35 C
Phnom Penh

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ឃុំ-សង្កាត់​ដោយ​កុំ​បារម្ភ​ពី​ការ​គំរាមកំហែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​ប្រើ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ដោយ​កុំ​ព្រួយបារម្ភ​អំពី​ការ​គំរាមកំហែង ខណៈ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ស្នើ​ឱ្យ​មាន​ការ​រៀបចំ​វេទិកា​សម្រាប់​តំណាង​គណបក្ស​នយោបាយ​ដេញដោល​មតិ​ជុំវិញ​គោល​នយោបាយ​អភិវឌ្ឍន៍​ឃុំ-សង្កាត់​នៅ​ចំពោះ​មុខ​ម្ចាស់​ឆ្នោត។

ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហមុនី ចុះ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១០ ឧសភា នេះ អំពាវនាវ​ដល់​ជន​រួម​ជាតិ និង​អ្នក​បោះឆ្នោត​ទាំងអស់​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឱ្យ​បាន​គ្រប់ៗ​គ្នា។

ព្រះរាជសារ​ដដែល​បន្ត​ថា ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ គឺជា​ការ​បោះឆ្នោត​ជាទូទៅ ជា​សកល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុ​បក្ស ដូច្នេះ​សុំ​កុំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ពី​ការ​គាបសង្កត់ ការ​គំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឱ្យ​សោះ។

ព្រះរាជសារ​ព្រះមហាក្សត្រ ក៏​បាន​លើក​ទឹកចិត្ត​ដល់​អ្នក​បោះឆ្នោត ប្រើ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​បោះឆ្នោត​តាម​សតិសម្បជញ្ញៈ​របស់​ខ្លួន​ម្នាក់ៗ ដែល​មាន​ទំនុក​ចិត្ត​ទៅលើ​បេក្ខជន ឬ​គណបក្ស​នយោបាយ​ណា​មួយ​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២២ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រចាំ​ខេត្ត​កណ្តាល បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ព្រែកស្ដី ស្រុក​កោះធំ ខេត្ត​កណ្តាល ស្នើសុំ​ឱ្យ​មាន​ការ​រៀបចំ​វេទិកា​ពិភាក្សា​ដេញដោល​មតិ​រវាង​បេក្ខជន​មេឃុំ ចៅសង្កាត់ ដែល​ជា​តំណាង​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត ដោយ​បើក​ឱ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​សួរ​ដេញដោល​លើ​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ឃុំ-សង្កាត់​របស់​ពួកគេ។

ប្រភព​ដដែល​លើកឡើង​ថា ការ​រៀបចំ​វេទិកា​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​បាន​ដឹង​ច្បាស់​ពី​គោល​នយោបាយ និង​គោលជំហរ​របស់​គណបក្ស​នយោបាយ​នីមួយៗ ហើយ​គណបក្ស​នយោបាយ​ទាំងនោះ​ក៏​នឹង​ដឹង​កាន់​តែ​ច្រើន​បន្ថែម​ទៀត​អំពី​បញ្ហា​នៅ​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​កំពុងតែ​កើតមាន។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បញ្ជាក់​ថា ការ​សិក្សា​ឈ្វេងយល់​គ្នា​ទៅវិញ​ទៅមក​តាមរយៈ​នៃ​វេទិកា​នេះ នឹង​ធ្វើ​ឱ្យ​មន្ត្រី​ដែល​ជាប់​ឆ្នោត​អាច​សហការ​ជាមួយ​ពលរដ្ឋ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ភូមិ-ឃុំ​កាន់​តែ​មាន​ប្រសិទ្ធភាព ដែល​អាច​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ទទួល​បាន​ទាំង​ប្រយោជន៍​បច្ចុប្បន្ន និង​ប្រយោជន៍​សម្រាប់​កូនចៅ​ទៅ​ថ្ងៃ​អនាគត។

ការ​ស្នើ​ឱ្យ​មាន​វេទិកា​ដេញដោល​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ កាន់តែ​ខិត​ជិត​មក​ដល់​នា​ពេល​ខាងមុខ​នេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១០ ឧសភា ថា លោក​ពិតជា​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​គណៈកម្មាធិការ​បោះឆ្នោត​ឃុំ​ព្រែកស្ដី បាន​បដិសេធ​សំណើ​នេះ ក្រោម​ហេតុផល​ថា គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា ក្រុម​ការងារ​គណបក្ស​របស់​លោក​នឹង​បន្ត​ស្នើ​ទៅ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត និង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​បន្ត​ទៀត ដើម្បី​ជំរុញ​ឱ្យ​មាន​វេទិកា​ដេញដោល​មតិ​រវាង​ម្ចាស់​ឆ្នោត និង​បេក្ខជន​មេឃុំ ចៅសង្កាត់​នេះ​ឡើង។

ជុំវិញ​ការ​បោះឆ្នោត​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​រៀបចំ​ឧក្រិដ្ឋកម្ម​បោះឆ្នោត​មួយ​ដើម្បី​បន្លំ​ភ្នែក​អន្តរជាតិ និង​ពលរដ្ឋ​ម្ចាស់​ប្រទេស ហើយ​ក៏​កំពុង​បន្ត​ឧក្រិដ្ឋកម្ម​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្ងន់ធ្ងរ​ផង​ដែរ បន្ទាប់ពី​បក្ស​កាន់​អំណាច​បាន​រំលោភ​ច្បាប់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​អាណត្តិ​កន្លងទៅ។ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ត្រូវតែ​នាំគ្នា​ងើប​ឡើង​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើងវិញ។

កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ដោយ​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ជា​កំណត់ ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​ត្រូវ​គេ​រិះគន់​ថា​គ្រាន់តែ​ជា​ដំណើរការ​បង្គ្រប់​កិច្ច​ឱ្យ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស