កម្ពុជាអះអាងថា ខ្លួនទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួនបីជាមួយប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ ក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២២ នេះ ដើម្បីពង្រឹងតួនាទីស្នូលរបស់អាស៊ាន។
កម្ពុជា ឥណ្ឌូនេស៊ី និងថៃ បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ថា ខ្លួននឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងកិច្ចប្រជុំកំពូលក្រុមប្រទេស G20 និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហារួមដែលនៅចំពោះមុខ និងរក្សានិរន្តរភាពដោយស្មារតីរួបរួមរឹងមាំ ក្រោមបាវចនា «អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហារួមគ្នា»។
ប្រភពដដែលប្ដេជ្ញាពង្រឹងភាពធន់របស់អាស៊ានក្នុងការប្រឈមភាពមិនច្បាស់លាស់ជាសាកល និងដើម្បីពង្រឹងតួនាទីស្នូលរបស់អាស៊ានក្នុងតំបន់ ដែលសង្កត់ធ្ងន់ទៅលើការចូលរួមទំនាក់ទំនងក្នុងន័យស្ថាបនា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍ស្មើគ្នា។
ប្រទេសទាំងបីបញ្ជាក់ថា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំសំខាន់ៗក្នុងឆ្នាំនេះ ខ្លួននឹងប្ដេជ្ញាធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាស្មារតីកិច្ចសហប្រតិបត្តិការ ខណៈនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានពង្រឹងអព្យាក្រឹតភាព ភាពជឿជាក់ ព្រមទាំងកិច្ចប្រឹងប្រែងនានាក្នុងតំបន់ និងពិភពលោករួចស្រេចទៅហើយនោះ។
ការអះអាងនេះ ដើម្បីបញ្ជាក់ពីជំហររបស់ខ្លួនក្នុងនាមជាប្រធាននៃកិច្ចប្រជុំសំខាន់ៗក្នុងឆ្នាំ២០២២ នេះ ក្នុងគោលដៅធានាឱ្យបាននូវភាពធន់នៃតួនាទីស្នូលរបស់អាស៊ាន។
កម្ពុជា ឥណ្ឌូនេស៊ី និងថៃ បានទទួលឯកសិទ្ធិដឹកនាំកិច្ចប្រជុំសំខាន់ៗបី គឺ៖
- នៅថ្ងៃទី១១ ដល់ទី១៣ ខែវិច្ឆិកា ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន
- នៅថ្ងៃទី១៥ ដល់ទី១៦ ខែវិច្ឆិកា ដឹកនាំកិច្ចប្រជុំកំពូលក្រុមប្រទេស G20
- នៅថ្ងៃទី១៨ ដល់ទី១៩ ខែវិច្ឆិកា ដឹកនាំកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC ដែលត្រូវធ្វើឡើងក្នុងចុងឆ្នាំ២០២២ ខាងមុខនេះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ ខែឧសភា ថា បើផ្អែកលើការដឹកនាំរបស់លោក ហ៊ុន សែន ដែលជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សសព្វថ្ងៃនេះ មិនត្រូវបានគេអនុញ្ញាតឱ្យធ្វើជាប្រធានដឹកនាំកិច្ចប្រជុំជាមួយឥណ្ឌូនេស៊ី និងប្រទេសថៃ នោះទេ ប៉ុន្តែដោយសារតែកម្ពុជាជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះប៉ុណ្ណោះ។
លោក ម៉ែន ណាត អះអាងថា ប្រសិនបើកម្ពុជាមិនមែនជាប្រធានអាស៊ានទេ សូម្បីរំឭកឈ្មោះកម្ពុជាក៏គេមិនរំឭកផង ព្រោះថាប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ មានជំហរ និងទំនាក់ទំនងល្អជាមួយមហាអំណាចលោកសេរីទៅហើយ ដោយឡែកកម្ពុជាប៉ុណ្ណោះដែលប្រកាន់ទំនាក់ទំនងមិត្តដែកថែបជាមួយមហាអំណាចកុម្មុយនីស្តចិន និងវាយប្រហារប្រទេសលោកសេរីទៅវិញ។
លោកបន្តថា ប្រសិនបើកម្ពុជាចង់ឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ពីកិត្តិយសរបស់ខ្លួនតាមរយៈនៃការដឹកនាំបក្សកាន់អំណាចសព្វថ្ងៃនេះ លោក ហ៊ុន សែន ត្រូវតែកែប្រែរបៀបដឹកនាំរបស់ខ្លួនដោយការបញ្ឈប់នូវការចាប់ខ្លួនសកម្មជនសង្គម សកម្មជននយោបាយ និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញឱ្យស្របតាមរដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងគាំទ្រឥតងាករេអំពីអាស៊ានជាស្នូល និងជាបេះដូងនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕