31 C
Phnom Penh

សភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា ៤០​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាម​សំណើ​របស់​លោក​ប្រធានាធិបតី ចូ បៃដិន ដែល​សុំ​ថវិកា ៣៣​ពាន់​លាន​ដុល្លារ គឺ​ទីបំផុត​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​លើសលប់ គឺ​បង្កើន​ដល់​ទៅ ៤០​ពាន់​លាន​ដុល្លារ​អាមេរិក។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters សមាជិក​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​លើ​គម្រោង​កញ្ចប់​ថវិកា​នេះ​កាលពី​ថ្ងៃ​ទី​១០ ឧសភា គឺ​ពីរ​សប្ដាហ៍​បន្ទាប់ពី​លោក​ប្រធានាធិបតី ចូ បៃដិន បាន​បញ្ជូន​សំណើ​របស់​សេតវិមាន​ចូល​មក​ក្នុង​សភា​នូវ​ទំហំ​សាច់ប្រាក់​ត្រឹម ៣៣​ពាន់​លាន​ដុល្លារ។

សំឡេង​ឆ្នោត គឺ ៣៦៨​សំឡេង​គាំទ្រ និង ៥៧​សំឡេង​ជំទាស់។ គម្រោង​ស្នើ​ថវិកា នឹង​បញ្ជូន​ទៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​១១ ឧសភា នេះ។ Rosa DeLauro ប្រធាន​គណៈកម្មាធិការ​វាយតម្លៃ​នៃ​សភា​អាមេរិក បាន​ថ្លែង​ថា កញ្ចប់​ថវិកា​នេះ​សំដៅ​ការពារ​សេរីភាព និង​ប្រជាធិបតេយ្យ និង​សន្តិសុខ​ជាតិ​នៃ​ប្រទេស​អ៊ុយក្រែន តែ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​អំពើ​ឈ្លានពាន​របស់​រុស្ស៊ី។

ក្នុង​ទំហំ​ថវិកា​សរុប​នេះ គឺ ៦​ពាន់​លាន​ដុល្លារ​ជួយ​ប្រទេស​អ៊ុយក្រែន ក្នុង​វិស័យ​ការពារ​ជាតិ​ក្នុង​ស្ថានការណ៍​សឹក​ដែល​អ៊ុយក្រែន​ធ្លាក់​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​កងទ័ព​រុស្ស៊ី។ ថវិកា ៨៧០០​លាន​ដុល្លារ គឺ​សំដៅ​ការ​បង្កើន​ការ​ផលិត​អាវុធ​របស់​អាមេរិក ហើយ​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន។ ថវិកា ៣៩០០​លាន​ដុល្លារ សម្រាប់​ជួយ​ទៅ​បណ្ដា​ប្រទេស​ក្នុង​បញ្ជាការ​កណ្ដាល​នៃ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប។ ថវិកា ១១​ពាន់​លាន​ដុល្លារ សម្រាប់​កញ្ចប់​ថវិកា​ជំនួយ​ផ្សេងៗ​ទៀត ដែល​ថវិកា​នេះ លោក បៃដិន បាន​ស្នើសុំ​ត្រឹម ៥​ពាន់​លាន​ដុល្លារ។ ជំនួយ​នេះ​សំដៅ​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ស្បៀងអាហារ​ដែល​កើតឡើង​ដោយសារ​ការ​ប៉ះពាល់​នៃ​សង្គ្រាម។ កញ្ចប់​ថវិកា ៤០​ពាន់​លាន​ដុល្លារ​នេះ នឹង​ធ្វើ​ឱ្យ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​អ៊ុយក្រែន កើន​ដល់​ជិត ៥៤​ពាន់​លាន​ដុល្លារ។

នៅ​មុន​ការ​បោះឆ្នោត​របស់​សមាជិក​សភា លោក​ប្រធានាធិបតី បៃដិន បាន​និយាយ​ថា រដ្ឋបាល​របស់​លោក​ជិត​អស់​ប្រាក់​ហើយ​ដើម្បី​បញ្ជូន​អាវុធ និង​ឧបករណ៍​យោធា​ផ្សេងៗ​ទៀត​ពី​ឃ្លាំង​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទៅ​ឱ្យ​អ៊ុយក្រែន។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken និង​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Lloyd Austin បាន​អំពាវនាវ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ទៅកាន់​សមាជិក​សភា​អាមេរិក ដោយ​បាន​ជំរុញ​សមាជិក​សភា​ឱ្យ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​មុន​ថ្ងៃ​ទី​១៩ ខែ​ឧសភា ដែល​មន្ត្រី​ជាន់ខ្ពស់​សេតវិមាន​ទាំង​ពីរ​រូប​នេះ​បញ្ជាក់​ថា អាវុធ​ដែល​នៅ​សេសសល់​នឹង​អស់​ពី​ឃ្លាំង​ឆាប់ៗ​នេះ។

មេដឹកនាំ​សំឡេង​ភាគតិច​នៃ​ព្រឹទ្ធសភា គឺ​លោក Mitch McConnell បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ថា សំណើ​នេះ​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​យ៉ាង​លឿន ដែល​លោក​ថា​សំណើ​នេះ​នឹង​ទទួល​បាន​ការ​អនុម័ត​យ៉ាង​ឆាប់​រហ័ស​ពី​សមាជិក​ព្រឹទ្ធសភា។

សេចក្តី​ស្នើ​ថវិកា​នេះ នឹង​ផ្តល់​សិទ្ធិ​អំណាច​ដល់​លោក បៃដិន ក្នុង​ការ​ពន្លឿន​ការ​ដឹកជញ្ជូន​សព្វាវុធ និង​ភស្តុភារ​ទៅ​ឱ្យ​អ៊ុយក្រែន នៅ​ក្រោម​កម្មវិធី​មួយ​ដែល​មាន​លំនាំ​តាម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក ជួយ​ដល់​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប ដែល​បាន​ធ្លាក់​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ សំដៅ​ទប់ទល់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​ណាហ្ស៊ី​អាល្លឺម៉ង់​នៅ​គ្រា​នោះ។

កញ្ចប់​ថវិកា​នេះ នឹង​ក្លាយ​ជា​វិធាន​ថ្មី​ផ្តល់​ឱ្យ​មេដឹកនាំ​អាមេរិក​នូវ​អំណាច​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ព្រមព្រៀង​ឆាប់​រហ័ស​ជាមួយ​នឹង​ប្រទេស​សម្ព័ន្ធមិត្ត​នានា​នៅ​ទ្វីប​អឺរ៉ុប ក្នុង​ការ​ដឹកជញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន។

សភា​អាមេរិក​ដែល​បាន​អនុម័ត​ក្នុង​សំឡេង​ដ៏​ច្រើន​លើសលប់​នូវ​សេចក្តី​ស្នើ​ថវិកា​របស់​រដ្ឋការ​លោក បៃដិន គឺជា​ការ​បង្ហាញ​ថែម​ទៀត​នូវ​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី។

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​ថ្លែង​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា ប្រវត្តិសាស្ត្រ​នឹង​ធ្វើ​ឱ្យ​រុស្ស៊ី​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ខណៈ​លោក​ទទូច​ថា អឺរ៉ុប​ត្រូវតែ​ពិចារណា​អំពី​ផលវិបាក​ធ្ងន់ធ្ងរ​ដែល​រុស្ស៊ី​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​បង្កើត​ភ្លក់​ភ្លើង​សង្គ្រាម​ដ៏​ព្រៃផ្សៃ​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

លោក Zelenskyy ព្រមាន​ថា បើ​មិន​អាច​ទប់ស្កាត់​ចលនា​របស់​រុស្ស៊ី​បាន​ទេ​នោះ គឺ​សង្គ្រាម​អាច​នឹង​រីក​រាលដាល​ដល់​ប្រទេស​ផ្សេងៗ​ទៀត​នៅ​អឺរ៉ុប។ ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក និង​បស្ចិម​ប្រទេស​ទៅ​លើ​របប​ក្រុង​មូស្គូ ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​នេះ​ធ្លាក់​ចុះ​ជា​ខ្លាំង។

សហភាព​អឺរ៉ុប ២៧​ប្រទេស កំពុង​ស្វែងរក​មតិ​រួម​គ្នា ដើម្បី​បន្ថែម​ទណ្ឌកម្ម​មួយ​ដំណាក់កាល​ទៀត គឺ​ការ​បិទ​ការ​នាំ​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី ដែល​សេដ្ឋកិច្ច​រុស្ស៊ី​មាន​សន្ទុះ​ខ្លាំង​ដោយសារ​នាំ​ឧស្ម័ន​ចូល​ទីផ្សារ​អឺរ៉ុប។ យ៉ាងណា ដំណឹង​ពី​ប្រទេស​អ៊ុយក្រែន វិញ​បាន​ឱ្យ​ដឹង​ថា បំពង់​បង្ហូរ​ប្រេង​របស់​រុស្ស៊ី​ដែល​ឆ្លងកាត់​ប្រទេស​អ៊ុយក្រែន​មក​កាន់​អឺរ៉ុប ត្រូវ​បាន​អ៊ុយក្រែន​បិទ​អស់​ហើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស