36 C
Phnom Penh

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​នយោបាយ និង​អ្នកទោស​មនសិការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ជាច្រើន​នាក់ នាំគ្នា​ហែ​ក្បួន​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​១៧ វិច្ឆិកា នេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នកទោស​នយោបាយ និង​អ្នកទោស​មនសិការ បន្ទាប់ពី​សាច់ញាតិ​របស់​ពួកគេ​ទទួល​រង​នូវ​ការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​នា​ពេល​កន្លង​មក។

ក្រុម​ស្ត្រី​ប្រមាណ​ជា ១០​នាក់ ដែល​សាច់ញាតិ​របស់​ពួកគេ​កំពុង​រង​នូវ​ការ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌ នាំគ្នា​ប្រមូលផ្ដុំ​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​សូគីម៉ិច ក្បែរ​ស្ពាន​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ ដោយ​ដង្ហែ​ជា​ក្បួន​មាន​កាន់​បដា​សរសេរ​ជា​អក្សរ​ថា «ដោះលែង​អ្នកទោស​នយោបាយ និង ដោះលែង​ឪពុក​ខ្ញុំ គាត់​គ្មាន​កំហុស​ទេ»។

ជាង​នេះ​ទៅ​ទៀត ពួកគេ​ក៏​បាន​កាន់​រូបថត​អ្នកទោស​មនសិការ​មួយ​ចំនួន អម​ដោយ​សម្រែក​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នាំគ្នា​ដើរ​ជា​ក្បួន​ពី​ស្ថានីយ​ប្រេងឥន្ធនៈ​សូគីម៉ិច រហូត​ដល់​ផ្សារថ្មី និង​បាន​រំសាយ​ការ​ដង្ហែ​ក្បួន​នេះ​វិញ​នៅ​ម៉ោង​ប្រមាណ​ជា ១០ និង ៣០​នាទី​ព្រឹក ដោយ​មាន​ការ​ឃ្លាំមើល​ពី​សំណាក់​កង​សន្តិសុខ​ប្រមាណ​ជា ២០​នាក់ ប៉ុន្តែ​គ្មាន​ការ​រារាំង ឬ​ប្រទូសរ៉ាយ​ណា​មួយ​ពី​សំណាក់​កង​សន្តិសុខ​ទាំងនោះ​ទេ។

ការ​ចេញ​ដង្ហែ​ក្បួន​នេះ ធ្វើឡើង​បន្ទាប់ពី​សាច់ញាតិ​របស់​ពួកគេ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​កាលពី​ពេល​កន្លង​ទៅ​នេះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ​ថា ក្នុង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ លោក​មិន​មាន​សង្ឃឹម​ថា​ការ​ទាមទារ​របស់​ជនរងគ្រោះ​ទាំងនោះ​នឹង​ទទួល​បាន​ការ​ដោះលែង​ឱ្យ​សាច់ញាតិ​របស់​ពួកគេ​ដែល​បាន​រង​នូវ​ការ​កាត់ទោស​កន្លងមក​នោះ​ទេ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ តែងតែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​លើកស្ទួយ​សិទ្ធិ​សេរីភាព និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ត្បិត​រូបភាព​នៃ​ការ​អនុវត្ត​ច្បាប់ ដូចជា ការ​លើកលែង​ទោស​ដល់​សកម្មជន​នយោបាយ ក៏ដូចជា​សកម្មជន​សង្គម​ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច និង​ការ​បន្ត​អនុវត្ត​ទោស​ទៅ​លើ​សកម្មជន​នយោបាយ ក៏ដូចជា​សកម្មជន​សង្គម​នា​ពេល​កន្លងមក បាន​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​កំពូលៗ​របស់​កម្ពុជា ធ្វើការ​ចរចា​គ្នា​ដើម្បី​ធានា​នូវ​ស្ថានភាព​នយោបាយ​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្លួន​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ ក្នុង​បំណង​លើកស្ទួយ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ អនុវត្ត​សិទ្ធិ​នយោបាយ ស្រប​តាម​សង្គម​ប្រជាធិបតេយ្យ ទៅ​តាម​និន្នាការ​រៀងៗ​ខ្លួន​ដែល​មាន​ច្បាប់​ជា​អ្នក​កំណត់ ជាជាង​ការ​ប្រើ​ហេតុផល​នយោបាយ​រៀងៗ​ខ្លួន​ក្នុង​ការ​កំណត់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន បើក​លំហ​សិទ្ធិ​នយោបាយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ឡើងវិញ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​នានា​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ផង​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ឡើយ។

ដើម្បី​ស្វែងរក​យុត្តិធម៌​ឱ្យ​ស្វាមី​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ក៏​បាន​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ដែរ ដូចជា​ស្ថានទូត​អាមេរិក និង​ស្ថានទូត​បារាំង ជាដើម ប៉ុន្តែ​រហូត​ដល់​ពេលនេះ ពួកគេ​មិន​ទាន់​ទទួល​បាន​ការ​អន្តរាគមន៍​ណា​មួយ​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​សាច់ញាតិ​របស់​ពួកគេ​ដែល​កំពុង​ជាប់​ឃុំ​នៅឡើយ​ទេ។

ស្ត្រី​ថ្ងៃ​សុក្រ គឺជា​ឈ្មោះ​របស់​ក្រុម​ស្ត្រី​មួយ​ក្រុម​ដែល​តែងតែ​នាំគ្នា​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ​សុក្រ​រយៈពេល ៣​ឆ្នាំ​មក​ហើយ ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ពួកគេ​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៣ ទៅ ៧​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់ និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​វិល​ចូល​ប្រទេស​កម្ពុជា​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

ទាក់ទិន​នឹង​បញ្ហា​នេះ សមាជិក​ស្ត្រី​ថ្ងៃ​សុក្រ​ម្នាក់​ឈ្មោះ អ្នកស្រី សោម ចន្ធូ វ័យ ៥៣​ឆ្នាំ បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២២ កន្លងទៅ ដោយសារ​ជំងឺ​លើស​សម្ពាធ​ឈាម និង​ទឹកនោម​ផ្អែម រួម​ទាំង​ជំងឺ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ក្រោយ​ទៅ​សួរ​សុខទុក្ខ​ស្វាមី​របស់​អ្នកស្រី គឺ​លោក សុខ ចិន្តា ដែល​បាន​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ បាន​ប្រហែល​មួយ​សប្តាហ៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស