29 C
Phnom Penh

លោក ពូទីន ព្រមាន​វាយបក​លឿន​ដូច​ផ្លេកបន្ទោរ​លើ​ពួក​បស្ចិម​ប្រទេស​បើ​អន្តរាគមន៍​ជួយ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គេ​នៅ​ចាំ​បាន​ថា នៅ​មុន​ការ​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន គឺ​រដ្ឋាភិបាល​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​ដាក់​ពង្រាយ​កងទ័ព​ឡោមព័ទ្ធ​ប្រទេស​ជិតខាង​មួយ​នេះ​ដល់​ទៅ​ជិត ២០​ម៉ឺន​នាក់។

ជាមួយ​គ្នា​នេះ សព្វាវុធ​ទំនើបៗ​មាន​ដូចជា​មីស៊ីល រថក្រោះ រថពាសដែក កាំភ្លើង​ធំ និង​រ៉ុក្កែត​ហ្វូង​ដែល​គេ​ហៅថា កាំភ្លើង ៤០​កាណុង រួម​ទាំង​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ ត្រូវ​បាន​ដាក់​ពង្រាយ។ នេះ​បើ​តាម​ប្រភព​ចារកម្ម​របស់​កងទ័ព​អាមេរិក និង​អង់គ្លេស។

ដោយ​មើល​ឃើញ​ថា​ទ័ព​អ៊ុយក្រែន​អាច​នឹង​ងាយ​បាក់​ស្មារតី និង​បាក់​ទ័ព លោក ពូទីន បាន​ព្រមាន​ថា​នឹង​វាយ​កាន់កាប់​លើ​ប្រទេស​អ៊ុយក្រែន ដើម្បី​បញ្ចប់​របប​យោធា​ណាហ្ស៊ី​របស់​ប្រធានាធិបតី ហ្សេឡេនស្គី (Volodymyr Zelenskyy) គឺ​ត្រូវ​ប្រើ​ពេល​តែ ៤៨​ម៉ោង ឬ ៧២​ម៉ោង​ប៉ុណ្ណោះ អាច​នឹង​វាយ​កាន់កាប់​បាន​សម្រេច​ហើយ។

លោក ពូទីន និង​ជំនួយការ​ជិតស្និទ្ធ​របស់​លោក​ទំនង​ចង់​ប្រាប់​លោក ហ្សេឡេនស្គី និង​កងទ័ព​អ៊ុយក្រែន ថា កុំ​ចង់​លេង​ល្បែង​សង្គ្រាម​ជាមួយ​នឹង​រុស្ស៊ី​ឲ្យ​សោះ គឺ​មិន​អាច​ទប់ទល់​នឹង​កងទ័ព​រុស្ស៊ី​បាន​ឡើយ។

ទាំងនេះ​គឺជា​ការ​កត់ត្រា​របស់​អ្នក​សារព័ត៌មាន និង​អ្នកវិភាគ​អំពី​សង្គ្រាម​ដែល​លោក ពូទីន បញ្ជា​ឱ្យ​កងទ័ព​រុស្ស៊ី​លើក​ទ័ព​ចូល​វាយ​លុកលុយ​កាន់កាប់​ប្រទេស​អ៊ុយក្រែន។

តែ​មក​ដល់​ពេលនេះ សង្គ្រាម​បាន​ឈាន​ដល់ ៦៤​ថ្ងៃ​ហើយ គឺ​រុស្ស៊ី​វាយ​អ៊ុយក្រែន​មិន​អាច​វាយ​បែក​ឡើយ។ មិន​តែប៉ុណ្ណោះ លោក ពូទីន បាន​បញ្ជា​ឱ្យ​កងទ័ព​រុស្ស៊ី​ដែល​គេ​ថា​បាក់​ទ័ព​រត់​ចោល​សមរភូមិ​នៅ​ភាគ​ខាងជើង​ប្រទេស ឲ្យ​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ប្រទេស ដើម្បី​វាយ​កាន់កាប់​ឱ្យ​បាន​នូវ​ភូមិសាស្ត្រ​ក្នុង​តំបន់​នេះ។

តាំងពី​រុស្ស៊ី​ដក​ទ័ព​មក​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​ប្រទេស ការ​វាយ​ប្រយុទ្ធ​គ្នា​ផ្ទុះ​ពេញ​ទំហឹង​នៅ​តំបន់​ដុនបាស់ លើ​ផ្ទៃដី​ជាង ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា មាន​រយៈពេល​ជិត ១០​ថ្ងៃ​មក​ហើយ ហើយ​រុស្ស៊ី​ក៏​មិន​ទាន់​អាច​វាយ​កាន់កាប់​បាន​នៅឡើយ​ដែរ។ តាម​ដំណឹង​មក​ថា ទ័ព​រុស្ស៊ី​មាន​ដល់​ជាង ១០​ម៉ឺន​នាក់​បើក​ប្រតិបត្តិការ​សឹក​នៅ​តំបន់​នោះ។

ទោះជា​យ៉ាងនេះ​ក្ដី បុរស​ខ្លាំង ពូទីន បាន​បន្ត​អួត​ប្រាប់​សមាជិក​សភា​របស់​លោក​កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ថា កងទ័ព​រុស្ស៊ី​មាន​លទ្ធភាព​វាយ​លឿន​ដូច​ផ្លេកបន្ទោរ​ទៅលើ​ពួក​បស្ចិម​ប្រទេស ដោយ​ប្រើ​អាវុធ​យុទ្ធសាស្ត្រ។ លោក​បាន​ថ្លែង​ដូចនេះ​ថា៖ ប្រសិនបើ​មាន​ប្រទេស​ណា​ចង់​លូក​ដៃ​ពី​ខាងក្រៅ​ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​កំពុង​កើត​មាន​នៅ​អ៊ុយក្រែន​ពេល​នេះ គឺ​ប្រទេស​នោះ​ត្រូវ​ដឹង​ថា គឺជា​ការ​បង្កើត​ការ​គំរាមកំហែង​ភូមិសាស្ត្រ​នយោបាយ​លើ​រុស្ស៊ី។ នៅ​ក្នុង​ករណី​នេះ ប្រទេស​នោះ​ត្រូវ​ដឹង​ថា​នឹង​មាន​ចម្លើយ​មួយ​ពី​រុស្ស៊ី គឺ​ការ​វាយប្រហារ​យ៉ាង​ឆាប់​រហ័ស​ដូច​ផ្លេកបន្ទោរ ហើយ​ការ​វាយប្រហារ​នេះ​ដោយ​អាវុធ​យុទ្ធសាស្ត្រ​ទៀត​ផង

លោក ពូទីន បាន​ពន្យល់​ថា រុស្ស៊ី​មាន​គ្រប់​មធ្យោបាយ​ដែល​គ្មាន​ប្រទេស​ណា​មួយ​មាន​ទេ​នៅ​ពេល​នេះ។ លោក ពូទីន អះអាង​ថា រុស្ស៊ី​មិន​អួតអាង​អ្វី​ទេ តែ​រុស្ស៊ី​នឹង​ប្រើ​វា​នៅ​ក្នុង​ករណី​ចាំបាច់។

គេ​ពុំ​ដឹង​ថា អាវុធ​យុទ្ធសាស្ត្រ​ទាំងនោះ​មាន​អ្វី​ខ្លះ​នោះ​ទេ តែ​ចុងក្រោយ​នេះ រុស្ស៊ី​បាន​ធ្វើ​តេស្ដ​ដោយ​ជោគជ័យ​នូវ​ការ​បាញ់​មីស៊ីល​អន្តរទ្វីប​បំពាក់​ដោយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ ដែល​មីស៊ីល​មួយ​ដើម​អាច​មាន​គ្រាប់​នុយក្លេអ៊ែរ​ដល់​ទៅ ១០​គ្រាប់។

នុយក្លេអ៊ែរ​ជា​អាវុធ​ប្រល័យ​លោក​ដែល​ត្រូវ​បាន​ហាមឃាត់​ក្រោម​ច្បាប់​អង្គការ​សហប្រជាជាតិ។ ប្រទេស​រុស្ស៊ី​មាន​អាវុធ​ប្រភេទ​នេះ ៦២៥០​គ្រាប់។ ចំណែក​អាមេរិក​មាន ៥៥៥០​គ្រាប់ បារាំង ២៥០​គ្រាប់ និង​អង់គ្លេស​មាន ៣០០​គ្រាប់។

យ៉ាងណា ការ​ព្រមាន​របស់​លោក ពូទីន ទំនង​ប្រតិកម្ម​ទៅ​នឹង​ពួក​បស្ចិម​ប្រទេស​ដែល​បញ្ជូន​អាវុធ​ធុន​ធ្ងន់​ទៅ​ឱ្យ​កងទ័ព​អ៊ុយក្រែន ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា និង​ប្រទេស​ជាច្រើន​ជា​សមាជិក​អង្គការ​យោធា​ណាតូ​ដែល​នៅ​អឺរ៉ុប​ខាងកើត ហើយ​ពួកគេ​ភាគច្រើន​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន និង​រុស្ស៊ី។

បើ​តាម​ទីភ្នាក់ងារ AP ការ​ព្រមាន​របស់​លោក ពូទីន កើតឡើង​នៅ​ពេល​ដែល​លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក បាន​ដាក់​ស្នើសុំ​កញ្ចប់​ថវិកា​ថ្មី​ថែម​ទៀត ដើម្បី​ជួយ​ផ្គត់ផ្គង់​អាវុធ និង​ជំនួយ​មនុស្សធម៌​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន ក្នុង​គោលដៅ​ជួយ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី ហ្សេឡេនស្គី ទប់ទល់​ក្នុង​សង្គ្រាម​ជាមួយ​នឹង​រុស្ស៊ី។

គិត​ចាប់តាំង​ពី​លោក ពូទីន បញ្ជា​ឱ្យ​ទ័ព​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ មក​នោះ សម្រាប់​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ក្រុង​វ៉ាស៊ីនតោន បាន​ផ្ដល់​ជំនួយ​ទាំង​ជំនួយ​យោធា និង​ជំនួយ​មនុស្សធម៌​គិត​ជា​សាច់ប្រាក់ ៧​ពាន់​លាន​ដុល្លារ​មក​ហើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស