29 C
Phnom Penh

ជំនួប​លោក កឹម សុខា និង​លោក ហ៊ុន សែន ជា​សញ្ញា​វិជ្ជមាន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជាង ៤​ម៉ោង​អំពី​បញ្ហា​វិបត្តិ​ជាប់​គាំង​នយោបាយ និង​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ឱកាស​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ហ៊ុន ណេង ដែល​ជា​បងប្រុស​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ត្រូវ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៨ ឧសភា ថា ក្នុង​ឱកាស​ដែល​លោក និង​សហការី​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​បងប្រុស​បង្កើត​ទី​ពីរ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ណេង នៅ​ក្នុង​ខេត្ត​កំពង់ចាម លោក​បាន​ពិភាក្សា​យ៉ាង​ច្រើន​អំពី​វិបត្តិ​ជាប់​គាំង​នយោបាយ និង​សុខទុក្ខ​របស់​ពលរដ្ឋ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។

កាលពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​នយោបាយ លោក កឹម សុខា បាន​ដឹកនាំ​សហការី​របស់​លោក​ជាច្រើន​រូប ដូចជា​អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក យឹម ស៊ីណន និង​អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា ជាដើម ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​បងប្រុស​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ខេត្ត​កំពង់ចាម។

ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​សរសេរ​រៀបរាប់​ពី​អនុស្សាវរីយ៍ និង​ភាព​ជូរចត់​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៨ ឧសភា ថា បងប្រុស​របស់​លោក​បាន​បែក​ពី​លោក​ជា​រៀង​រហូត​ដែល​មិន​អាច​ជួប​គ្នា​វិញ​បាន សូម្បី​ពាក្យ​លា​គ្នា​មួយ​ម៉ាត់​នៅ​ដង្ហើម​ចុងក្រោយ ក៏​លោក​មិន​បាន​និយាយ​ទៅកាន់​បងប្រុស​របស់​លោក​ដែរ។

ជុំវិញ​មរណភាព​របស់​លោក ហ៊ុន ណេង នេះ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​ភរិយា បាន​បង្ហាញ​ពី​សេចក្តី​សោកស្តាយ​យ៉ាង​ក្រៃលែង និង​បាន​សម្ដែង​នូវ​ការ​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ធំធេង​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ។

ជុំវិញ​ការ​ពិភាក្សា​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នេះ ត្រូវ​បាន​សកម្មជន​នយោបាយ អ្នក​សារព័ត៌មាន និង​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម បង្ហាញ​ទស្សនៈ​វិជ្ជមាន​ខ្លះ និង​អវិជ្ជមាន​ខ្លះ​រៀងៗ​ខ្លួន។

កាលពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២២ អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ជំនួប​រវាង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក្នុង​ឱកាស​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ហ៊ុន ណេង នៅ​ខេត្ត​កំពង់ចាម តាម​ដង​ទន្លេមេគង្គ​នេះ គឺ​ពិតជា​បង្ហាញ​ពី​ភាព​ត្រជាក់ត្រជុំ​ដល់​ប្រជាជាតិ​ខ្មែរ​ពិតប្រាកដ​មែន។

លោក សយ សុភាព លើកឡើង​ថា នៅ​ពេល​ដែល​មេដឹកនាំ​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ខ្មែរ​ពិតជា​ឆ្លាត និង​ពូកែ​ក្នុង​ការ​គេច​ផុត​ពី​ការ​ឈ្លានពាន​របស់​បរទេស​ជិត​ឆ្ងាយ ហើយ​ខ្មែរ​នឹង​ស្គាល់​តែ​ភាព​រុងរឿង​ចម្រុង​ចម្រើន​ដែល​ធ្វើ​ឱ្យ​ខ្មែរ​កាន់តែ​ខ្លាំង ខ្មែរ​ចេះ​សាមគ្គី​ចាប់ពី​ពេលនេះ​តទៅ។

ដោយឡែក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៨ ឧសភា ដែរ​ថា ជំនួប​រយៈពេល ៤​ម៉ោង​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​កិច្ច​សន្ទនា​មួយ​ដែល​បង្ហាញ​ពី​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ឈាន​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ ដើម្បី​ប្រយោជន៍​ជាតិ​ខ្មែរ​ទាំងមូល។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​របួស​ស្នាម​បែកបាក់ និង​ជំនឿ​ជឿជាក់​គ្នា គឺជា​សណ្ដាប់ធ្នាប់​នយោបាយ​មួយ​ដែល​ជា​ផលប្រយោជន៍​ជាតិ និង​ប្រជារាស្ត្រ​ទៅ​ថ្ងៃ​អនាគត។ ដូច្នេះ ដំណោះស្រាយ​ចំពោះ​មុខ​ដែល​អាច​ធ្វើ​ទៅ​បាន គឺ​ខ្មែរ​គ្រប់​និន្នាការ​អាច​និយាយ​គ្នា​បាន ដើម្បី​រក​ដំណោះស្រាយ​ជូន​ជាតិ និង​ពង្រឹង​នូវ​ស្មារតី​សាមគ្គី​ជាតិ​និយម ជាជាង​ពង្រីក​ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ។

ចំណែក​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ឧសភា ថា ការ​ទៅ​ចូលរួម​បុណ្យ​សព​របស់​លោក កឹម សុខា គឺជា​កាយវិការ​ល្អ ប៉ុន្តែ​ការ​ជួប​មេដឹកនាំ​បក្ស​កាន់​អំណាច​ក្នុង​ពិធី​នោះ លោក​ហាក់​ពុំ​ទាន់​មាន​ការ​ជឿជាក់​ថា នឹង​មាន​ភ្លើង​ខៀវ​ក្នុង​ការ​ចរចា​នយោបាយ​ដើម្បី​ដោះស្រាយ​វិបត្តិ​ជាប់​គាំង​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ទេ ព្រោះ​លោក កឹម សុខា ធ្លាប់​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បុណ្យ​សព​ម្តាយក្មេក​របស់​គាត់​ម្តង​រួច​មក​ហើយ​កាលពី​អំឡុង​ឆ្នាំ​២០២០ ប៉ុន្តែ​បញ្ហា​គឺ​នៅ​ជាប់​គាំង​ដដែល។

លោក មឿន តុលា បញ្ជាក់​ថា មេដឹកនាំ​បក្ស​ប្រឆាំង​នៅតែ​ជា​ការ​គំរាម​កំហែង​ដល់​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ដដែល ជាពិសេស​គំរាម​កំហែង​ធ្ងន់ធ្ងរ​បំផុត​ដល់​អ្នក​បន្ត​វេន​របស់​គណបក្ស​កាន់​អំណាច ប៉ុន្តែ​ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ វិល​ទៅ​រក​ការ​ចរចា​នយោបាយ​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​ផល​ចំណេញ នោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ប្រាកដជា​អាច​ដោះស្រាយ​បាន​ជាមិនខាន។

ចំណែក​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ឧសភា ដែរ​ថា ការ​ជួប​ជជែក​ពិភាក្សា​រវាង​លោក កឹម សុខា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​បង្ហាញ​ពី​ភាតរភាព​រវាង​ខ្មែរ និង​ខ្មែរ ក្នុង​នាម​មេដឹកនាំ​នយោបាយ​ជាតិ​ដែល​ត្រូវ​សហការ​គ្នា​ដើម្បី​ប្រយោជន៍​របស់​កម្ពុជា។

លោក ម៉ែន ណាត លើកឡើង​ថា លោក ហ៊ុន សែន ក៏​ចង់​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ដែរ ប៉ុន្តែ​អ្វី​ដែល​គាត់​បារម្ភ​នោះ គឺ​គាត់​នៅ​មិនទាន់​ទុកចិត្ត​បាន​ថា លោក កឹម សុខា នឹង​មិន​ទៅ​សហការ​គ្នា​ជាមួយ​លោក សម រង្ស៊ី បន្ត​ទៀត​នោះ​ទេ។ ទន្ទឹម​នេះ គាត់​ក៏​បារម្ភ​ពី​ប្រជាប្រិយភាព​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​អាច​នឹង​គំរាម​កំហែង​ដល់​អ្នក​បន្ត​វេន​របស់​បក្ស​កាន់​អំណាច​ផង​ដែរ។

លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជាង ៤​ឆ្នាំ​មក​ហើយ គិត​ពី​ថ្ងៃ​ដែល​សមត្ថកិច្ច​ឆ្មក់​ចូល​ចាប់​ខ្លួន​លោក​ទាំង​កណ្ដាល​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ថា «គប់គិត​ជាមួយ​សហរដ្ឋ​អាមេរិក​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល» ខណៈ​គណបក្ស​នេះ​មាន​សំឡេង​ឆ្នោត​គាំទ្រ​ប្រហាក់ប្រហែល​បក្ស​កាន់​អំណាច​ដែរ​នោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស