30.8 C
Phnom Penh

សាច់ញាតិ​សមាជិក​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ដោះលែង​សកម្មជន​នយោបាយ​ដោយ​ឈប់​ប្រើ​ប្រព័ន្ធ​តុលាការ​គាបសង្កត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាច់ញាតិ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ជាង ១០​នាក់ អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គាប​សង្កត់​លើ​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​បន្ត​ទៅ​ទៀត ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សាច់ញាតិ​របស់​ពួកគេ បន្ទាប់ពី​អ្នក​ទាំងនោះ​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​តាំងពី​ឆ្នាំ​២០២០ មក ក្រោម​បទ​ចោទ​រួម​គំនិត​ក្បត់ និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។

សាច់ញាតិ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ ១១​នាក់ ប្រមូលផ្ដុំ​គ្នា​ដោយ​សន្តិវិធី​នៅ​ខាងមុខ​ស្ថានទូត​បារាំង ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គាប​សង្កត់​លើ​សកម្មជន​សង្គម និង​នយោបាយ ក្នុង​នោះ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ចំនួន ៣​នាក់ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​មន្ត្រី​ស្ថានទូត​បារាំង ដើម្បី​លើកឡើង​អំពី​ការ​ចង់បាន​របស់​ពួកគេ​អំឡុង​ពេល​តវ៉ា​នោះ។

ក្រុម​សាច់ញាតិ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ឈរ​តវ៉ា​ដោយ​កាន់​បដា​ដែល​សរសេរ​ថា ដោះលែង​អ្នកទោស​នយោបាយ​នៅ​កម្ពុជា បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គាប​សង្កត់​លើ​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ សូម​តុលាការ​ដោះលែង​អ្នកទោស​នយោបាយ ដូចជា លោក ហេង ចន្ទសុទ្ធី ឱ្យ​នៅ​ក្រៅ​ឃុំ និង​មាន​ការ​កាន់​រូបថត​អ្នកទោស​មនសិការ​ផ្សេង​ទៀត ដូចជា​កញ្ញា សេង ចន្ទធារី (សេង ធារី) រួម​ទាំង​អ្នកទោស​នយោបាយ​មួយ​ចំនួន​ទៀត​ផង​ដែរ។

ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ និង​អ្នកទោស​នយោបាយ​នេះ ធ្វើឡើង​ក្នុង​ពេល​ដែល​គេ​មើល​ឃើញ​ថា អ្នកទោស​មនសិការ និង​អ្នកទោស​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​នានា​កន្លង​មក គឺជា​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​ទាំងអស់។

ចាប់តាំងពី​ឆ្នាំ​២០២០ មក សកម្មជន​នយោបាយ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង និង​សកម្មជន​សង្គម ត្រូវ​រាជរដ្ឋាភិបាល​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​ពី​បទ​ក្បត់​ជាតិ​ជុំវិញ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​ពី​បទ​ញុះញង់​បង្ក​ឱ្យ​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ជុំវិញ​ការ​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​នយោបាយ ជាដើម។

ក្រោម​យុទ្ធនាការ​បោស​សម្អាត​ក្រុម​ប្រឆាំង រដ្ឋាភិបាល​បាន​ចាប់​ឃុំ​ខ្លួន​អ្នក​ទាំងនោះ​ជា​បន្តបន្ទាប់ ដែល​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ទាំងនោះ​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់ និង​ចាប់​ដាក់​គុក​រហូត​ដល់​ពេលនេះ ខណៈ​សកម្មជន​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​ខ្លះ​ទៀត ត្រូវ​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ ដោយឡែក​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​ត្រូវ​តុលាការ​កាត់ទោស​ពី​បទ​ក្បត់​ជាតិ និង​សម្រេច​ដាក់​គុក​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ​ថែម​ទៀត។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រទេស​កម្ពុជា​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ខណៈ​មាត្រា​៣១ ស្ដីពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ ចែង​ថា ប្រទេស​កម្ពុជា​ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ជាដើម។

ទោះជា​យ៉ាងណាក៏ដោយ ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ជិត ៤០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​រំលោភ​បំពាន​ច្បាប់ រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​ចោទប្រកាន់ និង​កាត់ទោស​សកម្មជន​នយោបាយ សកម្មជន​សង្គម​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​នា​ពេល​កន្លង​មក។

អ្នក​នាំពាក្យ​អង្គការ​សង្គ្រោះ​កម្ពុជា (Save Cambodia) លោក សោម កុលវឌ្ឍន៍ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា នៅ​ចុង​ខែ​មេសា និង​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ អង្គការ​សហប្រជាជាតិ​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​ការ​អនុវត្ត​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ការ​អនុវត្ត​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ទាំងមូល ដែល​គេ​ហៅ​ថា យន្តការ​ពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៤ (Universal Periodic Review (UPR)) តាម​កំណត់ ៤​ឆ្នាំ​ម្តង ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​ការ​អនុវត្ត​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ Freedom House បាន​ចេញ​សេចក្តី​រាយការណ៍​កាលពី​ឆ្នាំ​២០២២ ថា ប្រព័ន្ធ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់គ្រង​ផ្ដាច់មុខ​ទាំងស្រុង​ទៅ​ហើយ ក្នុង​នោះ គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​គ្រប់ៗ​គ្នា។

សេចក្តី​រាយការណ៍​ស្តីអំពី​នីតិរដ្ឋ​ឆ្នាំ​២០២៣ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​ដាក់​ចំណាត់ថ្នាក់​លេខ​១៤១ លើ​ប្រទេស​កម្ពុជា ក្នុង​ចំណោម​ប្រទេស ១៤២ ដោយសារតែ​គេ​រក​ឃើញ​ពី​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស