យ៉ាងតិចតំបន់ចំនួន៨ នៅទូទាំងប្រទេសអ៊ុយក្រែន រងការបាញ់ប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី ដែលការវាយប្រហារនេះប្រព្រឹត្តទៅកាលពីក្បាលព្រលប់ និងដល់យប់រំលងអាធ្រាត្រចូលដល់ថ្ងៃទី៤ ខែឧសភា ជាសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនចូលដល់ ៧០ថ្ងៃ។
សេចក្ដីរាយការណ៍របស់សារព័ត៌មានអ៊ុយក្រែន The Kyiv Independent បានឲ្យដឹងថា គ្រាប់មីស៊ីលទាំង ១៨គ្រាប់នេះ កងទ័ពរុស្ស៊ីបានបាញ់ចេញពីសមុទ្រ Caspian។ ស្នូរផ្ទុះបានលាន់ឮខ្លាំងៗនៅតំបន់ចំនួន៥ គឺតំបន់ Vinnytsia, Lviv, Dnipropetrovsk, Kirovograd និង Transcarpathia នៅភាគពាយ័ព្យប្រទេស។
អភិបាលក្រុង Ukrzaliznytsia លោក Oleksandr Kamyshin និយាយថា មីស៊ីលរបស់រុស្ស៊ីបានធ្លាក់ចំស្ថានីយរថភ្លើងចំនួន ៦កន្លែងនៅភាគពាយ័ព្យ និងភាគកណ្ដាលប្រទេស ហើយខ្សែរថភ្លើងនៅតំបន់ Ukrzaliznytsia ត្រូវបានវាយកម្ទេចដោយគ្រាប់មីស៊ីលបណ្ដាលឱ្យបិទការធ្វើដំណើររយៈពេល ១០ម៉ោង។ គ្រាប់មីស៊ីល ២គ្រាប់បានធ្វើឱ្យខូចផ្លូវរថភ្លើងនៅក្នុងតំបន់ Dnirpopetrovsk។
អភិបាលក្រុង Lviv លោក Andriy Sadovy និយាយថា ស្ថានីយរថភ្លើង ២ទីតាំងបានរងគ្រាប់មីស៊ីលដោយបានធ្វើឱ្យដំណើរការរថភ្លើងត្រូវផ្អាកជាបន្ទាន់។ អាជ្ញាធរតំបន់ទាំង៥នេះបានឱ្យដឹងថា មានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។
តាមប្រភពព័ត៌មានដដែលនេះ រុស្ស៊ីក៏បានបាញ់កាំភ្លើងធំទៅលើតំបន់ ២ផ្សេងទៀត គឺតំបន់ Zaliznychne និងតំបន់ Zaporizhzhya ដោយបណ្ដាលឱ្យលំនៅឋានពលរដ្ឋ ១២កន្លែងត្រូវឆេះខ្ទេច និងត្រូវសាលារៀនមួយកន្លែង។ ចំណែកនៅតំបន់ Orikhiv ក៏រងការបាញ់ផ្លោងដោយគ្រាប់កាំភ្លើងធំពីកងទ័ពរុស្ស៊ីផងដែរ ដោយប៉ះចំទៅលើលំនៅឋានរបស់ប្រជាជន ១៣កន្លែង។
ក្រៅពីតំបន់ភាគពាយ័ព្យ គឺនៅតំបន់ផ្សេងៗទៀតក៏ត្រូវបានរាយការណ៍មកថា ក៏រងការបាញ់ផ្លោងផងដែរ។ គោលដៅដែលរុស្ស៊ីបាញ់ គឺចង់សំដៅទៅលើខ្សែរថភ្លើងដើម្បីទប់ស្កាត់ការដឹកអាវុធរបស់ពួកបស្ចិមប្រទេសទៅឱ្យកងទ័ពអ៊ុយក្រែននៅភាគខាងជើង និងភាគខាងកើតប្រទេស គឺតំបន់ដុនបាស់ ដែលកំពុងវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងរយៈពេល ១៥ថ្ងៃមកនេះ។ នេះបើតាមការកត់សម្គាល់របស់សារព័ត៌មានអ៊ុយក្រែន The Kyiv Independent។
ចំណែកនៅទីក្រុង Mariupol វិញ ក្រោយពីរុស្ស៊ីបើកឱ្យជនស៊ីវិលភៀសខ្លួនចេញពីតំបន់រោងចក្រដែកថែប Azovstal គឺកងទ័ពរុស្ស៊ីវាយសម្រុកចូលទៅតំបន់នោះ។ នេះបើយោងតាមអភិបាលរងលោក Sviatoslav Palamar។ តាមប្រភពដដែលនេះ រុស្ស៊ីបានធ្វើអន្តរាគមន៍ដោយកងទ័ពអាកាស ទ័ពរថក្រោះ និងទ័ពកាំភ្លើងធំ។ មកដល់ពេលនេះ ទីក្រុង Mariupol នៅមិនទាន់ធ្លាក់នៅក្រោមកងទ័ពរុស្ស៊ីនៅឡើយទេ។
ចំណែកនៅទីក្រុង Kherson ភាគខាងត្បូងបន្តិចនៅជាប់តំបន់ដុនបាស់ បានធ្លាក់ទៅក្រោមកងទ័ពរុស្ស៊ីភាគច្រើនទៅហើយ ក្រោយពីកងទ័ពរុស្ស៊ីចាប់ខ្លួនលោក Chornobaivka ជាអភិបាលក្រុងនេះ។
អភិបាលតំបន់ Donetsk លោក Pavlo Kyrylenko បានឲ្យដឹងថា យ៉ាងតិចណាស់មនុស្ស ២២នាក់ត្រូវបានសម្លាប់ និង ១៥នាក់ទៀតរងរបួសនៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រភេសជ្ជៈកូកាកូឡាក្នុងទីក្រុង Avdijvka នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
ចំពោះគោលនយោបាយការបរទេសវិញ គឺនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Boris Johnson បាននិយាយកាលពីថ្ងៃអង្គារ ទី៣ ឧសភា នៅក្នុងសុន្ទរកថាមួយតាមអនឡាញទៅកាន់សមាជិកសភាអ៊ុយក្រែនថា អ៊ុយក្រែននឹងយកឈ្នះលើប្រទេសរុស្ស៊ី ហើយនឹងក្លាយជាប្រទេសដែលមានសេរីភាពជាថ្មីម្ដងទៀត។
លោក Johnson ថ្លែងថា៖ លោកមានសារមួយសម្រាប់អស់លោកសមាជិកសភាអ៊ុយក្រែននៅថ្ងៃនេះ គឺថាអ៊ុយក្រែននឹងឈ្នះលើសង្គ្រាមរុស្ស៊ីឈ្លានពាន។ អ៊ុយក្រែននឹងមានសេរីភាព។
នៅក្នុងឱកាសនោះ លោក Johnson ក៏បានប្រកាសអំពីការផ្ដល់ជំនួយយោធាបន្ថែមចំនួន ៣៧៥លានដុល្លារអាមេរិកដល់អ៊ុយក្រែន និងបានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងបន្តផ្គត់ផ្គង់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
ចំណែកនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលកំពុងមានវត្តមាននៅលើទឹកដីអឺរ៉ុប លោកបានអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងឱ្យមានការចរចាសន្តិភាពរវាងរដ្ឋាភិបាលអ៊ុយក្រែន និងរដ្ឋាភិបាលរុស្ស៊ី។ លោក Modi បានថ្លែងដូចនេះនៅក្នុងសន្និសីទកាសែតក្នុងរដ្ឋធានីកូប៉ិនហាក នៃប្រទេសដាណឺម៉ាក។
លោកអំពាវនាវឱ្យបញ្ឈប់ការវាយប្រយុទ្ធគ្នាជាបន្ទាន់នៅក្នុងប្រទេសអ៊ុយក្រែន និងស្នើឱ្យប្រើការសន្ទនា និងការទូតដើម្បីដោះស្រាយបញ្ហា។ លោកបញ្ជាក់ថានឹងគ្មានអ្នកណាឈ្នះសង្គ្រាមនេះទេ ហើយអ្នកចាញ់គឺប្រជាជនដែលស្លាប់ដោយសារសង្គ្រាម។
ចំណែកអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលបានជួបលោកModi នៅលើទឹកដីអាល្លឺម៉ង់ លោកបានថ្លែងថា គ្មាននរណាម្នាក់អាចសន្មតថារុស្ស៊ីនឹងមិនវាយប្រហារលើប្រទេសដទៃទៀតនោះទេ។ លោកថា រុស្ស៊ីបានរំលោភលើច្បាប់អន្តរជាតិរួចទៅហើយនៅក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន។ ដូចនេះ សម្រាប់រូបលោក គឺប្រទេសអាល្លឺម៉ង់នឹងគាំទ្រប្រទេសហ្វាំងឡង់ និងប្រទេសស៊ុយអែត ប្រសិនបើប្រទេសទាំងពីរសម្រេចចូលជាសមាជិករបស់អង្គការណាតូ។
ដោយឡែករដ្ឋការរបស់លោកប្រធានាធិបតី ចូ បៃដិន បានកំពុងរង់ចាំសភាអនុម័តនូវកញ្ចប់ថវិកា ៣៣ពាន់លានដុល្លារ ដើម្បីបង្កើនជំនួយអាវុធទៅឱ្យអ៊ុយក្រែន។ ចំណែកសហភាពអឺរ៉ុបកំពុងអនុម័តការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើការបិទការទិញឧស្ម័នពីរុស្ស៊ី។
តែយ៉ាងណា របាយការណ៍ស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិចក្រភពអង់គ្លេស បានឱ្យដឹងថា ដោយសារតែជួបផលវិបាកនៃការវាយលុក គឺវិមានក្រឹមឡាំង នឹងរៀបចំយុទ្ធសាស្ត្រ និងអនុវត្តប្រតិបត្តិការសឹកមួយដំណាក់កាលទៀត គឺក្រោយពីរុស្ស៊ីប្រារព្ធទិវាជ័យជម្នះនៅថ្ងៃទី៩ ឧសភា។ ថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤៥ ជាទិវាជ័យជម្នះដែលរុស្ស៊ីបានវាយឈ្នះលើកងទ័ពអាល្លឺម៉ង់កាលពីសង្គ្រាមលោកលើកទី២៕