ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា រំពឹងថាប្រទេសកម្ពុជាមានសង្ឃឹមច្រើនក្នុងការទទួលបានអត្រាពន្ធគយទាបពីសហរដ្ឋអាមេរិក ដែលនឹងនាំឱ្យកម្ពុជាទទួលបានការវិនិយោគកាន់តែច្រើនទៅថ្ងៃមុខ ជាពិសេសកម្ពុជានឹងនៅតែអាចទទួលបានការវិនិយោគពីប្រទេសចិន បន្តទៀត។
សារព័ត៌មានថ្មីៗបានសម្ភាសប្រធានសភាពាណិជ្ជកម្មអាមេរិក លោក Casey Barnett ក្នុងកម្មវិធីទស្សនវិស័យធុរកិច្ច និងកិច្ចពិភាក្សារបស់ Amcham Cambodia នៅថ្ងៃទី៣១ ខែកក្កដា នេះថា ប្រទេសចិន បានរងអត្រាពន្ធពីអាមេរិកចាប់ពី ៣៥% រហូតដល់ ៥០% នាពេលនេះ ដូច្នេះបើកម្ពុជា ទទួលបានអត្រាពន្ធទាបជាង នោះការវិនិយោគពីប្រទេសចិន នឹងចូលមកកម្ពុជាជាមិនខាន។
លោក Casey Barnett លើកឡើងថា បើកម្ពុជាទទួលបានអត្រាពន្ធពីអាមេរិកត្រឹមតែ ២៥% ឬទាបជាងនេះ ការវិនិយោគពីប្រទេសចិន នឹងកាន់តែកើនឡើង ដែលនឹងនាំឱ្យសេដ្ឋកិច្ចរបស់កម្ពុជាក៏កាន់តែស្ទុះឡើងជាងមុនដែរ។ ផ្ទុយទៅវិញ បើកម្ពុជាទទួលបានអត្រាពន្ធលើសពី ២៥% នោះគឺជាការលំបាកសម្រាប់កម្ពុជាហើយ។
លោកបន្តថា ក្នុងអត្រាពន្ធចាប់ពី ២៥% ឡើងទៅ អ្នកវិនិយោគនឹងងាកទៅមើលប្រទេសឥណ្ឌូនេស៊ី ឬប្រទេសវៀតណាម ប៉ុន្តែបើអាមេរិកបញ្ចុះពន្ធឱ្យកម្ពុជាដល់ ២០% វិញនោះ គឺរឹតតែល្អសម្រាប់កម្ពុជាកាន់តែខ្លាំងឡើងថែមទៀត។
ប្រធានសភាពាណិជ្ជកម្មអាមេរិករូបនេះ បញ្ជាក់ថា ប្រសិនបើអាមេរិកបញ្ចុះអត្រាពន្ធទាបដល់កម្ពុជា ប្រហែលជាការនាំចូលផលិតផលពីអាមេរិកអាចនឹងមានកម្រិតអត្រាពន្ធសូន្យ ដែលនាំឱ្យពលរដ្ឋកម្ពុជាអាចទិញទំនិញពីអាមេរិកបានល្អ និងមានតម្លៃទាបថែមទៀត។
កាលពីថ្ងៃទី២៨ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរលើបណ្ដាញសង្គម Truth Social ថា លោកបានបញ្ជាឱ្យមន្ត្រីអាមេរិកចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញជាមួយកម្ពុជា និងថៃ បន្ទាប់ពីប្រទេសទាំងពីរបានយល់ព្រមឈប់បាញ់គ្នានៅតាមបន្ទាត់ព្រំដែនដែលមានជម្លោះ។
កាលពីដើមខែកក្កដា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបញ្ចុះពន្ធដល់កម្ពុជា ពី ៤៩% មកនៅត្រឹម ៣៦% ដែលនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា នេះតទៅ។
យ៉ាងណាក៏ដោយ ក្រោយសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា លោក ដូណាល់ ត្រាំ បានសន្យាផ្តល់ការចរចាលើពាណិជ្ជកម្មជាមួយអាមេរិកសម្រាប់ប្រទេសកម្ពុជា និងថៃ ឡើងវិញ បើប្រទេសទាំងពីរអនុវត្តទៅតាមបទឈប់បាញ់ដែលលោកបានស្នើនោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

