40.3 C
Phnom Penh

អឺរ៉ុប​ព្រមាន​ដក​EBA​បន្ថែម បើ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅ​មិន​ដូច​អ្វី​ដែល​ពួកគេ​ចង់​បាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សភា​អឺរ៉ុប ព្រមាន​កម្ពុជា​ថា បើ​ការ​បោះឆ្នោត​ទាំង​ថ្នាក់​ក្រោម​ជាតិ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅពេល​ខាងមុខ មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ គណៈកម្មការ​អឺរ៉ុប​នឹង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​បន្ថែម​ទៀត។

ការ​ព្រមាន​របស់​គណៈកម្មការ​អឺរ៉ុប ធ្វើឡើង​តាមរយៈ​ញត្តិ​មួយ​របស់​សភា​អឺរ៉ុប នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា នេះ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​តំណាងរាស្ត្រ​សភា​អឺរ៉ុប ចំនួន ៥២៦​នាក់​លើ ៥៩៤​នាក់។

បើ​តាម​ខ្លឹមសារ​ញត្តិ​ចុះ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ សភា​អឺរ៉ុប​បាន​ជំរុញ​ឱ្យ​សមាជិក​របស់​ខ្លួន​ដែល​មាន​ចំនួន ២៧​ប្រទេស​ធ្វើការ​តាមដាន​មើល​ការ​បោះឆ្នោត​ថ្នាក់​ឃុំ-សង្កាត់​នៅ​ក្នុង​ខែ​មិថុនា ក៏ដូចជា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ឱ្យ​បាន​ដិតដល់​បំផុត។

បើ​តាម​សភា​អឺរ៉ុប បញ្ជាក់​ថា ប្រសិនបើ​ការ​បោះឆ្នោត​នេះ​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ នោះ​សភា​អឺរ៉ុប​ស្នើ​ឱ្យ​គណៈកម្មការ​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​មក​លើ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការ​ព្យួរ EBA បន្ថែម​ទៀត​ពី​លើ​ការ​ព្យួរ EBA ចំនួន ២០% កាលពី​លើក​មុន។

ការ​ស្នើ​ឱ្យ​សមាជិក​តាមដាន​នេះ ដើម្បី​ធ្វើ​សូចនាករ​មួយ​សម្រាប់​វាស់វែង​ពី​ដំណើរការ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

សភា​អឺរ៉ុប បាន​អំពាវនាវ​ផង​ដែរ​ឱ្យ​សហភាព​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ​តាមដាន​ឱ្យ​ដិតដល់ និង​វាយតម្លៃ​ពី​ឥទ្ធិពល​នៃ​ការ​ព្យួរ EBA ២០% កន្លងមក​ជាមួយ​នឹង​ការ​ដាក់​សម្ពាធ​លើ​តួនាទី​របស់​កម្ពុជា ជា​ប្រធាន​អាស៊ាន ដើម្បី​ការពារ​សកម្មជន​នយោបាយ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ក្នុង​ការ​តស៊ូ​របស់​ពួកគេ។

ការ​អំពាវនាវ​របស់​សភា​អឺរ៉ុប ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​អង្គុយ​លើ​កៅអី​ជា​ប្រធាន​អាស៊ាន ខណៈ​កន្លងមក សភា​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្ត្រី​កម្ពុជា​ដែល​បាន​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ការ​ហាមប្រាម​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស និង​ការ​បង្កក​ទ្រព្យសម្បត្តិ។

កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) ឱ្យ​ដឹង​ថា លំហ​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ទៅ និង​កំពុង​ដើរ​ថយក្រោយ ដោយសារតែ​ការ​គ្រប់គ្រង​បែប​ឯក​បក្ស។

កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្រុមប្រឹក្សា​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ចំនួន ៩​រូប​ដឹកនាំ​ដោយ​លោក ឌិត មុន្ទី បាន​ចេញ​សាលដីកា​ជា​ប្រវត្តិសាស្ត្រ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅតាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ដោយ​ចោទប្រកាន់​ថា​គណបក្ស​នេះ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

តាមរយៈ​សាលដីកា​របស់​តុលាការ​កំពូល ក៏​បាន​សម្រេច​ព្យួរ​សិទ្ធិ​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៨​នាក់ ក្នុង​ម្នាក់ៗ​ចំនួន ៥​ឆ្នាំ ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ចាត់ចែង​បែងចែក​អាសនៈ​សភា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៥៥ និង​អាសនៈ​ឃុំ-សង្កាត់​ចំនួន ៥០០៧ ទៅ​ឱ្យ​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត។

ក្រោយពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មក សហភាព​អឺរ៉ុប បាន​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ ខណៈ​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ក្នុង​ការ​បន្ត ឬ​មិន​បន្ត​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដល់​កម្ពុជា​វិញ​នៅឡើយ​ទេ ស្រប​ពេល​ដែល​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ក៏​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០២១ ឬ H.R 4686» ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស