31 C
Phnom Penh

កងទ័ព​រុស្ស៊ី​ស្ថិត​ក្នុង​សភាព​ដ៏​វិបាក​រង​ការ​វាយ​រុញច្រាន​ស្ទើរ​គ្រប់​ទីតាំង​ប្រយុទ្ធ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​ក្នុង​ដំណាក់កាល​ទី​២ នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន កាន់តែ​សាហាវ និង​ធ្ងន់ធ្ងរ ខណៈ​កងទ័ព​រុស្ស៊ី ស្ថិត​ក្នុង​សភាព​ដ៏​វិបាក ព្រោះ​រង​ការ​វាយ​រុញច្រាន​ស្ទើរ​គ្រប់​ទីតាំង​ប្រយុទ្ធ​នៅ​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ។

តាម​ប្រភព​របស់​កងទ័ព​អ៊ុយក្រែន ដែល​កាសែត The New York Times បាន​ធ្វើ​សេចក្ដី​រាយការណ៍ បាន​ឲ្យ​ដឹង​ថា កងទ័ព​រុស្ស៊ី​ដែល​ឈរជើង កំពុង​ត្រូវ​បម្លាស់ទី​ទៅ​ខ្សែប្រយុទ្ធ​ជួរ​មុខ​ក្នុង​សមរភូមិ​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។

រដ្ឋាភិបាល​រុស្ស៊ី កំពុង​ព្យាយាម​ប្រមូល​កម្លាំង​វាយប្រហារ​ថែម​ទៀត​របស់​ខ្លួន​ដែល​ក្រសួង​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក ថា​រុស្ស៊ី​ប្រយុទ្ធ​មិន​រាថយ​ឡើយ។

រយៈពេល ៣​ថ្ងៃ​ចុង​ក្រោយ​នេះ រុស្ស៊ី​បង្កើន​ចំនួន​កងទ័ព​ច្រើន​ថែម​ទៀត ដែល​ប្រតិបត្តិការ​ដំបូង​កងទ័ព​មាន ១២​កងពល គឺ​ជាង ១០​ម៉ឺន​នាក់។

កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ (៣០ មេសា និង ០១ ឧសភា) កងទ័ព​រុស្ស៊ី​បាន​បើក​វាយប្រហារ​លើ​តំបន់ Donbas នៃ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​បរាជ័យ​ក្នុង​ការ​វាយ​កាន់កាប់​តំបន់​គោលដៅ​ចំនួន​៣ ដែល​រុស្ស៊ី​ចង់​កាន់កាប់​ឲ្យ​បាន។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​យោធា​អ៊ុយក្រែន។

ទីភ្នាក់ងារ​ព័ត៌មាន Reuters ឱ្យ​ដឹង​ថា សព្វាវុធ​ធុន​ធ្ងន់​ដែល​ផ្ដល់​ដោយ​ក្រុម​បស្ចិម​ប្រទេស​បាន​ទៅដល់​ទីតាំង​ប្រយុទ្ធ​ខ្លះៗ​ហើយ​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​ប្រទេស។ តាម​ការ​ឲ្យ​ដឹង​ពី​កងទ័ព​អ៊ុយក្រែន ទីក្រុង Kharkiv ដែល​ជា​ទីក្រុង​ធំ​ទី​២ របស់​ប្រទេស​អ៊ុយក្រែន បាន​រង​ការ​បាញ់​ផ្តក់​យ៉ាង​ច្រើន​ពី​កងទ័ព​រុស្ស៊ី។ ទីក្រុង​នេះ​ធ្លាប់​ធ្លាក់​នៅ​ក្រោម​ការ​វាយ​កាន់កាប់​របស់​កងទ័ព​រុស្ស៊ី​មួយ​រយៈ ប៉ុន្តែ​ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន​វាយ​យក​មកវិញ។

តែ​បើ​តាម​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy កងទ័ព​អ៊ុយក្រែន​កំពុង​វាយតប​វិញ​ដោយ​កាំភ្លើង​ធុន​ធ្ងន់។

បញ្ជាការ​កណ្ដាល​នៃ​កងទ័ព​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា កងទ័ព​រុស្ស៊ី​បាន​ព្យាយាម​វាយ​យក​ទីក្រុង Lyman នៃ​តំបន់ Donetsk និង​ទីក្រុង Sievie-rodonetsk និង​ទីក្រុង Popasna នៃ​តំបន់ Luhansk។ មក​ដល់​ថ្ងៃ​នេះ ការ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត​យ៉ាង​ខ្លាំង។

កាលពី​សៅរ៍​សប្ដាហ៍​មក​នេះ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ឲ្យ​ដឹង​ថា កង​កាំភ្លើងធំ​របស់​ខ្លួន​បាន​បាញ់​ចំ​គោលដៅ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ចំនួន ៣៨៩​ទីតាំង ហើយ​ការ​វាយប្រហារ​នោះ គឺ​អំឡុង​ពេល​យប់​ទៀបភ្លឺ ដោយ​បាន​បាញ់​ទៅលើ​ទីតាំង​របស់​កងទ័ព​អ៊ុយក្រែន​ចំនួន ៣៥​កន្លែង និង​ឃ្លាំង​ស្តុក​គ្រឿងផ្ទុះ និង​អាវុធ​ចំនួន ១៥​កន្លែង។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ថ្លែង​ថា មីស៊ីល​របស់​ខ្លួន​បាន​បាញ់​ចំ​ឃ្លាំង​ស្តុក​គ្រឿងផ្ទុះ និង​ប្រេងឥន្ធនៈ​ចំនួន ៤​កន្លែង​របស់​កងទ័ព​អ៊ុយក្រែន។

ស្រប​ពេល​សង្គ្រាម​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​កំពុង​ឆេះ​កាល គឺ​កង​ការពារ​ដែនអាកាស​រុស្ស៊ី បាន​រារាំង​យន្តហោះ​ចម្បាំង​របស់​អ៊ុយក្រែន​មួយ​គ្រឿង មិន​ឲ្យ​ហោះ​ចូល​តំបន់ Bryansk គឺ​កាលពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មេសា។ ប៉ុន្តែ​អភិបាល​តំបន់​នេះ​ក៏​បាន​ឱ្យ​ដឹង​ថា អគារ​ស្តុក​សម្ភារៈ​មួយ​នៅ​ចំណត​ដឹក​ប្រេង​មួយ​កន្លែង ត្រូវ​បាន​រង​ការ​ខូចខាត និង​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ប៉ុន្តែ​ប្រភព​រុស្ស៊ី​អះអាង​ថា ពុំ​មែន​ដោយសារ​ការ​បាញ់​ចេញពី​ខាង​ទឹកដី​អ៊ុយក្រែន ឬ​ពី​ការ​បាញ់​រះ​ដោយ​យន្តហោះ​ចម្បាំង​របស់​អ៊ុយក្រែន​នោះ​ទេ គឺជា​វិច្ឆេទកម្ម​ក្នុង​ស្រុក។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​រដ្ឋាភិបាល​ចិន Xinhua លោក​បាន​និយាយ​ថា បើ​ចង់​បាន​ការ​ចរចា​ឡើងវិញ គឺ​ពួក​បស្ចិម​ប្រទេស​ត្រូវ​បញ្ឈប់​ការ​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន។ លោក Lavrov បាន​ថ្លែង​ថា រុស្ស៊ី​ពុំ​មែន​ធ្វើ​សង្គ្រាម​ជាមួយ​ណាតូ​នោះ​ទេ។ លោក​ថា ណាតូ​ក្ដី និង​លោក​ខាងលិច​ក្ដី មិន​ត្រូវ​ចូល​ពាក់ព័ន្ធ​នោះ​ទេ។ តែ​លោក​ព្រមាន​ថា រុស្ស៊ី​អាច​ធ្វើ​សង្គ្រាម​ជាមួយ​ណាតូ​គ្រប់​កាលៈទេសៈ​ទាំងអស់។

តែ​បើ​តាម​ចារកម្ម​របស់​អង់គ្លេស កងទ័ព​រុស្ស៊ី​ដែល​រុល​ចូល​ក្នុង​ទឹកដី​អ៊ុយក្រែន ទំនង​ជា​រង​ការ​បាក់​ទឹកចិត្ត​ដែល​នាំ​ឱ្យ​គ្មាន​ស្មារតី​ដើម្បី​ប្រយុទ្ធ ទើប​ត្រូវ​រង​ការ​វាយ​រុញច្រាន​ត្រឡប់​មកវិញ។

ក្រសួង​ការពារជាតិ​ចក្រភព​អង់គ្លេស បាន​ធ្វើការ​សន្និដ្ឋាន​បែប​នេះ​តាម​សារ​បង្ហោះ​តាម​បណ្ដាញ Twitter ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ស្តីអំពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

គិត​មក​ដល់​ថ្ងៃ​ទី​២ ឧសភា នេះ សង្គ្រាម​ដែល​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន​តាម​បញ្ជា​របស់​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន គឺ​មាន​រយៈពេល ៦៧​ថ្ងៃ​ហើយ។

លោក ពូទីន មាន​ផែនការ​វាយ​យក និង​កាន់កាប់​តំបន់​ភាគ​ខាងកើត និង​ខាងត្បូង​ឱ្យ​បាន​ពី​អ៊ុយក្រែន គឺ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​៩ ខែ​ឧសភា ដែល​ជា​ទិវា​រំដោះ​ប្រទេស​រុស្ស៊ី​ចេញពី​ការ​ឈ្លានពាន​របស់​អាល្លឺម៉ង់ នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ នៅ​ឆ្នាំ​១៩៤៥ ហើយ​បើ​វាយ​យក​បាន គឺ​រុស្ស៊ី នឹង​រៀបចំ​ប្រារព្ធ​ទិវា​នេះ​នៅក្នុង​ទឹកដី​ភាគ​ខាងកើត​នេះ​តែម្ដង។

ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​សង្គ្រាម​របស់​អង់គ្លេស ជឿ​ថា រុស្ស៊ី​ទំនង​នឹង​មិន​អាច​សម្រេច​បាន​តាម​ផែនការ​របស់​លោក ពូទីន បាន​ទេ ព្រោះ​កងទ័ព​អ៊ុយក្រែន បាន​ដឹង​របៀប​វាយបក​យ៉ាង​មាន​ប្រសិទ្ធភាព ជាមួយ​នឹង​អាវុធ​ធុន​ធ្ងន់​របស់​បស្ចិម​ប្រទេស​កាន់​តែ​មាន​ចំនួន​ច្រើន​បាន​ទៅ​ដល់​ដៃ​កងទ័ព​អ៊ុយក្រែន​ទៅ​ហើយ​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស