីមៀរ ជា​រដ្ឋ​ឯករាជ្យ​មួយ​របស់​រុស្ស៊ី។

តែ​បើ​តាម​អ្នកជំនាញ​យោធា​របស់​ពួក​បស្ចិម​ប្រទេស រុស្ស៊ី​អាច​វាយ​យក​តំបន់​ភាគ​ខាងកើត ឬ​ខាងត្បូង​បាន ដោយ​ត្រូវ​ចំណាយ​កងទ័ព​រាប់​ម៉ឺន​នាក់។ យ៉ាងណា អ៊ុយក្រែន​នឹង​បន្ត​វាយបក​វិញ គឺ​សង្គ្រាម​នៅ​បន្ត​ផ្ទុះឡើង​រាប់​ខែ​ទៅមុខ​ទៀត។

បើ​និយាយ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ដែល​បាន​ទៅកាន់​ទីក្រុង​គៀវ ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​កន្លងទៅ​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ក្នុង​ស្ថានភាព​ដែល​អ៊ុយក្រែន​ធ្លាក់​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​កងទ័ព​រុស្ស៊ី ហើយ​ចំ​ពេល​ដែល​សង្គ្រាម​នេះ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ៦០​ថ្ងៃ​មក​ហើយ។

តែ​ជាមួយ​គ្នា​នេះ មិន​ថា​ឡើយ​មន្ត្រី​ជាន់ខ្ពស់​សេតវិមាន ២​រូប​នេះ​ដែល​បាន​ទៅកាន់​រដ្ឋធានី​នៃ​ប្រទេស​អ៊ុយក្រែន គឺ​មាន​នាយករដ្ឋមន្ត្រី​អង់គ្លេស មេដឹកនាំ​សហភាព​អឺរ៉ុប ប្រធានាធិបតី​ប៉ូឡូញ នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ឆេក និង​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ស្លូវើនៀ ហើយ​កាលពី​ថ្មីៗ​នេះ នាយករដ្ឋមន្ត្រី​ប្រទេស​អេស្ប៉ាញ និង​ដាណឺម៉ាក ក៏​បាន​ទៅ​ជួប​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymir Zelenskiy នៅ​ទីក្រុង​គៀវ គឺ​ក្នុង​បុព្វហេតុ​នៃ​ការ​គាំទ្រ​ស្មារតី​របស់​ប្រជាជន និង​កងទ័ព​អ៊ុយក្រែន ដែល​បាន​តស៊ូ​ប្រយុទ្ធ​ដើម្បី​សេរីភាព និង​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​អ៊ុយក្រែន ដែល​រង​ការ​ឈ្លានពាន​ពី​សំណាក់​មហាអំណាច​រុស្ស៊ី​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស