29 C
Phnom Penh

លោក ហ៊ុន សែន ថា​កម្ពុជា​ចង់​ធ្វើ​មិត្ត​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​រួម​ទាំង​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​ចង់​ធ្វើ​មិត្ត​គ្រប់​បណ្តា​ប្រទេស​ទាំងអស់ រួម​ទាំង​អាមេរិក​ផង​ដែរ ព្រោះ​កម្ពុជា​ប្រកាន់​ជំហរ​នយោបាយ​អព្យាក្រឹត​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​បន្ទាប់ពី​ជំនួប​ជាមួយ​អតីត​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក ដូណាល់ អឹម បេនតុន (Donald M. Benton) កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ថា កម្ពុជា​ចង់​ធ្វើ​មិត្ត​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​រួម​ទាំង​អាមេរិក​ផង​ដែរ ក្នុង​នោះ​តាមរយៈ​ទំនាក់ទំនង​ល្អ​ប្រសើរ​រវាង​កម្ពុជា និង​អាមេរិក បាន​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​មាន​កំណើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់។

អតីត​មេ​កម្មាភិបាល​ក្នុង​របប​វាល​ពិឃាត លោក ហ៊ុន សែន អះអាង​ថា តាមរយៈ​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​អស់​រយៈពេល ៧២​ឆ្នាំ​កន្លង​មក​នេះ បាន​ឈាន​ដល់​កម្រិត​មួយ​ដែល​ល្អ​ប្រសើរ​មិន​ធ្លាប់​មាន​ពី​មុន​មក​រវាង​ប្រទេស​ទាំង​ពីរ។ បើ​គិត​មក​ទល់​នឹង​ពេលនេះ ខណៈ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-អាមេរិក ទើប​តែ​មាន​រយៈពេល ៤៥​ឆ្នាំ​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​នៅ​ពេល​ដែល​លោក ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​អតីត​សមាជិក​សភា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ពេល​ដែល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អាមេរិក​នៅ​ពេលនេះ។ ក្នុង​អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​នៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ជួប​ជាមួយ​អតីត​សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក ដូណាល់ អឹម បេនតុន (Donald M. Benton) កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ (ថ្ងៃ​ទី​១១ ឧសភា)។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ជួប​ជាមួយ​សមាជិក​សភា​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក អ្នកស្រី ថាមមី ដាកវើក ផង​ដែរ ដោយ​លោក​បាន​អះអាង​ថា លោក​ចង់​ឱ្យ​មាន​ការ​កែលំអ​ចំណុច​ខ្វែង​គំនិត​គ្នា ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​កម្ពុជា-អាមេរិក​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត។

ក្នុង​ដំណើរ​ទស្សនកិច្ច​មក​ចូលរួម​ធ្វើជា​សហប្រធាន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ឧសភា នេះ ពិត​មែន​តែ​លោក ហ៊ុន សែន បាន​ជួប​ជាមួយ​សមាជិក​សភា និង​អតីត​សមាជិក​សភា​អាមេរិក ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​រៀបចំ​ឲ្យ​មាន​ជំនួប​ទ្វេភាគី​ណា​មួយ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នោះ​ទេ​ក្នុង​នាម​លោក​ជា​សហប្រធាន​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​នេះ។

យ៉ាងណា​ក៏ដោយ ទំនាក់ទំនង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុងតែ​ស្ថិត​ក្នុង​ភាព​រកាំរកូស​យ៉ាង​ខ្លាំង​ទាំង​នយោបាយ​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​នានា ក្នុង​នោះ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​ចោទ​សហរដ្ឋ​អាមេរិក​ថា​ជា​ប្រទេស​មហាអំណាច​ដែល​ប្រើប្រាស់​ល្បិចកល​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា តាមរយៈ​នៃ​ការ​អនុវត្ត​ស្តង់ដារ​ពីរ​អំពី​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១២ ឧសភា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន អំពី​ការ​ដឹកនាំ​នយោបាយ​អព្យាក្រឹត​តាម​រដ្ឋធម្មនុញ្ញ​នេះ គឺ​គ្រាន់តែ​ជា​ការ​ត្អូញត្អែរ​ផង និង​ដោះសា​ចំពោះ​អាមេរិក​ផង​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា ការ​ត្អូញត្អែរ​នេះ គឺ​លោក ហ៊ុន សែន ចង់​រក​យោបល់​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ចេតនា​ឲ្យ​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​អាមេរិក ដើម្បី​សង្គ្រោះ​មុខមាត់​របស់​គាត់​ដែល​កំពុង​បាក់​ស្រុត​ខ្លាំង​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​ធ្វើជា​សហប្រធាន​ក្នុង​កិច្ចប្រជុំ​អាស៊ាន-អាមេរិក ដែល​លោក ចូ បៃដិន មិន​បាន​ផ្ដល់​កិត្តិយស​ទទួល​ជា​ភ្ញៀវ​ជជែក​ការងារ​ទ្វេភាគី​នៅ​ពេលនេះ។

លោក គឹម សុខ លើកឡើង​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ ក៏​ជា​ការ​ដោះសា​ផង​ដែរ​ចំពោះ​សហរដ្ឋ​អាមេរិក ព្រោះ​ថា​បើ​លោក ហ៊ុន សែន ពិតជា​ចង់​រក្សា​អព្យាក្រឹត និង​ចង់​ស្ដារ​ទំនាក់ទំនង​ជាមួយ​អាមេរិក​មែន​នោះ មិនមែន​លោក ហ៊ុន សែន នៅតែ​រក្សា​ជំហរ​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​សំណុំរឿង​ប្រតិដ្ឋ​ក្បត់​ជាតិ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នោះ​ទេ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​លោក ហ៊ុន សែន មិន​ព្រម​ទម្លាក់​ចោល​រឿងក្ដី​ក្ដាំ​ក្បត់​ជាតិ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​បាន​ចោទ​ភ្ជាប់​នឹង​រដ្ឋាភិបាល​អាមេរិក ហើយ​លោក ហ៊ុន សែន បែរជា​ប្រកាស​បង្ហាញ​ជំហរ​យ៉ាង​ជ្រៅ​ជាមួយ​ចិន​គ្រប់​ជ្រុងជ្រោយ​នា​ពេល​កន្លងមក​នោះ គឺ​អាច​បញ្ជក់​បាន​ថា ការ​ចង់​ធ្វើជា​មិត្ត​របស់​សហរដ្ឋ​អាមេរិក​គ្រាន់តែ​ជា​ការ​ដោះសា​ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦ ស្ដីពី​អនាគត​របស់​អាស៊ី លោក ហ៊ុន សែន អះអាង​ថា បើ​មិន​ឲ្យ​លោក​ទៅ​ពឹង​ចិន តើ​ឱ្យ​លោក​ទៅ​ពឹង​អ្នក​ណា។ ក្នុង​ន័យ​នេះ ទំនង​ជា​លោក ហ៊ុន សែន ចង់​សំដៅ​ថា គ្មាន​មិត្ត​បរទេស​ណា​ដែល​កម្ពុជា​អាច​ពឹង​បាន​នោះ​ឡើយ​ក្រៅតែ​ពី​មិត្ត​ដែកថែប​ចិន៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស