27 C
Phnom Penh

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​មិន​បាន​លើកឡើង​ពី​ទំនាក់ទំនង​កម្ពុជា-អាមេរិក​បន្ទាប់ពី​មក​ដល់​កម្ពុជា​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន មិន​បាន​លើកឡើង​អំពី​ទំនាក់ទំនង​រវាង​កម្ពុជា-អាមេរិក ថា​បាន​ដើរ​ដល់​កម្រិត​ណា​នោះ​ទេ ក្រោយពី​បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ទៅ​ជាន់​ទឹកដី​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក រយៈពេល​ពីរ​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា កន្លងទៅ​នេះ។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា លោក​និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​វិញ​ហើយ នៅ​យប់​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ប្រកប​ដោយ​លទ្ធផល​ជោគជ័យ​រយៈពេល​ពីរ​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ​ថ្មីៗ​នេះ។

លោក ហ៊ុន សែន បាន​អះអាង​ថា ជា​លទ្ធផល​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ ថ្នាក់​ដឹកនាំ​អាស៊ាន និង​សហរដ្ឋ​អាមេរិក​បាន​ជួប​ពិភាក្សា​ការងារ​ជាច្រើន​ក្នុង​ការ​ពង្រឹង និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក ដូច​កាល​មុន​កិច្ចប្រជុំ​នោះ​ឡើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នេះ ថ្នាក់​ដឹកនាំ​អាស៊ាន និង​អាមេរិក​បាន​ជជែក​ពិភាក្សា​ស្ដីពី​បញ្ហា​វិធានការ​អាកាសធាតុ បញ្ហា​ថាមពល​ស្អាត ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​ចីរភាព ការពិភាក្សា​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ និង​ការ​នាំ​ភាព​ជា​ដៃគូ​អាស៊ាន-សហរដ្ឋ​អាមេរិក​ទៅ​កាន់​កម្រិត​មួយ​ទៀត​ដែល​ជា​ប្រធានបទ​ដ៏​សំខាន់​នៃ​កិច្ចប្រជុំ​កំពូល​នេះ។

កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ។

មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​មួយ​ថ្ងៃ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា បាន​អះអាង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នឹង​ពង្រឹង​ទំនាក់ទំនង​អាមេរិក និង​អាស៊ាន​ឱ្យ​កាន់តែ​ខ្លាំង​មួយ​កម្រិត​ទៀត ជាពិសេស​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ។

មុន​នឹង​ឈាន​ដល់​ថ្ងៃ​ចូលរួម​ប្រជុំ លោក ហ៊ុន សែន មាន​កម្មវិធី​ជួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ផង​ដែរ ប៉ុន្តែ​តាំង​ពី​មុន​ចាប់ផ្តើម​កិច្ចប្រជុំ​រហូត​កិច្ចប្រជុំ​ត្រូវ​បាន​បញ្ចប់ និង​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ លោក ហ៊ុន សែន មិន​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឱ្យ​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ជុំវិញ​ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក​នោះ​ទេ។

យ៉ាងណា​ក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន បាន​រង​នូវ​ភាព​អាម៉ាស់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​នេះ ព្រោះ​ថា​អាមេរិក​មិន​បាន​ផ្តល់​តម្លៃ​ឱ្យ​កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន​ប្តូរ​វេន ឬ​តួនាទី​ជា​សហប្រធាន​ក្នុង​កិច្ចប្រជុំ​នេះ​ឡើយ ត្បិត​អាមេរិក​ឱ្យ​តម្លៃ​តែ​ទៅលើ​អាស៊ាន​ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បញ្ជាក់​យ៉ាង​ច្បាស់​ថា វត្ថុបំណង​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក គឺ​សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​សម្រេច​របស់​អាស៊ាន ហើយ​អាមេរិក​នឹង​គាំទ្រ​ឥត​ងាករេ​អំពី​អាស៊ាន​ជា​ស្នូល និង​ជា​បេះដូង​នៃ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស