41.3 C
Phnom Penh

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ស្នើ​ឲ្យ​លោក ចូ បៃដិន ជួយ​ជំរុញ​លោក ហ៊ុន សែន ដោះលែង​ប្តី​របស់​ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​រុញច្រាន និង​ចាប់​រូបថត រួម​ទាំង​បដា​របស់​ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​ពួកគេ​នាំគ្នា​យក​ញត្តិ​ដាក់​ទៅ​ស្ថានទូត​អាមេរិក ដើម្បី​ស្នើ​ឱ្យ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី​ពួកគេ​ឱ្យ​មាន​សេរីភាព ខណៈ​លោក ហ៊ុន សែន នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ពេល​ខាងមុខ​នេះ។

ការ​ដាក់​ញត្តិ​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) បាន​អញ្ជើញ​លោក ហ៊ុន សែន ឱ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​នៅ​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា។ កិច្ចប្រជុំ​នេះ គឺ​ចំ​ខួប​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​អាស៊ាន-អាមេរិក​ដែរ។

អ្នកស្រី អ៊ុក ចន្ធី ភរិយា​របស់​លោក យឹម សារ៉េត សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ពួកគាត់​ដាក់​ញត្តិ​នៅ​ស្ថានទូត​នេះ ដើម្បី​ស្នើសុំ​លោក ចូ បៃដិន ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​ទម្លាក់​រាល់​បទ​ចោទប្រកាន់ និង​ដោះលែង​ស្វាមី​ពួកគាត់​វិញ អំឡុង​ពេល​លោក ហ៊ុន សែន ទៅ​សហរដ្ឋ​អាមេរិក​នា​ពេល​ខាងមុខ​នេះ។

អ្នកស្រី​ក៏​បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​បាន​រុញច្រាន និង​ចាប់​ទាញ​យក​បដា​ដែល​ពួកគាត់​លើក​បង្ហាញ​ទៅ​ស្ថានទូត​ទាំង​កម្រោល។ លោកស្រី​ចាត់ទុក​សកម្មភាព​របស់​អាជ្ញាធរ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​កម្ពុជា​គ្មាន​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ឡើយ ខណៈ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ត្រូវ​បាន​ជាប់​ពន្ធនាគារ និង​អ្នក​ខ្លះ​រង​បណ្ដឹង​នៅ​តុលាការ​ទាំង​មិន​បាន​ធ្វើ​អ្វី​ខុស​សោះ។

យ៉ាងណាក៏ដោយ ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​ចាត់ទុក​ការ​លើក​បដា​របស់​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ជា​ភរិយា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ថា​បង្ក​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ខណៈ​កន្លងមក​សង្គម​ស៊ីវិល​ហៅ​ការ​រារាំង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​មិន​ឱ្យ​លើក​បដា​ពី​សំណាក់​ក្រុម​សន្តិសុខ ថា​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស និង​នយោបាយ។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​អះអាង​ថា បើសិនជា​រដ្ឋាភិបាល​កម្ពុជា​នៅតែ​មិន​ដោះលែង​ស្វាមី និង​សាច់ញាតិ​របស់​ពួកគេ​ទេ ពួកគេ​នឹង​នាំគ្នា​តវ៉ា​ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ប្រទេស​លោក​សេរី​ផ្សេងៗ​ទៀត​ឱ្យ​ជួយ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​បាន​និង​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ញុះញង់​យោធិន​មិន​ឱ្យ​ស្ដាប់​បញ្ជា និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស