31.8 C
Phnom Penh

មន្ត្រី​ក្រសួង​យុត្តិធម៌​ថា​ការ​ស្នើសុំ​ឲ្យ​រដ្ឋ​បរទេស​ចូល​បំភ្លឺ​គឺ​ជា​ល្បិច​របស់​ភាគី​ជន​ជាប់ចោទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌ ចោទ​ថា ការ​ស្នើសុំ​ឲ្យ​រដ្ឋ​បរទេស​ចូល​បំភ្លឺ​ក្នុង​សវនាការ​ជុំវិញ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្រាន់តែ​ជា​ល្បិច​របស់​ភាគី​ជន​ជាប់ចោទ ដើម្បី​រុញ​ឱ្យ​រដ្ឋ​បរទេស​ចូល​ក្នុង​សំណុំរឿង​របស់​ខ្លួន ក្នុង​ចេតនា​ប្រើប្រាស់​ឥទ្ធិពល​នៃ​រដ្ឋ​បរទេស​នោះ​ដើម្បី​ដាក់​សម្ពាធ​លើ​កម្ពុជា ក្នុង​បំណង​ជួយ​ដក​ខ្លួន​ចេញពី​សំណុំរឿង​ដែល​តុលាការ​បាន​ចោទប្រកាន់​ប៉ុណ្ណោះ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ បាន​លើកឡើង​ថា យោង​តាម​ទិដ្ឋភាព​ច្បាប់ និង​អនុសញ្ញា​ទីក្រុង​វីយ៉ែន ស្ដីពី​ទំនាក់ទំនង​ការទូត​រវាង​រដ្ឋ និង​រដ្ឋ មន្ត្រី​ទូត​បរទេស​តែង​មាន​អភ័យ​ឯកសិទ្ធិ​ជានិច្ច មិន​ចំណុះ​ទៅ​នឹង​អំណាច​តុលាការ​នៃ​រដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​នោះ​ឡើយ។

លោក ជិន ម៉ាលីន អះអាង​ថា នៅ​ក្នុង​ទំនាក់ទំនង​ការទូត​គេ​មិន​ដែល​ឃើញ​មាន​តុលាការ​នៃ​រដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស កោះហៅ​មន្ត្រី​ទូត​បរទេស​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​លើ​ការ​ចោទប្រកាន់​ណា​មួយ​នោះ​ទេ កុំ​ថា​ឡើយ​ដល់​សំណុំរឿង​ព្រហ្មទណ្ឌ សូម្បីតែ​រឿង​រដ្ឋប្បវេណី ក៏​កម្រ​នឹង​កើតមាន​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ​បញ្ជាក់​ថា ផ្អែកលើ​នីតិវិធី​របស់​តុលាការ នៅ​ពេល​សំណុំរឿង​នៅ​តុលាការ​មាន​ភស្តុតាង​រឹងមាំ​គ្រប់គ្រាន់​ហើយ តុលាការ​អាច​ដំណើរការ​ជំនុំជម្រះ​បាន​គ្រប់​ពេល ដោយ​ផ្អែកលើ​ភស្តុតាង​ដែល​មាន​ជាក់ស្តែង។ លោក​ថា លោក កឹម សុខា បាន​និយាយ​រៀបរាប់​ដោយ​ខ្លួនឯង​អស់​ហើយ​នូវ​អំពើ​ឃុបឃិត​គ្នា​ជាមួយ​រដ្ឋ​បរទេស រាប់​ទាំង​ពី​បរទេស​ជ្រើសរើស​គាត់ បណ្តុះបណ្តាល​គាត់ និង​រៀបចំ​ផែនការ​ជួយ​គាត់ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា​រហូត​មក។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ដាក់​សំណើ​សុំ​ឲ្យ​តុលាការ​កោះហៅ​រដ្ឋ​បទេស​ដែល​តុលាការ​បាន​ចោទ​ថា បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​កន្លងទៅ។

កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក អាង ឧត្តម បាន​អះអាង​ថា លោក​គ្រោង​ស្នើ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើ​លិខិត​កោះហៅ​រដ្ឋ​បរទេស​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​ចោទប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​រួម​គំនិត​ក្បត់​ជាមួយ​លោក កឹម សុខា ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​មក​បំភ្លឺ​នៅ​តុលាការ ដើម្បី​ស្វែងរក​ការពិត។

លោក​បញ្ជាក់​ថា ការ​កោះហៅ​រដ្ឋ​បរទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​នីតិវិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ជួយ​ឲ្យ​តុលាការ​ស្វែងរក​ការពិត​ឲ្យ​បាន​កាន់តែ​ឆាប់ និង​ជា​ភស្តុតាង​បញ្ជាក់​ថា ពួកគេ​ពិតជា​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​មែន ឬ​យ៉ាង​ណា​នោះ។

ជាមួយ​គ្នា​នេះ​ដែរ អតីត​អគ្គ​ទីប្រឹក្សា​ខ្មែរ​ប្រចាំ​ស្ថានទូត​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ នេះ​ថា តុលាការ​មិន​មែន​កោះហៅ​មន្ត្រី​ការទូត​នៃ​រដ្ឋ​បរទេស​ឲ្យ​ឡើង​សវនាការ ដើម្បី​បំភ្លឺ​ការ​ចោទប្រកាន់​ក្នុង​នាម​តំណាង​ឲ្យ​រដ្ឋ​បរទេស​ដែល​តុលាការ​បាន​ចោទប្រកាន់​ដូច​លោក ជិន ម៉ាលីន បាន​បកស្រាយ​នោះ​ទេ។ លោក​បន្ថែម​ថា តាម​នីតិវិធី​ច្បាប់ តុលាការ​នឹង​បញ្ជូន​សំណើ​តាមរយៈ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​ការបរទេស ដើម្បី​ធ្វើ​កំណត់​ទូត​បញ្ជូន​សំណុំរឿង​ទៅ​រដ្ឋ​បរទេស​ដែល​រង​ការ​ចោទប្រកាន់ ឲ្យ​បញ្ជូន​ក្រុម​អ្នក​ច្បាប់​ចំណុះ​ឲ្យ​ក្រសួង​យុត្តិធម៌​នៃ​រដ្ឋ​បរទេស​នោះ មក​ចូលរួម​សវនាការ​តំណាង​ឲ្យ​រដ្ឋ​បរទេស​នោះ​ប៉ុណ្ណោះ។

បណ្ឌិត សូ ណារ៉ូ អះអាង​ថា កិច្ចការ​ការពារ​យុត្តិធម៌​នៅ​គ្រប់​ប្រទេស​ទាំងអស់ គឺជា​មុខងារ​របស់​ក្រសួង​យុត្តិធម៌ មិនមែន​ជា​តួនាទី​របស់​មន្ត្រី​ការទូត​នោះ​ទេ ដូច្នេះ​តុលាការ​មិន​អាច​កោះហៅ​មន្ត្រី​ការទូត​នៃ​រដ្ឋ​បរទេស​ណា​មួយ​ដែល​ខ្លួន​បាន​ចោទប្រកាន់​មក​សាកសួរ ក្នុង​នាម​តំណាង​ឲ្យ​រដ្ឋ​បរទេស​នោះ​បាន​ឡើយ។

បណ្ឌិត សូ ណារ៉ូ បញ្ជាក់​ថា គ្មាន​ប្រទេស​ណា​មួយ​នៅ​លើ​ពិភពលោក​ចោទប្រកាន់​រដ្ឋ​បរទេស​ជា​មិត្ត​ថា បាន​ឃុបឃិត​ជាមួយ​ជន​ណា​ម្នាក់​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​ខ្លួន ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ខ្លួន​នោះ​ឡើយ។ បណ្ឌិត សូ ណារ៉ូ ដាក់​សំណួរ​ថា តើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់ទុក​សហរដ្ឋ​អាមេរិក​ជា​មិត្ត ឬ​ជា​សត្រូវ? បើ​ចាត់ទុក​សហរដ្ឋ​អាមេរិក​ជា​មិត្ត​របស់​កម្ពុជា នោះ​គឺ​មិន​អាច​ចោទ​លោក កឹម សុខា ថា​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​មិត្ត​របស់​កម្ពុជា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ខ្លួន​ជាដាច់ខាត។

បណ្ឌិត សូ ណារ៉ូ រិះគន់​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថា​ជា​មន្ត្រី​ក្មេងខ្ចី​ឡើង​តំណែង​លឿន​ជាង​ចំណេះដឹង ប្រឹង​បកស្រាយ​អំពី​អនុសញ្ញា​ទីក្រុង​វីយ៉េន ឆ្នាំ​១៩៦១ ស្ដីពី​ទំនាក់ទំនង​ការទូត​រវាង​រដ្ឋ និង​រដ្ឋ ជុំវិញ​សំណុំរឿង​មេដឹកនាំ​ប្រឆាំង​លោក កឹម សុខា ទាំង​ដែល​ខ្លួនឯង​មិន​យល់​ពី​ខ្លឹមសារ​នៃ​អនុសញ្ញា​នេះ​សូម្បីតែ​បន្តិច។

មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ កាលពី​ឆ្នាំ​២០១៧ កន្លងទៅ។ ប៉ុន្តែ​រហូត​ដល់​ពេលនេះ តុលាការ​កម្ពុជា​មិនទាន់​មាន​ភស្តុតាង​ត្រឹមត្រូវ​ណា​មួយ​ដើម្បី​កាត់ទោស​លោក​នៅឡើយ​ទេ ខណៈ​រដ្ឋ​បរទេស​ដែល​តុលាការ​ចោទ​ថា​ជា​អ្នក​នៅ​ពីក្រោយ​លោក កឹម សុខា ក្នុង​ផែនការ​ផ្ដួល​រំលំ​នោះ ក៏​តុលាការ​មិន​បាន​បង្ហាញ​ថា​ជា​ប្រទេស​ណា​នោះ​ដែរ។

យ៉ាងណាក៏ដោយ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចោទប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺជា​រឿង​នយោបាយ​ប៉ុណ្ណោះ មិន​មែន​ជា​រឿង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​តុលាការ​ដើម្បី​ស្វែងរក​យុត្តិធម៌​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស