ក្រុមអ្នកតស៊ូមតិខ្មែរនៅក្រៅស្រុក ថាគណបក្សភ្លើងទៀនដែលគេសង្ស័យថាមានលោក សម រង្ស៊ី នៅពីក្រោយ កំពុងជួយបំភ្លឺអំណាចលោក ហ៊ុន សែន ដោយឥតលក្ខខណ្ឌ បន្ទាប់ពីប្រកាសចូលរួមបោះឆ្នោតដែលរៀបចំឡើងដោយបក្សកាន់អំណាចក្នុងឆ្នាំ២០២២។
អ្នកវិភាគនយោបាយ សង្គម និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៩ ឧសភា នេះថា គណបក្ស សម រង្ស៊ី ដែលមិនទាន់ប្តូរឈ្មោះមកជាគណបក្សភ្លើងទៀន ធ្លាប់ជាគណបក្សទីមួយក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបានលើកអំណាចជូនលោក ហ៊ុន សែន តាមរយៈនៃការកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០ភាគរយបូក១ កាលពីឆ្នាំ២០០៦ កន្លងទៅ។
លោក គឹម សុខ បារម្ភថា បច្ចុប្បន្ននេះ គណបក្សភ្លើងទៀនកំពុងបន្តស្មារតីរបស់គណបក្ស សម រង្ស៊ី ដោយស្ម័គ្រចិត្តជួយជ្រោមជ្រែងអំណាចលោក ហ៊ុន សែន តាមរយៈនៃការកំដរឧក្រិដ្ឋកម្មបោះឆ្នោតឆ្នាំ២០២២ នេះ ដូច្នេះវាសនាអាក្រក់របស់កម្ពុជា គឺពិតជាពិបាកប៉ាន់ស្មានណាស់ ថាតើនឹងរអិលធ្លាក់ជ្រោះដល់កម្រិតណាទៅថ្ងៃអនាគត។
លោក គឹម សុខ លើកឡើងថា នៅពេលនេះគណបក្សភ្លើងទៀនស្ម័គ្រចូលខ្លួនលម្អអំណាចលោក ហ៊ុន សែន ដោយគ្មានលក្ខខណ្ឌបន្តទៀត បន្ទាប់ពីប្រកាសចូលរួមឧក្រិដ្ឋកម្មបោះឆ្នោតដែលរៀបចំឡើងដោយបក្សកាន់អំណាចក្នុងឆ្នាំ២០២២ នេះ។
ប្រធានវេទិកាពលរដ្ឋរូបនេះអះអាងថា ក្រោយវៀតណាមលើកបន្តុបជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបញ្ចេញស្នាដៃអនុវត្តផែនការ «ក៥» របស់វៀតណាមយ៉ាងម៉ឺងម៉ាត់ ក្នុងនោះយុវជនខ្មែរបានស្លាប់បាត់បង់ជីវិតដោយសារផែនការនេះអស់ជាង ២០ម៉ឺននាក់។
លោកបន្ថែមថា បន្ទាប់ពីគណបក្ស សម រង្ស៊ី ជួយបង្គ្រប់សំឡេងក្នុងរដ្ឋសភាកាលពីឆ្នាំ២០០៦ ដើម្បីកែប្រែរូបមន្តបង្កើតរដ្ឋាភិបាលពី ២ភាគ៣ មកជា ៥០ភាគរយបូក១ លោក ហ៊ុន សែន បានសម្រុកអនុវត្តនយោបាយបំផ្លាញអធិបតេយ្យជាតិតាមរយៈនៃការបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសម្លាប់ប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់កម្ពុជា ដែលនាំឲ្យលោក ហ៊ុន សែន អាចដឹកនាំកម្ពុជាដោយឯកបក្សដូចសព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា ការចូលរួមការបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺដើម្បីពង្រឹងប្រជាធិបតេយ្យ និងលើកស្ទួយគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញផងដែរ។
កាលពីចុងខែកក្កដា ឆ្នាំ២០១៧ គណបក្ស សម រង្ស៊ី ដែលជាសហស្ថាបនិកក្នុងការបង្កើតគណបក្សសង្គ្រោះជាតិ ជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បានប្តូរឈ្មោះរបស់ខ្លួនមកជាគណបក្សភ្លើងទៀនជំនួសវិញ និងសម្រេចចិត្តបែកចេញពីគណបក្សសិទ្ធិមនុស្ស មកចូលរួមការបោះឆ្នោតជាមួយបក្សកាន់អំណាចកាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ។
ទោះជាបែបនេះក្តី ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ គឺជាការបោះឆ្នោតមួយដែលរៀបចំឡើងដោយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ ដូច្នេះការបោះឆ្នោតនេះនឹងមិនធានាបាននូវឯករាជភាព តម្លាភាព និងយុត្តិធម៌នោះឡើយ ព្រោះជាការបោះឆ្នោតដែលបង្គ្រប់កិច្ចឲ្យបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ៕