40.6 C
Phnom Penh

សហភាព​អឺរ៉ុប​ជំរុញ​ឱ្យ​កម្ពុជា​ផ្តល់​ដំណោះស្រាយ​បន្ទាន់​លើ​សំណុំរឿង​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​សហភាព​អឺរ៉ុប ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ដំណោះស្រាយ​បន្ទាន់​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ធានា​ឱ្យ​បាន​នូវ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ តាមរយៈ​នៃ​ការ​បើក​ឱ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​ដែល​មាន​តម្លៃ​ផ្លូវច្បាប់​ពេញលេញ។

អនុប្រធាន​សហភាព​អឺរ៉ុប ដែល​តំណាង​ឱ្យ​រដ្ឋ​សមាជិក​ទាំង ២៧​រដ្ឋ​ក្នុង​សហគមន៍​អឺរ៉ុប លោក ចូសឹប បូរ៉ែល (Josep Borrell) បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ដេញដោល​របស់​សភា​អឺរ៉ុប កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា សហភាព​អឺរ៉ុប​បាន​បើក​ចំហ​ក្នុង​ការ​ចូលរួម​ឡើងវិញ​របស់​កម្ពុជា​លើ​ការ​ពិភាក្សា​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ប្រសិនបើ​មាន​ការ​កែលំអ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ច្រើន​ឡើង​លើ​បញ្ហា​នៃ​លំហ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

តំណាង​សហភាព​អឺរ៉ុប លើកឡើង​ថា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ រដ្ឋាភិបាល​ខ្មែរ​គួរ​តែ​ចាត់​វិធានការ​ជាបន្ទាន់​ក្នុង​ការ​បើក​លំហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា និង​អនុញ្ញាត​ឱ្យ​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​មួយ​ដែល​អាច​ជឿ​ទុកចិត្ត​បាន ជាពិសេស​កម្ពុជា​គួរតែ​ផ្តល់​ដំណោះស្រាយ​ជាបន្ទាន់​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​បាន​ចោទប្រកាន់​ទាំង​អយុត្តិធម៌​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

អនុប្រធាន​សហភាព​អឺរ៉ុប លោក ចូសឹប បូរ៉ែល បញ្ជាក់​ថា ចាប់តាំងពី​រដ្ឋាភិបាល​កម្ពុជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ សហភាព​អឺរ៉ុប​បាន​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​យ៉ាង​យកចិត្ត​ទុកដាក់ រួម​មាន​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​កម្ពុជា ជាដើម ដើម្បី​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​បើក​ឡើងវិញ​នូវ​លំហ​សេរីភាព​នយោបាយ និង​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១១ ឧសភា នេះ​ថា ការ​លើកឡើង​របស់​អនុប្រធាន​សហភាព​អឺរ៉ុប បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​តស៊ូ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា មាន​តម្លៃ​លើស​អ្នក​នយោបាយ​ណាៗ​ទាំងអស់​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ។

លោក ម៉ែន ណាត អះអាង​ថា ខ្លឹមសារ​នៃ​សុន្ទរកថា​ដដែល​នោះ​ក៏​មាន​ន័យ​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា សហភាព​អឺរ៉ុប​បាន​ច្រានចោល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ នេះ​រួច​ទៅ​ហើយ ដូច្នេះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ ពួកគេ​នឹង​មិន​ទទួលស្គាល់​នោះ​ទេ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​នេះ​គ្រាន់តែ​ជា​ការ​រៀបចំ​ផែនការ​ដើម្បី​ប្លន់​តាមរយៈ​នៃ​ការ​រៀបចំ​គ្រប់​បែប​យ៉ាង​របស់​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា អាណត្តិ​កន្លងទៅ គណបក្ស​កាន់​អំណាច​មាន​លទ្ធភាព​ត្រឹមតែ​លួច​សន្លឹកឆ្នោត​ប៉ុណ្ណោះ ប៉ុន្តែ​អាណត្តិ​ទី​៥ នេះ បក្ស​កាន់​អំណាច​បាន​គ្រប់គ្រង និង​រៀបចំ​ដំណើរការ​ទាំងស្រុង​តាមរយៈ គ.ជ.ប ដែល​មាន​សមាសភាព​មក​ពី​បក្ស​កាន់​អំណាច​ទាំងអស់ ខណៈ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ពលរដ្ឋ​គាំទ្រ​ជិត​កន្លះ​ប្រទេស នៅតែ​ត្រូវ​បាន​បិទ​សិទ្ធិ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នេះ​ដដែល។

កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ តុលាការ​កំពូល​កម្ពុជា​បាន​ចេញ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាម​ប្រសាសន៍​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន។

ជុំវិញ​ការ​ចោទប្រកាន់​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ដាក់​កម្លាំង​ចូល​ចាប់​ខ្លួន​ដល់​គេហដ្ឋាន​ទាំង​កណ្តាល​យប់​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ អស់​រយៈពេល​មួយ​ឆ្នាំ និង​បន្ត​រឹតត្បិត​សេរីភាព​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​កម្ពុជា​រហូត​ដល់​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អះអាង​កាលពី​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០២២ ថា បណ្តា​តំណាង​អង្គទូត​ដែល​ជា​មិត្ត​របស់​កម្ពុជា នៅតែ​ចាត់ទុក​លោក​ថា​ជា​តួអង្គ​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​អាច​ចូលរួម​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ​បាន ដោយ​មាន​ការ​សាទរ​ពី​សហគមន៍​អន្តរជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស