ភាពសង្ស័យច្រើន គឺជារោគសញ្ញានៃការភ័យខ្លាច។ សកម្មភាពនៃការសង្ស័យ គឺរមែងស្តែងចេញតាមរយៈការលាបពណ៌ ចោទ និងចាប់អ្នកដទៃក្រោមរូបភាពនៃការបង្កើតលេសផ្សេងៗ។
របបគ្រប់គ្រងមួយដែលទន់ខ្សោយ គឺរមែងមានភាពភ័យខ្លាចខ្លាំង។ ម្ល៉ោះហើយរបបគ្រប់គ្រងបែបនោះ តែងតែខិតខំបំភិតបំភ័យមនុស្សនានាដែលខ្លួនមិនទុកចិត្ត ឬគិតថាជាសត្រូវរបស់ខ្លួន និងព្យាយាមប្រមូលផ្ដុំអំណាចសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។
គណបក្សប្រជាជនកម្ពុជា បានកាន់កាប់អំណាចក្នុងប្រទេសកម្ពុជាចាប់តាំងពីខែមករា ឆ្នាំ១៩៧៩ មក តាមរយៈការលើកបន្តុបដោយរដ្ឋាភិបាលវៀតណាម។ ការស្ថិតក្នុងអំណាចដ៏យូរលង់ បានធ្វើឱ្យគណបក្សនេះមានលទ្ធភាពប្រមូលផ្ដុំអំណាចតាមរយៈនៃការប្រើប្រាស់យន្តការរដ្ឋទាំងអស់ជារបស់ខ្លួនតាមមាគ៌ាលទ្ធិកុម្មុយនីស្តផ្ដាច់ការ “បក្ស និងរដ្ឋ គឺតែមួយ”។ ម្យ៉ាងទៀត គេថាបក្សប្រៀបបាននឹងក្បាលម៉ាស៊ីនរថភ្លើង រីឯប្រជាជនជាទូរទេះភ្លើងដែលត្រូវតែបត់បែនពត់ពេនទៅតាមក្បាលម៉ាស៊ីននាំមុខ។
ជាមួយគ្នានេះ លោក ហ៊ុន សែន ដែលទទួលបានការតែងតាំងពីរដ្ឋាភិបាលក្រុងហាណូយ ក្នុងឆ្នាំ១៩៨៥ នោះ ក៏បានពង្រឹងអំណាចរបស់ខ្លួនទាំងក្នុងយន្តការរដ្ឋ និងបក្ស។ បច្ចុប្បន្ននេះ លោក ហ៊ុន សែន បានក្តោបអំណាចទាំងអស់ពេញក្នុងដៃទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងបក្ស និងបានប្រើប្រាស់ទាំងយន្តការរដ្ឋ និងបក្ស ដើម្បីបម្រើផលប្រយោជន៍ និងគោលដៅរបស់គ្រួសារគាត់។

ប៉ុន្តែថ្វីបើរបបលោក ហ៊ុន សែន គ្រប់គ្រងអំណាចពេញដៃទាំងក្នុងបក្សកុម្មុយនីស្តរបស់គាត់ និងក្នុងក្របខ័ណ្ឌរដ្ឋ គេនៅតែសង្កេតឃើញថា របបនេះនៅតែរស់នៅក្នុងស្ថានភាពភ័យខ្លាចឥតឈប់ឈរ។ មេដឹកនាំកុម្មុយនីស្តផ្ដាច់ការច្រើនតែរស់នៅក្នុងភាពអាការៈអារម្មណ៍មួយដែលគេរំពៃគិតជានិច្ចកាលថា មានអ្នកដទៃរៀបផែនការក្បត់នឹងខ្លួន ផ្តួលរំលំរំលាយខ្លួន មានមនុស្សតាមឃ្លាំមើលខ្លួន ដែលជាជំងឺខួរក្បាលសរសៃប្រសាទ ដែលវេជ្ជបណ្ឌិតហៅតាមភាសាអង់គ្លេសថា schizophrenic paranoia។
ស្ថិតក្រោមការភ័យខ្លាចចំពោះឥទ្ធិពល ឬការគំរាមរបស់បរទេស លោក ហ៊ុន សែន ខិតខំយកចិត្តប្រទេសវៀតណាមផង និងចិនផង ដោយគ្មានលាក់លៀម និងអៀនខ្មាស។ ចំពោះប្រទេសវៀតណាម លោក ហ៊ុន សែន តែងតែខំធ្វើតាម ឬធ្វើមិនដឹងមិនឮចំពោះការបំពានរបស់ប្រទេសនេះមកលើកម្ពុជា និងថែមទាំងខិតខំយកចិត្តយកថ្លើមរដ្ឋាភិបាលក្រុងហាណូយ តាមរយៈការសម្ដែងការដឹងគុណជានិច្ចនិរន្តរ៍។
ជាក់ស្តែង របបលោក ហ៊ុន សែន ខិតខំយកចិត្តទុកដាក់ផ្តល់សញ្ជាតិ និងលំនៅឋានដល់ជនជាតិវៀតណាមដែលកំពុងតាំងទីលំនៅខុសច្បាប់ក្នុងប្រទេសកម្ពុជា និងធ្វើមិនដឹងមិនឮចំពោះការរំលោភបំពានបូរណភាពទឹកដីនៃប្រទេសកម្ពុជាពីសំណាក់ប្រទេសវៀតណាម។ ជាមួយគ្នានេះ របបលោក ហ៊ុន សែន ខិតខំកសាងស្តូបសម្ដែងការដឹងគុណប្រទេសវៀតណាមក្នុង ២៥ខេត្ត-ក្រុងនៃប្រទេសកម្ពុជា ដើម្បីជាការយកចិត្តរដ្ឋាភិបាលក្រុងហាណូយ។ មិនតែប៉ុណ្ណោះ របបនេះក៏តែងតែព្យាយាមសម្លាប់ស្មារតីជាតិនិយមជនជាតិខ្មែរណាដែលហ៊ាននិយាយអំពីទឹកដីកម្ពុជាក្រោម។ លោក ហ៊ុន សែន បានប្រកាសថា លោកនឹងផ្តល់ក្តារមឈូសជូនដោយឥតគិតថ្លៃសម្រាប់អ្នកណាដែលចង់វាយយកដីកម្ពុជាក្រោមមកវិញ។

ចំពោះប្រទេសចិន លោក ហ៊ុន សែន អនុញ្ញាត និងការពារជនជាតិចិន ឱ្យធ្វើអ្វីៗស្រេចតែចិត្តក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋខ្មែរជាច្រើនបានក្លាយជាជនរងគ្រោះនៃពីអំពើឧក្រិដ្ឋបោកប្រាស់ និងប្លន់យកដីធ្លីពីសំណាក់ជនជាតិចិន គប់គិតនឹងអ្នកមានអំណាច។ របបលោក ហ៊ុន សែន មិនត្រឹមតែមិនបានការពារប្រជាពលរដ្ឋខ្មែរដែលជាជនរងគ្រោះប៉ុណ្ណោះទេ តែថែមទាំងការពារជនជាតិបរទេសទាំងនោះទៀតផង។ លើសពីនេះទៀត របបលោក ហ៊ុន សែន សុខចិត្តប្រឈមជាមួយបណ្តាប្រទេសប្រជាធិបតេយ្យដើម្បីបម្រើ និងការពារផលប្រយោជន៍ចិនក្នុងប្រទេសកម្ពុជា ដូចជាការសង្ស័យពាក់ព័ន្ធនឹងការកសាងមូលដ្ឋានយោធាចិនក្នុងប្រទេសកម្ពុជា ជាដើម។ អ្វីដែលរបបលោក ហ៊ុន សែន ខំធ្វើទាំងនេះ គឺដើម្បីតែយកចិត្តចិន និងដើម្បីឱ្យចិនជួយការពារអំណាចរបស់ខ្លួនដែលកំពុងតែរស់នៅក្នុងភាពភ័យខ្លាចនោះឯង។
ក្រៅតែពីរស់ក្នុងភាពភ័យខ្លាចបើគ្មានអំណាចបរទេសគាំទ្រ របបលោក ហ៊ុន សែន ក៏មានការភ័យខ្លាចជាប្រចាំចំពោះការមិនគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ។ ក្នុងឆ្នាំ២០១៦ របបផ្ដាច់ការនេះបានជួលក្រុមហ៊ុនឯកជនរបស់អ៊ីស្រាអែលមួយឱ្យធ្វើការស្ទង់មតិអំពីការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរចំពោះរូបលោក ហ៊ុន សែន ផ្ទាល់តែម្តង។ លទ្ធផលការស្ទង់មតិនោះ បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរភាគតិច គឺតែ ៣៣% ប៉ុណ្ណោះដែលគាំទ្រលោក ហ៊ុន សែន។ ហេតុដូច្នេះហើយទើបលោក ហ៊ុន សែន មិនដែលហ៊ានប្រកួតប្រជែងយកអំណាចតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សុចរិតនោះឡើយ ដូចជាការចាប់ខ្លួនលោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិ នៅមុនការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៨ ជាដើម។
របបលោក ហ៊ុន សែន មិនគ្រាន់តែខ្លាចការប្រកួតប្រជែងយកអំណាចតាមវិធីត្រឹមត្រូវ និងស្មើភាពទេ តែក៏មានការភ័យខ្លាចចំពោះការមិនពេញចិត្ត និងមិនគាំទ្រខ្លួនពីសំណាក់ប្រជាពលរដ្ឋខ្មែរចំពោះអំពើទុច្ចរិតដែលកំពុងបង្កឡើងដោយរបបផ្ដាច់ការនេះដែរ។ សកម្មជនជាច្រើន រួមទាំងព្រះសង្ឃ ស្ត្រីទន់ខ្សោយ យុវតី និងយុវជនក្មេងៗ រួមទាំងក្មេងៗក្រោមអាយុ និងមានបញ្ហាសុខភាពផ្លូវចិត្តផង ក៏ត្រូវបានចាប់ និងឃុំខ្លួនដោយរបបនេះឥតប្រណីដែរ។ ក្រៅពីនេះ សកម្មជនប្រុសស្រីមួយចំនួនដែលរិះគន់របបលោក ហ៊ុន សែន ពីក្រៅប្រទេស ក៏ប្រឈមមុខនឹងការចាប់ខ្លួនដែរ។
សកម្មជនខ្លះត្រូវបានចាប់ខ្លួនដោយភ្នាក់ងារនៃរបបផ្ដាច់ការនេះនៅក្នុងប្រទេសថៃ រីឯសកម្មជនខ្លះទៀតត្រូវបានចាប់ខ្លួននៅពេលដែលពួកគេវិលចូលប្រទេសកម្ពុជាវិញ។ ការចោទ និងចាប់ខ្លួនទាំងអស់នោះ គឺជាសក្ខីកម្មនៃការបញ្ជាក់អំពីការភ័យខ្លាចរបស់របបលោក ហ៊ុន សែន។ លោក ហ៊ុន សែន ចាប់អ្នករិះគន់គឺជាសញ្ញាបញ្ជាក់ថា របបនេះគ្មានសមត្ថភាព និងលទ្ធភាពបកស្រាយតបវិញចំពោះទស្សនៈនៃការរិះគន់ទាំងនោះទេ។ ចំណុចនេះអាចជាការពិត ព្រោះថាបើយោងតាមការស្ទង់មតិខាងលើ ប្រជាពលរដ្ឋខ្មែរភាគច្រើនគ្មានជំនឿលើលោក ហ៊ុន សែន។
ការអស់ជំនឿរបស់ប្រជាពលរដ្ឋបែបនេះហើយ ដែលធ្វើឱ្យលោក ហ៊ុន សែន កាន់តែភ័យខ្លាច ព្រោះគាត់បាត់បង់មូលដ្ឋានគ្រឹះនៃអំណាច។ ការភ័យខ្លាចនោះ បានធ្វើឱ្យរបបផ្ដាច់ការមួយនេះមានការមន្ទិលសង្ស័យច្រើន ដោយចេះតែគិតថាអ្នកដទៃក្រៅតែពីបក្ខពួករបស់ខ្លួន សុទ្ធតែជាសត្រូវ និងមានបំណងមិនល្អចំពោះខ្លួន។

ជាក់ស្តែង សកម្មជនដែលត្រូវបានចាប់ខ្លួនដោយរបបផ្ដាច់ការនេះ សុទ្ធតែជាប់ចោទអំពីបទបង្កអសន្តិសុខសង្គម និងមានបំណងផ្តួលរំលំរាជរដ្ឋាភិបាល ជាដើម។ រឿងដែលគួរឱ្យអស់សំណើចនោះ គឺការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ និងគ្មានហេតុផលទាំងនេះ បានកើតឡើងចំពោះក្មេងស្រីៗដែលជាសកម្មជនបរិស្ថានមាតាធម្មជាតិ និងក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ដែលជាអនីតិជន និងមានបញ្ហាសុខភាពផ្លូវចិត្ត។ ថ្វីបើសកម្មជនក្មេងៗទាំងនេះគ្មានលទ្ធភាព និងសមត្ថភាពអ្វីទាំងអស់អាចបង្កការប៉ះពាល់ដល់អំណាចរដ្ឋាភិបាល ក៏របបលោក ហ៊ុន សែន ភ័យខ្លាចរហូតដល់ទៅចាប់ខ្លួនពួកគេដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ដ៏ធ្ងន់ធ្ងរដូចបានលើកឡើងពីខាងដើមមកនេះ។
ក្រៅតែពីការភ័យខ្លាចចំពោះសកម្មជនទាំងនេះ លោក ហ៊ុន សែន ក៏មានការភ័យខ្លាចចំពោះមន្ត្រី និងថ្នាក់ដឹកនាំបក្សក្នុងគណបក្សប្រជាជនកម្ពុជា ផងដែរ។ គាត់ខំក្តោបអំណាចគ្រប់យ៉ាង និងគំរាមកំហែងអ្នកផ្សេងទៀតឱ្យយល់ព្រមធ្វើតាមគាត់។ ជាក់ស្តែង លោក ហ៊ុន សែន គំរាមលោក ស ខេង ឱ្យគាំទ្រការតែងតាំងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់គាត់ជាបេក្ខជនស្នងតំណែងនាយករដ្ឋមន្ត្រី។
ការខិតខំតែងតាំងកូនរបស់ខ្លួនឲ្យស្នងតំណែង គឺមកពីគាត់មានការភ័យខ្លាចអំពីអនាគតរបស់គាត់ ដោយសារតែអំពើទុច្ចរិតនាពេលបច្ចុប្បន្ននេះ។ ដូច្នេះ ការគំរាមថ្នាក់ដឹកនាំផ្សេងៗឱ្យគាំទ្រផែនការតែងតាំងកូនរបស់ខ្លួន គឺដើម្បីបំបាត់ភាពភ័យខ្លាចដែលជាជំងឺខួរក្បាលសរសៃប្រសាទ ហៅតាមភាសាអង់គ្លេសថា schizophrenic paranoia នោះឯង៕