32 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថា​កម្ពុជា​កំពុង​អនុវត្ត​សិទ្ធិ​ដោយ​ស្មើភាព​និង​មិន​មាន​ការ​ភ័យខ្លាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើង​ថា កម្ពុជា​កំពុង​បន្ត​អនុវត្ត​សិទ្ធិ​ដោយ​ស្មើភាព និង​មិន​មាន​ការ​ភ័យខ្លាច ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​នៅតែ​រិះគន់​កម្ពុជា។ លោក ខៀវ កាញារីទ្ធ និយាយ​ថា ការ​រិះគន់​នេះ​មាន​ស្តង់ដារ​ពីរ។

ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ធ្វើឡើង​មុន​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ។

លោក ខៀវ កាញារីទ្ធ លើកឡើង​ថា ក្រសួង​ព័ត៌មាន​បាន​និង​កំពុង​បន្ត​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាជន​កម្ពុជា​អាច​អនុវត្ត​សិទ្ធិ​នេះ​ដោយ​ស្មើភាព និង​មិន​មាន​ការ​ភ័យខ្លាច ប៉ុន្តែ​សិទ្ធិ​នេះ​ត្រូវ​ស្ថិត​ក្រោម​គោលការណ៍​នៃ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រូប​នេះ​បង្ហាញ​ការ​ខកចិត្ត ដោយ​ថា​ក្នុង​ការ​វិវឌ្ឍ​នៃ​ព្រឹត្តិការណ៍​ថ្មីៗ​នេះ ជាពិសេស​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ុយក្រែន មាន​និន្នាការ​ក្នុង​ការ​លុបបំបាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ហើយ​ករណី​នេះ​វា​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​គោលការណ៍​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​គោលការណ៍​នៃ​សេរីភាព​សារព័ត៌មាន។

លោក ខៀវ កាញារីទ្ធ បន្ត​ថា កម្ពុជា​បាន​លើកកម្ពស់​សេរីភាព​នេះ ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​រស់នៅ​ជុំវិញ​ពិភពលោក អាច​ជ្រើសរើស​មាគ៌ា ឬ​ថ្នាក់​ដឹកនាំ ឬ​អ្នក​ដឹកនាំ​របស់​ខ្លួន​ដោយ​ការ​យល់ដឹង​ច្បាស់។

ប៉ុន្តែ​បើ​តាម​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហាញ​ថា សេរីភាព​សារព័ត៌មាន​កម្ពុជា​បាន​រង​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ CCHR រក​ឃើញ​ថា អ្នក​សារព័ត៌មាន​ដែល​ធ្វើការ​នៅ​កម្ពុជា​តែងតែ​រង​ការ​បំភិតបំភ័យ ឃ្លាំមើល គំរាម និង​យាយី​តាម​ប្រព័ន្ធ​តុលាការ​ចំពោះ​ការ​បំពេញ​ការងារ​ស្រប​ច្បាប់​របស់​ពួកគេ។

ប្រភព​ដដែល​បន្ត​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​កត់ត្រា​ទុក​ថា មាន​អ្នក​សារព័ត៌មាន​យ៉ាងហោចណាស់​ចំនួន ៩​នាក់​បាន​ប្រឈម​នឹង​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ រួម​មាន​ការ​គំរាមកំហែង និង​ការ​កោះហៅ​ពី​តុលាការ​រហូត​ដល់​ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត និង​ការ​ផ្ដន្ទាទោស​ដោយ​ហេតុផល​នយោបាយ។

សេចក្ដី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ធ្វើឡើង​ដើម្បី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ថ្ងៃ​ទី​៣ ខែ​ឧសភា ក្រោម​ប្រធានបទ «សារព័ត៌មាន​ក្នុង​សម្ពាធ​ប្រព័ន្ធ​ឌីជីថល»។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន កាលពី​ពេល​ថ្មីៗ​នេះ​បាន​បន្ត​ផ្ដល់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​រូបភាព​អាក្រក់​ដដែល គឺ​នៅ​លេខ​រៀង​ទី​១៤៤ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ លើ​ពិភពលោក។ សេរីភាព​សារព័ត៌មាន​ដែល​អង្គការ​នេះ​វាយតម្លៃ បង្ហាញ​ថា កម្ពុជា​បាន​ធ្លាក់ចុះ ៣​ឆ្នាំ​ជាប់ៗ​គ្នា​ចាប់តាំងពី​ឆ្នាំ​២០១៧ មក។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​សារព័ត៌មាន​ជាង ៥០០​ស្ថាប័ន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន ក្នុង​នោះ​ឃើញ​មាន​កាសែត​បរទេស​ចំនួន ៤៣​ស្ថាប័ន វិទ្យុ​ក្នុង​ស្រុក​ជាង ២០០​ស្ថាប័ន ទូរទស្សន៍ ២០​ស្ថាប័ន និង​វេបសាយ ១៤៨​ស្ថាប័ន។

យ៉ាងនេះ​ក្ដី ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា ស្ថាប័ន​ទាំងនោះ​គ្រាន់តែ​ជា​ឧបករណ៍​ដើម្បី​បំពង​សំឡេង​របស់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​ខ្លួនឯង​ក៏​ពុំ​ដែល​យកចិត្ត​ទុកដាក់​ចំពោះ​ការ​ចុះផ្សាយ​របស់​ស្ថាប័ន​ទាំងនោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស