អនាគតបេក្ខជននាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែលតំណាងឲ្យលោក ហ៊ុន សែន នឹងជួបសំណេះសំណាលផ្លូវការជាលើកដំបូងជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា នៅក្នុងពិធីអបអរទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា លើកទី២៩ ដើម្បីលើកស្ទួយសេរីភាពសារព័ត៌មាន និងបង្កើនភាពស្និទ្ធស្នាល។
យោងតាមការបញ្ជាក់ក្នុងលិខិតរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ពិធីជួបសំណេះសំណាលដែលរៀបចំដោយក្រសួងព័ត៌មាន នឹងធ្វើនៅសណ្ឋាគារសុខាភ្នំពេញ។ ការរៀបចំពិធីអបអរទិវាសេរីភាពសារព័ត៌មាន គឺដើម្បីលើកស្ទួយសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលកំពុងបំពេញភារកិច្ចលើវិស័យសារព័ត៌មាននៅកម្ពុជា និងនៅលើសកលលោក។
នៅក្នុងលិខិតនោះក៏បានបញ្ជាក់ផងដែរថា ពិធីនេះក៏ជាឱកាសនៃការបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ ក៏ដូចជាអ្នកនាំពាក្យជាមួយអ្នកសារព័ត៌មានផងដែរ។ លោក ហ៊ុន ម៉ាណែត តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មានជាលើកដំបូងមានរយៈពេល ១ម៉ោងកន្លះ។
យោងតាមរបៀបវារៈ តំណាងក្រសួងព័ត៌មាននឹងអានសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសអបអរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ នាថ្ងៃទី៣ ខែឧសភា។
ភាគីពាក់ព័ន្ធដែលបម្រើការក្នុងវិស័យសារព័ត៌មាន នឹងត្រូវឡើងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន មុននឹងឈានដល់មតិស្វាគមន៍ជាបន្តបន្ទាប់របស់លោក Sardar Umar Alam តំណាងយូណេស្កូប្រចាំកម្ពុជា លោកស្រី Camilla Ottoson តំណាងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ។
អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីពេលថ្មីៗនេះបានបន្តផ្ដល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ ស្ថិតនៅក្នុងរូបភាពអាក្រក់ដដែល ដោយនៅលេខរៀងទី១៤៤ ក្នុងចំណោម ១៨០ប្រទេសនៅលើពិភពលោក។ សេរីភាពសារព័ត៌មានដែលអង្គការនេះវាយតម្លៃ បង្ហាញថា កម្ពុជាបានធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៧ មក។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានចេញរបាយការណ៍របស់ខ្លួនស្ដីពីសេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២២ នេះថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២១ បានធ្លាក់ចុះកាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ កន្លងទៅ ដោយសារការបន្តរឹតត្បិតផ្នែកនយោបាយ និងបទដ្ឋានច្បាប់ផ្សេងៗដែលផ្ដល់អំណាចកាន់តែច្រើនដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
របាយការណ៍ដដែលថា មានការបៀតបៀនលើអ្នកសារព័ត៌មានជាង ៥០ករណី។ អ្នកកាសែតជាង ៣០នាក់ត្រូវបានចាប់ខ្លួន ខណៈអ្នកសារព័ត៌មានជាង ២០នាក់ប្រឈមនឹងចំណាត់ការតាមផ្លូវច្បាប់។ ចំណែក ១៨ករណីផ្សេងទៀតត្រូវរងនូវអំពើហិង្សាដោយការយាយីលើរាងកាយយ៉ាងធ្ងន់ធ្ងរ។
កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ចោទថាស្ថាប័ន និងអ្នកសារព័ត៌មានមួយចំនួននៅកម្ពុជាបានប្រើឧបាយកលបំផុសបំផុលប្រជាពលរដ្ឋ ដោយការផ្សព្វផ្សាយនូវព័ត៌មានមិនពិតជាច្រើន ប៉ុន្តែត្រូវរដ្ឋាភិបាលរបស់លោកគ្រប់គ្រងបានទាន់ពេល។
ជាលេសដើម្បីគ្រប់គ្រងស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ ក្នុងការបិទសំឡេងសារព័ត៌មានឯករាជ្យ នាយករដ្ឋមន្ត្រីដែលក្រាញនឹងអំណាចយូរជាងគេនៅអាស៊ី លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញដោយបង្ខំឲ្យកាសែត The Cambodia Daily និងវិទ្យុមួយចំនួនសម្រេចបិទការិយាល័យរបស់ខ្លួននៅភ្នំពេញ ដោយសាររងសម្ពាធនយោបាយ និងការគាបសង្កត់ពីរដ្ឋាភិបាលក្រោមហេតុផលមិនបង់ពន្ធឲ្យរដ្ឋាភិបាល។
យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ថាប័នសារព័ត៌មានជាង ៥០០ស្ថាប័នដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ក្នុងនោះឃើញមានកាសែតបរទេសចំនួន ៤៣ស្ថាប័ន វិទ្យុក្នុងស្រុកជាង ២០០ស្ថាប័ន ទូរទស្សន៍ ២០ស្ថាប័ន និងវេបសាយ ១៤៨ស្ថាប័នដែលបានចុះបញ្ជី។ ប៉ុន្តែស្ថាប័នទាំងនោះគ្រាន់តែជាឧបករណ៍ដើម្បីបំពងសំឡេងរបស់បក្សកាន់អំណាចតែប៉ុណ្ណោះ ហើយរដ្ឋាភិបាលខ្លួនឯងក៏ពុំដែលយកចិត្តទុកដាក់ចំពោះការចុះផ្សាយរបស់ស្ថាប័នទាំងនោះផងដែរ៕